នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានបញ្ជាឲ្យក្រុមហ៊ុនចម្ការកៅស៊ូធីធីវ៉ាយ( TTY) បញ្ជូនកងសន្តិសុខពីរនាក់ ដែលបានបាញ់ប្រជាពលរដ្ឋក្នុងរឿងជម្លោះដីធ្លី មកផ្តន្ទាទោសនៅចំពោះមុខច្បាប់។
កងសន្តិសុខក្រុមហ៊ុនចម្ការកៅស៊ូធីធីវ៉ាយ(TTY)ពីរនាក់ ដែលគេស្គាល់ថា ជាក្រុមហ៊ុនរបស់លោកណា ម៉ារ៉ាឌី បានបាញ់ប្រជាពលរដ្ឋបួននាក់ឲ្យរបួស ខណៈដែលពួកគាត់បានប្រមូលផ្តុំគ្នានៅខាងក្រៅក្រុមហ៊ុន TTY ដើម្បីតវ៉ាកុំឲ្យក្រុមហ៊ុនឈូសឆាយដីដាំដំឡូងមីរបស់ពួកគាត់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែមករានេះ។
ក្រុមហ៊ុននេះមានដីសម្បទានដ៏ធំធេងដែលគំរាមកំហែងដល់ដីរបស់ប្រជាពលរដ្ឋប្រមាណ៥០០គ្រួសារ។
តុលាការខេត្តក្រចេះបានចេញដីកាកោះហៅកងសន្តិសុខក្រុមហ៊ុនទាំងពីរនាក់នេះ ដែលត្រូវបានចោទប្រកាន់ពីការបាញ់ប្រជាពលរដ្ឋតវ៉ាកាលពីសបា្តហ៍កន្លងមកនេះ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានថ្លែងនៅក្នុងពិធីសម្ពោធកំណត់ផ្លូវជាតិ៧៦នៅខេត្តមណ្ឌលគីរីថា លោកបានប្តេជ្ញានាំយកជនល្មើសបាញ់ប្រជាពលរដ្ឋឲ្យរបួសនោះមកផ្តន្ទាទោសចំពោះមុខច្បាប់។
«ខ្ញុំថ្កោលទោសអំពើបែបនេះ និងមិនអាចអត់ឱនបានទេ ហើយសុំក្រុមហ៊ុន TTY ជួយបញ្ជូនមនុស្សឲ្យមកអាជ្ញាធរ ដើម្បីស៊ីសងគ្នានៅចំពោះមុខច្បាប់។ បើក្រុមហ៊ុននៅលាក់ បំពួនចំពោះអ្នកធើ្វសកម្មភាព ក្រុមហ៊ុនអាចនឹងទទួលទណ្ឌកម្មថែមទៀត។ និយាយដោយចំៗ ឧកញ៉ាណា ម៉ារ៉ាឌីសុំ បញ្ជូនអ្នកបាញ់ហ្នឹងមកឲ្យអាជ្ញាធរ»។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានលើកឡើងថា ជនល្មើសមិនអាចគេចផុតពីច្បាប់បានទេ។
«ករណីបាញ់ប្រជាពលរដ្ឋនៅស្រុកស្នួល ខ្ញុំដាក់បទបញ្ជាឲ្យលោកស ខេង ដឹកនាំការងារនេះ ចាប់អ្នកបាញ់ឲ្យបាន ហើយអំពាវនាវដល់ជនល្មើសចេញមកសារភាពជាមួយអាជ្ញាធរ និងមិនអាចរួចខ្លួន និងមិនអាចរត់ទៅលាក់ខ្លួននៅកន្លែងណាបានទេ»។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានព្រមានថា កន្លែងណាដែលមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋត្រូវបញ្ឈប់ជាបន្ទាន់។ បើមិនឈប់ទេ ក្រុមហ៊ុនត្រូវទទួលខុសត្រូវ ហើយបើវាមានការចាំបាច់ រដ្ឋាភិបាលនឹងដកដីសម្បទានទាំងអស់ពីក្រុមហ៊ុនណាដែលប្រើហិង្សាចំពោះប្រជាពលរដ្ឋ។
លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទិ្ធមនុស្សលីកាដូ បានថ្លែងថា អង្គការសង្គមស៊ីវិលបានស្វាគមន៍ចំណាត់ការរបស់លោកនាយករដ្ឋមន្រ្តី ប៉ុន្តែសង្ស័យអំពីប្រសិទិ្ធភាពនៃការអនុវត្ត។
«យើងសូមអបអរសាទរចំពោះចំណាត់ការ និងប្រសាសន៍របស់នាយករដ្ឋមន្រ្តីនៅថ្ងៃនេះ។ ប៉ុន្តែយើងឃ្លាំមើលមន្រ្តីថ្នាក់ក្រោមដែលជាអ្នកអនុវត្តហ្នឹង ថាតើគាត់អនុវត្តបានតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីដែរ ឬអត់?»
មន្រ្តីនគរបាល និងក្រុមហ៊ុនបានបញ្ជាក់ថា ពួកគេនឹងអនុវត្តតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី។
ក្រុមហ៊ុនTTY នេះទទួលបានដីសម្បទានប្រមាណ១០០០០ហិចតា ដែលជាតំបន់ព្រៃការពារនៅក្នុងស្រុកស្នួល ខេត្តក្រចេះ។
របាយការណ៍សិក្សារបស់មជ្ឈមណ្ឌមសិទិ្ធមនុស្សកម្ពុជាបានរកឃើញថារវាងពីឆ្នាំ២០០៧ដល់ឆ្នាំ២០១១ ប្រជាពលរដ្ឋជាង៣០០០០គ្រួសារបានទទួលរងផលប៉ះពាល់ដោយសារដីសម្បទានសេដ្ឋកិច្ចនេះ៕