ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ៊ុន សែន​បង្ហាញ​មោទនភាព​ដែល​អ្នក​តវ៉ា​កាន់​រូបគាត់​និង​ភរិយា


អ្នក​តវ៉ា​ក្នុង​ទំនាស់​ដីធ្លីបូរីកីឡា​កាន់រូបថត​របស់ភរិយា​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន ​សែននៅ​មុខ​សាលាក្រុង​ភ្នំពេញ។
អ្នក​តវ៉ា​ក្នុង​ទំនាស់​ដីធ្លីបូរីកីឡា​កាន់រូបថត​របស់ភរិយា​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន ​សែននៅ​មុខ​សាលាក្រុង​ភ្នំពេញ។

លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ទី ​២៨​ ខែ​កុម្ភៈ ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​ក្នុង​ក្រុង​ភ្នំពេញ​ថា៖

«អ្នក​ណា​ត្រូវ​ការ​តវ៉ា​អី ​ត្រូវ​ការ​លើក​រូប​ថត​ខ្ញុំ ​និង​ប្រពន្ធ​ខ្ញុំ​ជា​និច្ច» ។

​លោក​នាយក​រដ្ឋមន្ដ្រី​បាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ដូច​នេះ​ជា​លើក​ដំបូង​បំផុត​ទៅ​ដល់​ក្រុម​ប្រជា​ពលរដ្ឋ​អ្នក​តវ៉ា​តាមរយៈ​ការ​ប្រើប្រាស់​រូបថត​របស់​លោក​និង​ភរិយា។

ការ​កត់សម្គាល់​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​គឺ​នៅ​ពេល​ដែល​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​បាន​ផុលផុស​ និង​អូស​បន្លាយ ​ហើយ​ជួន​កាល​ក្រុម​អ្នក​តវ៉ា​ទទួលរង​ការ​បង្រា្កប​យ៉ាង​ហិង្សា​ទៀតផង។

ហាក់បី​ដូច​ជា​បង្ហាញ​នូវ​មោទនភាព​មួយ ​លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន ​សែន ​បាន​ប្រៀប​ប្រដូច ​ឧត្តមភាព​របស់​លោក​ទៅ​នឹង​គូប្រជែង​នយោបាយ ​និង​ព្រះមហាក្សត្រ​ ដែល​សោយរាជ្យ​ និង​មិន​កាន់​អំណាច។

«គេ​មិន​ដែល​លើក​រូប​ថត​មេ​បក្ស​ប្រឆាំង​អី​ទេ។ ​ភាគ​ច្រើន​លើក​រូប​ថត​ខ្ញុំ​ នឹង​ប្រពន្ធ​ខ្ញុំ។ ​ឬក៏​អាច​ថែម​រូប​ថត​ព្រះមហាក្សត្រ។ ​ប៉ុន្ដែ​ជាទូទៅ​ឃើញ​តែ​រូប​ថត​តែ​ពីរ​នាក់​ (ខ្ញុំ​ និង​ប្រពន្ធ)។ ​ព្រោះ​គាត់​ត្រូវការ​ទាមទារ​សំណូមពរ​នេះ​ សំណូមពរ​នោះ ​គាត់​លើក​រូបថត​ខ្ញុំ​ នឹង​ប្រពន្ធ​ខ្ញុំ​អញ្ចឹង​ហ្មង»។

យ៉ាងណាក៏ដោយ​លោក​ ហ៊ុន ​សែន ​មិន​បាន​បង្ហាញ​ថា ​តើ​ដំណោះស្រាយ​ចំពោះ​ការ​ទាមទារ​របស់​ក្រុម​ប្រជាពលរដ្ឋ​យ៉ាង​ណា​នោះ​ទេ។

មន្ដ្រី​រដ្ឋាភិបាល ​មន្ដ្រី​សង្គម​ស៊ីវិល​និង​មន្ដ្រី​គណបក្ស​ជំទាស់​ហាក់​ដូច​ជា​មាន​ការ​បកស្រាយ​ស៊ី​សង្វាក់​គ្នា​ទៅ​លើ​ទំនោរ​របស់​ប្រជាពលរដ្ឋ​នេះ។

លោក ​អ៊ូ ​វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បកស្រាយ​ថា​និន្នាការ​របៀប​នេះ​ដោយសារ​តែ​អំណាច​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន ​សែន ​គ្របដណ្ដប់​លើ​ស្ថាប័ន​ផ្សេង​ៗ​ទៀត​ដូច​ជា​ស្ថាប័ន​តុលាការ​ជា​ដើម។

