ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន បញ្ជា​ចាប់​ម៉ម សុណង់ដូ

  • ហេង រស្មី

លោក​ម៉ម ​សុណង់ដូ ​នាយក​វិទ្យុ​សំបុកឃ្មុំ ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ នៅ​ថ្ងៃ​អង្គារ៍​នេះ​ បានចេញ​បទ​បញ្ជា​ដោយ​ផ្ទាល់មាត់​ឲ្យ​ចាប់​ខ្លួន​លោក​ម៉ម ​សុណង់ដូ ​នាយក​វិទ្យុ​សំបុកឃ្មុំ ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ​ដោយ​ចោទ​ប្រកាន់​ថា​លោក​ម៉ម ​សុណង់ដូ ​មាន​បំណង​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល។

មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​យុវជន​ស្ម័គ្រចិត្ត​ចូលរួម​វាស់វែង​ដីធ្លី​ប្រមាណ​ជាង​១.០០០​នាក់ ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន ​បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​។ ក៏ប៉ុន្តែ​លោក​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដ៏មាន​ឥទ្ធិពល​បាន​មាន​ប្រសាសន៍​ថា​មេ​ខ្លោង​ដែល​បាន​ដឹង​ខ្លួន​មិន​ហ៊ាន​ចូលស្រុក​ ចាំ​កាត់ទោស​កំបាំង​មុខ​រួច ​សុំធ្វើ​បត្យាប័ន​ជា​ក្រោយ។

«បើ​មិន​ចូល​ស្រុក ​កាត់ទោស​កំបាំងមុខ​ហើយ ​សុំ​ធ្វើ​បត្យាប័ន​។ ​ប៉ុន្តែ​អ្នក​ដែល​កំពុង​លាក់ខ្លួន​ចេញ​មក​ លាក់​នៅ​ក្នុង​ព្រៃ​ក៏​ចេញ ​លាក់​នៅ​ក្នុង​ផ្ទះ​ក៏​ចេញ ​លាក់​នៅ​ក្នុង​ស្ថានទូត​ ឬក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ចេញ​មក​រួច​ខ្លួន»។

កាល​ពី​ពាក់​កណ្តាល ​ខែ​ឧសភា ​រដ្ឋាភិបាល​បាន​ចុះបង្ក្រាប​ដោយ​អំពើ​ហិង្សា​មួយលើ​ប្រជាពលរដ្ឋ​ នៅ​ភូមិ​ប្រម៉ា ​ឃុំ​កំពង់ដំរី​ ស្រុ​កឆ្លូង​ ខេត្ត​ក្រចេះ ​ហើយ​នៅ​ក្នុង​យុទ្ធាការ​នោះ​សមត្ថកិច្ច​បាន​បាញ់​កុមារី ​ឈ្មោះ​ហេង ​ចន្ថា​ អាយុ​១៤​ឆ្នាំ ​ឲ្យ​ស្លាប់​ភ្លាម​ៗ​ នៅ​នឹង​កន្លែង​កើត​ហេតុ។

រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ដែល​ដឹកនាំ​ដោយ​លោក​ប៊ុន រដ្ឋា​ សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក​ម៉ម ​សុណង់ដូ ​ថា​មាន​បំណង​បង្កើត​តំបន់​អបគមន៍​ខុសច្បាប់​ ក្នុង​គោល​បំណង​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល។

មាន​មនុស្ស​យ៉ាង​តិច​ប្រមាណ​ប្រាំពីរ​នាក់​ ត្រូវ​បាន​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ ក្រោយ​ពី​យុទ្ធនាធាការ​បង្រ្កាប​របស់​រដ្ឋាភិបាល​រួច​មក ​និង​មាន​មួយ​ចំនួន​ទៀត​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​បាន​អំពាវនាវ​ដល់​អ្នក​ដែល​កំពុង​បាន​រត់គេចខ្លួន​ចេញ​មក​សារភាព ​ហើយ​រដ្ឋាភិបាល​នឹង​លើក​លែងទោស​។

«អំពាវនាវ​អ្នក​ដែល​មាន​ដីកា​ចាប់​ខ្លួន​នៅ​ឯ​កំពង់ដំរី ​នៅ​សល់​បួន​នាក់​ទៀត​ ដែល​មិន​ទាន់​ចេញ​។​ សូម​អញ្ជើញ​ចេញ ​ព្រោះ​នៅ​ថ្ងៃ​ដែល​ខ្ញុំ​អំពាវនាវ​ឲ្យ​មាន​ការ​ចេញ​មក​ទទួល​ដោយ​រដ្ឋាភិបាល​សម្រាល​នៅ​លើកលែង​ទោស​ជូន​។ ​ប្រែក្លាយ​ពី​ជន​ជាប់​ចោទ ​ទៅ​ជា​សាក្សី»។

លោក​ម៉ម សុណង់ដូ ​នាយក​ស្ថានីយ៍​វិទ្យុ​សំបុកឃ្មុំ ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​បាន​និយាយ​ថា ​សមាគម​របស់​លោក​គ្មាន​បំណង​បង្កើត​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ​។​ លោក​បាន​មាន​ប្រសាសន៍​ថា​លោក​ក៏​មិន​ភ័យខ្លួន​អំពី​ការ​ចាប់ខ្លួន​របស់​រដ្ឋាភិបាល​ដែរ​ ដោយសារ​តែ​លោក​មិន​បាន​ប្រព្រឹត្តិ​អ្វី​ខុស​។​ លោក​បាន​មាន​ប្រសាសន៍​ថា ​នៅ​ដើម​ខែ​កក្កដាខាង​មុខ​នេះ​ លោក​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ប្រឈមមុខ​ចំពោះ​ផ្លូវ​ច្បាប់។

«បើ​សិន​ជា​គាត់​យក​បញ្ហា​ហ្នឹង​មក​ដាក់​ រឿង​ហ្នឹង​មិនមែន​ជា​រឿង​នយោបាយ​ទេ​ ជា​រឿង​ផ្តាច់ការ​តែ​ម្តង​ឲ្យ​តែ​អ្នកណា​ធ្វើអ្វី​មិន​តាម​បង្ក្រាប់​បញ្ជា​របស់​គាត់ ​ហើយ​អ្វី​ដែល​គាត់​មិន​សប្បាយចិត្ត​ គាត់​អាច​ចាប់​នរណា​ដាក់​គុក​ក៏​បាន​ដែរ​។ ​ប៉ុន្តែ​រឿង​ខ្ញុំ ​ខ្ញុំ​ចូល​ស្រុក​ខ្មែរ​វិញ ​ឥត​មាន​ព្រួយ​បារម្ភ​អី​ទេ»។

លោក​ម៉ម សុណង់ដូ ​នាយក​វិទ្យុ​សំបុក​ឃ្មុំ ​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​លើក​កាល​ពី​អំឡុង​ឆ្នាំ​២០០៣​ និង​ឆ្នាំ​២០០៥។ លោក​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា ជា​អ្នក​ញុះញង់​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ដ៏​រំជើបរំជួល​មួយ ​ដុតស្ថានទូត​ថៃ​កណ្តាល​ទីក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០០៣​ និង​បទសម្ភាសន៍​ជាមួយ​លោក ​ស៊ាន ​ប៉េងសែ ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ខ្មែរ​ ដែល​មាន​មូលដ្ឋា​នៅ​ប្រទេស​បារាំង​ពាក់ព័ន្ធ​នឹង​បូរណភាព​ទឹកដី​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​វៀតណាម៕

XS
SM
MD
LG