ក្រុមអ្នកវិភាគបាននិយាយនៅថ្ងៃពុធនេះថា ការដែលលោកនាយករដ្ឋមន្ត្រីថា ការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម គឺជាការផ្តល់សច្ចធម៌ដល់វៀតណាមនោះគឺជាការលួងលោមវៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់លោក ង្វៀន ភូត្រុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីសវៀតណាម កាលពីថ្ងៃអង្គារថា ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បីនាក់នេះគឺជាផ្នែកមួយនៃការផ្តល់សច្ចធម៌ដល់វៀតណាម ខណៈដែលលោក នួន ជា បានធ្វើការវាយប្រហារផ្ទួនៗទៅលើវៀតណាមថាបានប្រព្រឹត្តអំពើឃោរឃៅមកលើប្រជាពលរដ្ឋខ្មែរ។
លោក ឡាវ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានថ្លែងថាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននេះ ក្នុងគោលបំណងធ្វើឲ្យវៀតណាមធូរចិត្តចំពោះការចោទប្រកាន់វៀតណាមពីការស្លាប់ប្រជាពលរដ្ឋខ្មែរនៅចុងទសវត្សរ៍ឆ្នាំ១៩៧០។ លោក ឡាវ ម៉ុងហៃ បានបន្ថែមថារដ្ឋាភិបាលកម្ពុជាបានបញ្ចោញជំហរការពារវៀតណាមពីការចោទប្រកាន់របស់អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់នៅពេលមេដឹកនាំជាន់ខ្ពស់វៀតណាមមកទស្សនកិច្ចនៅកម្ពុជា។
«ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នេះចង់ការពារប្រទេសវៀតណាមថាអត់មានការពាក់ព័ន្ធនឹង(ការចោទប្រកាន់នេះ) ទេ ដើម្បីជាភ្ញៀវកិត្តិយសធ្វើទស្សនកិច្ចនេះគឺដើម្បីបញ្ជាក់ប្រាប់មេដឹកនាំវៀតណាមកុំឱ្យមានការព្រួយបារម្ភ ក្នុងកាលៈទេសៈមួយ ដែលមានការលើកឡើងនូវការចោទប្រកាន់វៀតណាម»។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្សី បានលើកឡើងថា ការចោទប្រកាន់វៀតណាម ដោយអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ជាផ្លូវការនៅក្នុងសាលាក្តីខ្មែរក្រហមនេះមិនត្រឹមតែបាក់មុខមាត់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញឱ្យវៀតណាមបង្ហាញការពិតនៃការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ។
«ប្រវត្តិសាស្ត្រមិនអាចបំភាន់ការពិតបានទេ។ ការសម្តែងមតិយោបល់ក្នុងឋានៈជានាយករដ្ឋមន្ត្រីគ្រាន់តែជាយោបល់បុគ្គលម្នាក់ដែលការកាត់សេចក្តី និងការស្រាវជ្រាវនានានឹងបង្ហាញការពិតនៅទីបញ្ចប់។ ការផ្តល់សច្ចធម៌ដល់វៀតណាម ខ្ញុំនិយាយថាវាគ្រាន់តែជាយោបល់ផ្ទាល់របស់គាត់។ អ្វីដែលជាសច្ចធម៌នោះមិនមែនជាការអះអាងរបស់បុគ្គលណាទេ។ វាស្ថិតនៅលើប្រវត្តិសាស្ត្រនៃសកម្មភាពជាក់ស្តែង»។
ពួកខ្មែរក្រហម និងបក្សកុម្មុយនីស្តវៀតណាមមានទំនាក់ទំនងល្អ ប៉ុន្តែទំនាក់ទំនងក្រោយឆ្នាំ១៩៧៣ បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ការចាប់ផ្តើមធ្វើសង្គ្រាមតាមព្រំដែនក្នុងខែមេសា ឆ្នាំ១៩៧៧។ នេះបើយោងតាមឯកសារ។
លោក នួន ជា ដែលជាអតីតមេដឹកនាំជាន់ខ្ពស់ទី២នៃរបបខ្មែរក្រហមបន្ទាប់ពីប៉ុល ពត បានស្តីបន្ទោសវៀតណាមចំពោះអំពើឃោរឃៅលើប្រជាពលរដ្ឋខ្មែរដោយលោកបានបញ្ជាក់ថា កងទ័ពវៀតណាមបានសម្លាប់ប្រជាពលរដ្ឋខ្មែរ។
លោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្រោយពីជំនួបជាមួយលោក ផាម ប៊ីញ មីញ (Pham Binh Minh) ដែលជារដ្ឋមន្ត្រីការបរទេសវៀតណាមយ៉ាងដូច្នេះថា៖
«នេះជាការបកស្រាយរបស់គាត់។ ការពិត ជាការផ្សេង។ នេះជាការបកស្រាយរបស់ជន ដែលជាប់ចោទដោយអំពើប្រល័យពូជសាសន៍ និងអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។
មន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជាក៏បានបដិសេធការចោទប្រកាន់នេះដែរ៕