«គេ​យក​រូប​គាត់​ដោយសារ​តែ​គេ​ដឹង​ថា ​គាត់​មាន​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​ទាក់ទង​នឹង​រឿង​នេសាទ​ក៏ដោយ​រឿង​អ្វី​ក៏ដោយ ​ការ​សម្រេចចិត្ត​របស់​គាត់​ គឺ​តុលាការ​ត្រូវ​តែ​ធ្វើ​តាម​តែ​ម្ដង។ ដូច្នេះ​ឥឡូវ​គេ​ មិន​រក​តុលាការ​ទេ ​គឺ​គេ​រក​គាត់​វិញ»។

របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បង្ហាញ​ថា​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០១១ ​មាន​ចំនួន​ជាង ​៥០០​ ករណី នៅ​ក្នុង​នោះ​ក្រុម​អាជ្ញាធរ​បង្រ្កាប​ចំនួន ​១៨៦ ​ករណី។

លោក ​នី ​ចរិយា ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការ​អាដហុក​មាន​ប្រសាសន៍​ថា ​ការ​តវ៉ា​ជា​ច្រើន​ទាក់ទង​នឹង​ទំនាស់​ដីធ្លី ​ដី​សម្បទាន​សេដ្ឋកិច្ច ​ហើយ​ដែល​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ការ​បិទផ្លូវ​ទៀតផង​ ដោយសារ​តែ​បញ្ហា​មួយ​ចំនួន ​ក្រុម​ប្រជាពលរដ្ឋ​ត្រូវ​រង់ចាំ​ដំណោះស្រាយ​យ៉ាង​រ៉ាំរ៉ៃ។

លោក ​នី ​ចរិយា ​មាន​ប្រសាសន៍​ដូច​គ្នា​ទៅ​នឹង​លោក​ អ៊ូ ​វីរៈ ​ថា ​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ប្រើប្រាស់​រូប​ថត​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន ​សែន ​ដោយសារ​ការ​រំពឹង​ពី​ឥទ្ធិពល​នៃ​អំណាច​របស់​លោក។

ដោយឡែក ​លោក ​ប៉ុល ​ហំម ​អ្នក​នាំពាក្យ​គណបក្ស​ជំទាស់​សិទ្ធិមនុស្ស​យល់​ឃើញ​ដូច​គ្នា​នេះ​ដែរ។

«កិច្ចការ​ហ្នឹង ​គ្រាន់​តែ​បញ្ជាក់​ឲ្យ​ឃើញ​ថា ​ស្រុក​ខ្មែរ​យើង​ អំណាច​ហ្នឹង​នៅ​លើ​ដៃ​បុគ្គល​ហ្នឹង​ច្រើន​ជាង​នៅ​លើ​ស្ថាប័ន​រដ្ឋ។ ​ពិនិត្យ​មើល​ទៅ ​ចំណាត់​ការ​យ៉ាង​ណា​ក៏​ដោយ​ បើ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​មិន​សូវ​ស្រែក​ទៅ​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ។ ​ហើយ​ប្រសិទ្ធភាព​ហ្នឹង​ទៅ​បើ​តាម​ការ​មើល​ឃើញ​របស់​ខ្ញុំ ​វា​មាន​តែ​រយៈពេល​ខ្លី​នោះ​ទេ ​គ្មាន​ជា​និរន្តរភាព​នោះ​ទេ»។

ការ​ប្រើប្រាស់​រូប​ថត​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន ​សែន ​និង​ភរិយា​របស់​លោក ​រួមទាំង​ព្រះឆាយាលក្ខណ៍​របស់​ព្រះមហាក្សត្រ​នៅ​ក្នុង​ចំណោម​អ្នក​តវ៉ា ​ត្រូវ​គេ​សម្គាល់​ប្រៀបដូច​ជា​ការ​ប្រើ​យ័ន្ត​ការពារ​ខ្លួន​ ទល់​នឹង​ការ​បង្រ្កាប​ដោយ​ហិង្សា​ជា​យថាហេតុ​ណាមួយ ​ពី​ក្រុម​អាជ្ញាធរ​ ឬ​ម្យ៉ាងទៀត​ អាច​ជា​រលក​បញ្ជូន​សារ​ជា​ប្រយោល​សំដៅ​ទៅ​រក​អន្ដរាគម៍​ ឬ​ការ​ឈឺឆ្អាល​ពី​ប្រមុខ​ដឹកនាំ​រដ្ឋ ​នៅ​ក្នុង​ខណៈពេល​ ដែល​ក្រុម​អ្នក​តវ៉ា​សំឡឹង​ឃើញ​ថា​យន្ដការ​នៃ​ដំណោះស្រាយ​ជាក់លាក់​សម្រាប់​ពួក​គាត់ ​ប្រកប​ទៅ​ដោយ​ក្ដី​អស់​សង្ឃឹម​ឬ​ជួនកាល​ដំណោះ​ស្រាយ​ពុំ​មាន​យុត្តិធម៌។

