ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បដិសេធ​ថា​មិន​បាន​រំលោភ​ការ​ផ្អាក​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច


លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ហ៊ុន​ សែន
លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ហ៊ុន​ សែន

“តាំង​ពី​ថ្ងៃ​ចេញ​បម្រាម ខ្ញុំ​មិន​ដែល​ចុះហត្ថលេខា​ផ្តល់​ដី​សម្បទាន​បន្ថែម​ទេ» លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ហ៊ុន​ សែន ​មាន​ប្រតិកម្ម​យ៉ាង​ដូច្នេះ​ បន្ទាប់​ពី​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​បរទេស​ចំនួនពីរ​ បង្ហាញ​របាយការណ៍​ជា​បន្ត​បន្ទាប់​ថា​ រូប​លោក​បាន​ផ្តល់​ដី​សម្បទាន​បន្ថែម​ទៀត​នៅ​ក្នុង​រយៈពេល​ថ្មីៗ​បំផុត​នេះ ​បន្ទាប់​ពី​លោក​បាន​ផ្អាក​ការ​ផ្តល់ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ដល់​ក្រុម​ហ៊ុន​ឯកជន​នោះ។

ប្រតិកម្ម​របស់​លោក​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ចំនួន​ ១,១០០​នាក់ ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​នៅ​ថ្ងៃ​អង្គារ​នេះ។

កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​ឧសភា ​លោក​ហ៊ុន ​សែន ​បាន​ដាក់​បញ្ជា​មួយ​ឲ្យ​ផ្អាក​ការផ្តល់​ដី​សម្បទាន​ជា​បណ្តោះ​អាសន្ន​ដល់​ក្រុមហ៊ុន​ឯកជន​ ដោយ​បង្ហាញ​ពី​កង្វល់​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ និង​កាប់​បំផ្លាញ​ព្រៃឈើ។ ក៏ប៉ុន្តែ​បទញ្ជា​នោះ​ បាន​បើក​ផ្លូវ​សម្រាប់​ឲ្យ​មាន​ការ​ផ្តល់​ដីសម្បទាន​ដល់​ក្រុមហ៊ុន​ណា​ដែល​ត្រូវ​បាន​ព្រមព្រៀង​រួច​ហើយ។

ឯកសារ​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរភាសា​ទទួល​បាន​បង្ហាញ​ថា​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន ​សែន ​បាន​ចុះហត្ថ​លេខា​ផ្តល់​ដី​សម្បទាន​ចំនួន​៧​កន្លែង​ នៅ​ថ្ងៃ​ទី​៧ ​ខែ​មិថុនា​ តែ​មួយ។ ​ហើយ​ដី​ទាំង​ ៧​កន្លែង​នោះ​ មាន​ទំហំ​សរុប​ ៤៤,៤៦០​ហិចតា។ តួលេខ​ចុង​ក្រោយ​នេះ​បង្ហាញ​ថា ​លោក​ហ៊ុន ​សែន ​បាន​ផ្តល់​ដីសម្បទាន​រហូត​ទៅ​ដល់​ ៦៥,៤៦០​ហិចតា ក្នុង​រយៈពេល​មួយ​ខែ ​បន្ទាប់​ពី​លោក​បាន​ដាក់​បម្រាមលើ​ការផ្តល់​ដី​សម្បទាន។

ដីសម្បទាន​ទាំង​នេះ ​ភាគច្រើន​លើស​លុប​ត្រូវ​កាត់ចេញ​ពី​តំបន់​អភិរក្ស​សត្វព្រៃ​នៅ​ក្នុង​ខេត្ត​រតនគីរី​ មណ្ឌលគីរី ព្រះវិហារ ​ឧត្តរមានជ័យ កំពង់ធំ ​និង​ខេត្ត​សៀមរាប។

