ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន ​សែន​ បង្គាប់​ឲ្យ​​ក្រសួង​មហាផ្ទៃ ​និងអង្គការ​ក្រៅ​រដ្ឋាភិបាល​បន្ត​ពិភាក្សា​សេចក្ដីព្រាង​ច្បាប់អង្គការ


នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ លោក ​ហ៊ុន ​សែន
នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ លោក ​ហ៊ុន ​សែន

នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ លោក ​ហ៊ុន ​សែន ​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​បង្គាប់​ឲ្យ​ក្រសួង​មហា​ផ្ទៃ ​និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ បន្ត​ពិភាក្សា​គ្នា​ត​ទៅ​ទៀត​ដើម្បី​កសាង​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឲ្យ​បាន​ល្អ​បំផុត​មួយ។​

សេចក្ដីថ្លែង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សម្ពាធ​កាន់​តែ​កើន​ឡើង​ពី​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្ដរជាតិ​ និង​ប្រតិកម្ម​ពី​ប្រទេស​ម្ចាស់​ជំនួយ​មួយ​ចំនួន​លើ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ។​

លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​មាន​ប្រសាសន៍​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ គួរ​ត្រូវ​តែ​មាន​ការ​ពិភាក្សា​គ្នា​បន្ដ​ទៀត ​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ការពារ​ផល​ប្រយោជន៍​សង្គម​ស៊ីវិល​ឲ្យ​បាន​សមស្រប។​

«ឥឡូវ ​បើ​មិន​ទាន់​ឯកភាព​គ្នា​ទេ ​បន្ត​ពិភាក្សា​គ្នា​ទៅ។ ​២០១២​មិន​ទាន់​ឯកភាព​គ្នា​ទេ​ ចាំ​២០១៣​ទៅ។ ​បើ​២០១៣ ​មិន​ឯកភាព​គ្នា​ទេ ​ចាំ​២០១៤​ទៅ​ ក៏វា​មិន​ទាន់​ងាប់​ដែរ»។​

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លង​ទៅ ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន​១១ ​ក្នុង​នោះ​មាន​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​អង្គការ​ Freedom House ​និង​អង្គការ​ Global Witness​ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ផ្តល់​ជំនួយដាក់​ការ​គាប​សង្កត់​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​កែ​សម្រួល​ ឬ​បោះបង់​ចោល​សេចក្តី​ព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​ក្រុម​ខ្លួន​យល់​ថា ​គឺ​ជា​ច្បាប់​ដែល​រឹតត្បិត​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ និង​រឹតបន្តឹង​តាម​អំពើ​ចិត្ត​លើ​សេរីភាព​នៃ​ការ​ធ្វើ​សកម្មភាព​របស់​អង្គការ​សហគមន៍​មូលដ្ឋាន​ ការ​បិទ​អង្គការ​ ឬ​ការ​បដិសេធ​ការ​ចុះបញ្ជី​អង្គការ។

លោក​ហ៊ុន ​សែន​បាន​ជំទាស់​ទៅ​នឹង​ចេតនា​ចង់​ឲ្យ​មាន​ការ​បោះបង់​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ ដោយ​ចាត់​ទុក​ថា​ នោះ​គឺ​ជា​ការ​ចង់​បាន​ «ជ្រុល​ហួស» ​និង​គឺជា​ការ​ដើរ​បញ្ច្រាស​នឹង​ការ​ចែង​របស់​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។ ​ក៏ប៉ុន្ដែ​លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បាន​បើក​ភ្លើង​ខៀវ​សម្រាប់​ការ​ចូលរួម​មតិ​កាន់​តែ​ច្រើន​ពី​ក្រុម​អង្គការ​ និង​សមាគម​នានា។​

«សរសេរ​ច្បាប់​ហ្នឹង​ជួយ​មក​រដ្ឋាភិបាល​វិញ។ ​សរសេរ​ខ្លួន​ឯក​មក​ ឬ​ក៏​សរសេរ​បញ្ជូន​មក។​ ចង់​ធ្វើ​វិសោធនកម្ម​នៅ​មាត្រា​ណា ​រាជរដ្ឋាភិបាល​នឹង​ប្រមូល​យក​នូវ​មតិ​ហ្នឹង»។​