លោក ​នី ​ចរិយា ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​លើក​ឡើង​ថា ​ការ​និយម​របស់​ប្រជា​ពលរដ្ឋ​មាន​ប្រសិទ្ធភាព​តែ​ពី​ដំបូង​ទី​តែ​ប៉ុណ្ណោះ​ថ្វី​បើ​ក្រុម​ប្រជាពលរដ្ឋ​បាន​ព្យាយាម​ស្វែងរក​ដំណោះ​ដោយ​ផ្ទាល់​ទៅ​កាន់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ដ្រី​ក៏​ដោយ។

«ប៉ុន្តែ​និន្នាការ​ហ្នឹង​ដល់​ពេល​ក្រោយៗ​មក ​ដូច​ជា​មិនសូវ​មាន​ការ​ខ្លាច​រអែង​ ឃើញ​តែ​មាន​ការ​បង្រ្កាប​ដោយ​ទាំង​រូប​ថត ​ដោយ​ទាំង​អី​ទៀត។ ​ជា​បញ្ហា​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង​ច្រើនតែ​ធ្វើ​តាម​បញ្ជា​បង្រ្កាប​ឬ​ក៏​ទប់​ស្កាត់​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ហ្នឹង​ទៅ។ ​ប្រជាជន​ដែល​តវ៉ា​ហ្នឹង​សុទ្ធ​តែ​បាន​ដាក់​ជូន​ទៅ​ខុទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី។ ​ពេល​ខ្លះ​បី​ដង ​បួន​ដង​ក៏​មាន​ដែរ។​ ប៉ុន្តែ​មិន​ដែល​ឃើញ​មាន​ដំណោះស្រាយ​ណាមួយ ​ជា​វិជ្ជមាន​មក​ប្រជា​ពលរដ្ឋ​វិញ​ទេ»។

អ្នកស្រី​ជុំ ​ង៉ាន់ ​គឺ​ជា​អ្នក​តវ៉ា​យ៉ាង​ស្វិតស្វាញ​ម្នាក់​នៅ​ក្នុង​សហគមន៍​បុរីកីឡា។​ សហគមន៍​បុរី​កីឡា​ដោយ​ទទួលរង​នូវ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​ក្នុង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ។ ​គាត់​គឺ​ជា​អ្នក​កាន់​រូប​ថត​របស់​លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន ​សែន ​ហើយ​គាត់​ក៏​ត្រូវ​ក្រុម​សមត្ថកិច្ច​វាយសំពង​ជា​ច្រើន​ផង​ដែរ។

«ខ្ញុំ​នឹក​ឃើញ​ថា ​បើ​កាល​ណា​មាន​រូប​សម្តេច​ទៅ​មិន​អាច​គេ​ធ្វើ​បាប​អី។ ​ប៉ុន្តែ​ការណ៍​ពិត​ទៅ ​បើ​ទោះបី​ជា​ស្តេច​នៅ​ពី​មុខ​គេ​នៅ​តែ​វាយ​ខ្ញុំ​អញ្ចឹង។ ​ចំក្បាល ​ចំ​សៀត​ផ្កា​ ចំ​ឆ្អឹង​ជំនី​ហើយ​ឲ្យ​ធ្លាក់​ពី​ដៃ​ខ្ញុំ​អីញ្ចឹង​ទៅ ​ដល់​ពេល​ហ្នឹង​ទៅ ​គេ​ជាន់​បន្ថែម​ពី​លើ​ទៀត។​ ហើយ​អ្នក​កាន់​រូប​ថត​ហ្នឹង ​ត្រូវ​ច្រើន​ជាង​គេ។​ បើ​រូប​ ប៊ុនរ៉ានី ​នៅ​ខាង​ក្រោម​ម្នាក់​ឯង​ ដែល​ថា​ស្គម​នៅ​តែ​ឆ្អឹង​ហ្នឹង ​គាត់​ខាង​ក្រោម​ទ្រូង​ហ្នឹង។​ គេ​វាយ​ឡើង​ចេញ​ឈាមក្បាល ​ដេរ​បួន​ថ្នេរ។ ​ប៉ូលិស​វាយ​នៅ​ថ្ងៃ​១ ​មករា»។