លោក​ហ៊ុន សែន ​ដែល​ចោទ​ប្រកាន់​កាសែត​ភ្នំពេញប៉ុស្តិ៍ ​និង​កាសែត​ឌឹខេមបូឌាដេលី​ ថា​មាន​ចេតនា​អាក្រក់​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​នេះ​ បាន​អះអាង​ថា​ ដី​ទាំង​នោះ​ត្រូវ​បាន​យល់ព្រម​រួច​ហើយ ​មុន​នឹង​លោក​ផ្អាក​ការផ្តល់​ដី​សម្បទាន។

«តាំង​ពី​ថ្ងៃ​ចេញ​បទ​បញ្ជា ​រហូត​មក​ដល់​ពេល​នេះ ​មាន​សំណើ​ជា​ច្រើន​ដែល​មិន​ទាន់​បាន​អនុម័ត​ជូន ​បាន​ទុកចោល​ហើយ​។ ​គ្មាន​យក​មក​ពិនិត្យ​ គ្មាន​យក​មក​ធ្វើ​អី​ទៀត​ទេ​។ ​ប៉ុន្តែ​អ្វី​ដែល​មិន​ទាន់​មាន​ មិន​ទាន់​បំពេញ​នីតិ​វិធី​ ត្រូវ​បំពេញ​នីតិ​វិធី​ឲ្យ​គេ ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​កថាខណ្ឌ​ទី​៤​ នៃ​សេចក្តីប្រកាស»។

ទោះជាយ៉ាងណា​លោក​ អ៊ូ វីរៈ​ នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ បានហៅ​សេចក្តីសម្រេច​នេះ​ថា​ គឺ​ជា​ការ​ខ្វះការ​ទទួល​ខុស​ត្រូវ ​និង​ជា​ការ​ខុស​ច្បាប់។

«ឥត​មាន​ទទួល​ការ​ខុសត្រូវ​សោះ ​មុន​ប្រកាស​ក៏​ខុស​ច្បាប់​ដែរ​។ ​ព្រោះ​ប្រសិន​បើ​នៅ​សល់​ដី​ដែល​ត្រូវ​ការពារ​ ហើយ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ រឿង​នេះ​ខុស​ច្បាប់​ហើយ»។

ដោយឡែក​លោក​ ស៊ុន ​ឆ័យ ​តំណាងរាស្ត្រ​ខាង​គណបក្ស​សម ​រង្ស៊ី ​មាន​ប្រសាសន៍​ថា​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​ គឺ​ជា​រឿង​ដែល​រដ្ឋាភិបាល​មិន​ត្រូវ​ធ្វើ​បន្ទាប់​ពី​ត្រូវ​បាន​សម្រេច​ចិត្ត​ដាក់​បញ្ជា​រួច​មក។

«ការ​បញ្ជាក់​ពី​នាយក​រដ្ឋមន្ត្រី​នេះ​ វា​មិន​ឡូហ្សិច ​ព្រោះ​មុន​នឹង​យើង​សម្រេច​ចិត្ត​ ដី​សំខាន់​ក្នុង​ការ​បញ្ឈប់​ផ្តល់​ដី​សម្បទាន​នេះ ​ប្រាកដ​ជា​វា​មាន​ផលវិបាក​ដល់​ផលប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ​ហើយ​។​ ដូច្នេះ​ វា​គ្មាន​មូលហេតុ​អី​ ដែល​ត្រូវ​ចុះហត្ថលេខា​បន្ត​ពី​អ្វី​ដែល​គ្រាន់​តែ​ជា​ឯកសារ​ មិន​ទាន់​ផ្លូវការ​នោះ​ទេ»។

អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ធ្លាប់​បាន​ព្រមាន​ពីគ្រោះថ្នាក់​របស់​ប្រទេស​កម្ពុជា​ ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ច្រើន​ជ្រុល​ ដោយ​ពុំមាន​ការ​ពិចារណា​ល្អិតល្អន់៕

XS
SM
MD
LG