នេះ​គឺ​ជា​ការ​ដក​ថយ​ជា​លើក​ទី​ពីរ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រឈម​នឹង​ប្រតិកម្ម​ជំទាស់​ជា​ខ្លាំង​របស់​ក្រុម​អង្គការ​ជាតិ​ និង​អន្ដរជាតិ​ រួម​ទាំង​ប្រទេស​ផ្ដល់​ជំនួយ​ផង​ដែរ​ ដែល​ប្រឆាំង​ទៅ​នឹង​សេចក្ដី​ព្រាងច្បាប់​ខាង​លើ​នេះ។ ​រដ្ឋាភិបាល​ធ្លាប់​បាន​បង្វិល​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឲ្យ​មក​ពិភាក្សា​ឡើងវិញ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ បន្ទាប់​ពី​សេចក្ដី​ព្រាង​ច្បាប់​នេះត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី​រួច​ទៅ​ហើយ​នោះ។​

លោក​ហ្វ៊ីល ​រ៉ូប៊ើតសុន​ (Phil Robertson) ​នាយក​រង​អង្គការ​Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី ​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា ​ការ​សម្រេច​ចិត្ត​របស់​លោក​នាយករដ្ឋ​មន្ដ្រី​ខ្មែរ​ គឺ​ជា​គំនិត​ដ៏​ល្អ​មួយ។​

«យើង​គិត​ថា​ នេះ​គឺ​ជា​ចម្លើយ​ត្រឹមត្រូវ។ ​យើង​គិត​ថា ​គឺ​ជា​គំនិត​ល្អ​ដែល​ធ្វើ​ឲ្យ​អង្គការ​សង្គមស៊ីវិល​ចូល​រួមចំណែក​ក្នុង​ការ​ពិភាក្សា​សេចក្ដីព្រាង​ច្បាប់​បន្ថែម​ទៀត។ ​ហើយ​យើង​ជឿ​ថា​ ដោយ​មាន​ការ​ពិគ្រោះ​យោបល់​គ្នា​កាន់​តែ​ច្រើន​ យើង​នឹង​បាន​ទទួល​បាន​ច្បាប់​មួយ​ល្អ​ប្រសើរ ​ឬ​ច្បាប់​មួយ​ដែល​ផ្អែក​ទាំងស្រុង​ទៅ​នឹង​ស្តង់ដា​សិទ្ធិ​មនុស្ស​អន្ដរជាតិ»។​

លោក​សុខ ​សំអឿន ​នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ បាន​ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ​ដែរ។​

«ប្រសិន​បាន​អញ្ចឹង​ គឺ​ល្អ​ហើយ។ ​ខ្ញុំ​គាំទ្រ​គំនិត​ហ្នឹង​ ពីព្រោះ​ច្បាប់​ហ្នឹង​ គឺ​យើង​ទទួល​បាន​ទាំង​អស់​គ្នា»។​

លោក​សុខ ​សំអឿន​មាន​ប្រសាសន៍​ថា ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​ត្រូវ​ជួប​ពិភាក្សា​គ្នា​ដើម្បី​ប្រមូល​នូវ​គំនិត​យោបល់​ និង​ជួប​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ក្នុង​ពេល​ខាង​មុខ​នេះ​ទៀត។​

ដំណាល​គ្នា​នេះ ​លោក​សន ​ម៉ាកគិនតូស្ស ​(Sean McIntosh) ​អ្នក​នាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ បាន​ប្រាប់​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​តាម​សារ​អេឡិច​ត្រូនិក​ថា ​រដ្ឋាភិបាល​អាមេរិក​មិន​ប្ដូរ​ជំហរ​ទេ​ចំពោះ​សេចក្ដីព្រាង​ច្បាប់​ស្ដី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ។ ​សហ​រដ្ឋ​អាមេរិក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ​សង្គម​ស៊ីវិល​សម្បូរ​បែប​ ឯករាជ្យ​ និង​រឹងមាំ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​បន្ត​អភិវឌ្ឍរបស់​ប្រទេស​កម្ពុជា។​ ហើយ​សហរដ្ឋ​អាមេរិក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​លើ​ទស្សនៈ​របស់​ប្រទេស​ផ្ដល់​ជំនួយ​និង​សង្គម​ស៊ីវិល៕

XS
SM
MD
LG