លោក ​ផៃ ​ស៊ីផាន​ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ បាន​បង្ហាញ​ជំហរ​ផ្ទាល់​ខ្លួន​ថា ​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​គោរព​លើឥស្សរភាព​នៃ​ប្រមុខ​ដឹកនាំ​តាមរយៈ​ការ​ប្រើប្រាស់​រូប​ថត​នេះ​បាន​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការ​តវ៉ា​របស់​ពួកគាត់​រីករាល​ដាល​ទៅ​ជា​ធ្ងន់ធ្ងរ។

លោក ​ផៃ ​ស៊ីផាន ​បាន​ទទួល​ស្គាល់​ដោយ​ឥត​លាក់លៀម​ថា ​នេះ​ពិត​ជា​កំហុស​របស់​ក្រុម​អាជ្ញាធរ។

«ខ្ញុំ​ឃើញ​ថា​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​គាត់​លើក​រូប​សម្តេច ​ឬ ​រូប​លោក​ជំទាវ​ ដើម្បី​បង្ហាញ​ភាពស្មោះត្រង់​របស់​ប្រជាពលរដ្ឋ ​នៅ​តែ​មាន​ដដែល។ ​ដោយសារ​មន្ត្រី ​ឬ ​ក្រុម​អាជ្ញាធរ​ ឬ​ អ្នក​ដទៃ​ទៀត​ហ្នឹង ​មិន​ស្តាប់​គាត់ ​យក​ចិត្ត​ទុកដាក់​គាត់ ​មិន​គោរព​គាត់។ ​ អា​បញ្ហា​ដូច្នេះ​ហើយ​ បាន​ជា​គាត់​លើក​រូប​ហ្នឹង​មក។ ​អាហ្នឹង​គឺ​ជា​កំហុស​ឆ្គង ​ឬ ​ភាព​អសកម្ម ​នៃ​មន្ត្រី​ ឬក៏ ​អ្នក​ដទៃទៀត​ ដែល​ធ្វើ​ឲ្យ​មាន​រឿង​ហ្នឹង​កើត​ឡើង»។

លោក​ អ៊ូ ​វីរៈ ​នាយក​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ព្រមាន​ថា ​កាលណា​ការ​តវ៉ា​របៀប​នេះ​បន្ដ​មាន​តទៅ​ទៀត​គឺ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ សម្រាប់​រដ្ឋាភិបាល​ពី​អស្ថិរភាព​របស់​សង្គម​ដោយសារ​តែ​ប្រជា​ពលរដ្ឋ​ពុំមាន​លំនឹង​ផ្លូវ​ចិត្ត​និ​ងក្ដី​អស់​សង្ឃឹម​ហើយ​បាត់បង់​ជំនឿ​លើ​ដំណោះសា្រយ​របស់​ស្ថាប័ន​រដ្ឋ​ និង​របស់​នាយក​រដ្ឋមន្ដ្រី​ហើយ​ការ​ប្រមូលផ្ដុំ​តវ៉ា​ច្រើន​គឺ​នឹង​ប៉ះពាល់​ដល់​ប្រជាប្រិយ៍ភាព​ និង​ការគាំទ្រ​របស់​គណបក្ស​កាន់​អំណាច​ដោយសារ​អ្នក​ដែល​ទទួល​រងផលប៉ះពាល់​នៃ​សង្គម​ហើយ​ធ្វើ​ការ​តវ៉ា​មួយ​ចំនួន​គឺ​ជា​មន្ដ្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​តែ​ម្ដង។

យ៉ាងណា​ក៏ដោយ​ ផៃ ​ស៊ីផាន ​បញ្ជាក់​ថា ​មាន​យន្ដការ​សម្រាប់​បញ្ជូន​ព័ត៌មាន​នៃ​ការ​តវ៉ា​ទាំង​នោះ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន ​សែន៕

XS
SM
MD
LG