នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន បានអំពាវនាវនៅថ្ងៃអង្គារនេះឲ្យមានការសម្របម្រួលគ្នារវាងកម្មកររោងចក្រនានា និងថៅកែនៅទូទាំងប្រទេស ប្រយោជន៍ដើម្បីចៀសវាងជម្លោះនៅក្នុងការងារ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនឹងក្រុមកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសនៃក្រុងព្រះសីហនុ លោកហ៊ុន សែន បានពន្យល់ថា កម្មករ និងថៅកែមានផលប្រយោជន៍ដែលត្រូវពឹងពាក់គ្នាទៅវិញទៅមក។
«បើគ្មានថៅកែទេក៏អត់កម្មករដែរ។ បើមានតែកម្មករអត់ថៅកែ ក៏អត់មានរោងចក្រដែរ។ ដូច្នេះពីរនេះត្រូវសុខដុមនីយកម្មជាមួយគ្នា»។
សេចក្ដីអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលខ្មែរនេះធ្វើឡើងនៅចំថ្ងៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានជំរុញផងដែរឲ្យមានការចែករំលែកផលចំណេញរបស់ក្រុមថៅកែរោងចក្រដល់កម្មកររបស់ខ្លួន។
«ដូច្នេះត្រូវថ្លឹងថ្លែងផលប្រយោជន៍រវាងផលចំណេញរបស់ថៅកែ និងបៀវត្សរ៍របស់កម្មករ។ បើចំណេញច្រើនក៏ត្រូវលើកទឹកចិត្តដល់កម្មករ»។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍ការលើកឡើងរបស់លោកនាយករដ្ឋមន្ដ្រី ប៉ុន្ដែលោកបានហៅការតវ៉ា និងជម្លោះនានារវាងក្រុមកម្មករ និងនិយោជកបណ្ដាលមកពីការមិនគោរពច្បាប់។
«ជម្លោះរវាងនិយោជក និងកម្មករតែងតែកើតឡើងដោយសារការមិនគោរពច្បាប់។ ហើយការមិនគោរពច្បាប់នេះដោយសារតែពាក់ព័ន្ធនឹងអំពើពុករលួយដែលធ្វើឲ្យអ្នកវិនិយោគតែងតែធ្វើការកេងប្រវញ្ច័ទៅលើកម្មករ កម្មការនី»។
មានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រកាត់ដេរស្បែកជើងចំនួនប្រមាណជាជិត ៦០០នៅកម្ពុជានិងមានកម្មករសរុបចំនួនជាង ៤០០.០០០នាក់។ ពួកគេទទួលប្រាក់ខែតិចបំផុត ៥៦ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែសម្រាប់រយៈពេលសាកល្បង និង៦១ដុល្លារក្នុងមួយខែសម្រាប់កម្មករពេញសិទ្ធិ។ វិស័យនេះតំណាងឲ្យការនាំចេញធំជាងគេបំផុតរបស់កម្ពុជា។
យ៉ាងណាក៏ដោយមានការតវ៉ារបស់កម្មករស្ទើរតែជាប្រចាំ ដើម្បីទាមទារការគោរពសិទ្ធិសេរីភាពក្នុងការងារនិងការគោរពច្បាប់។ ក៏ប៉ុន្ដែការវាយប្រហារដោយគ្រាប់បែកទៅលើហ្វូងបាតុករដែលបានទាមទារលើកត្តាទាំងនេះកាលពីខែមិនា ឆ្នាំ ១៩៩៧ ដែលកម្មកររោងចក្រសរុបជាងដប់នាក់បានស្លាប់នៅតែស្ថិតក្នុងនិទណ្ឌភាព។
ការតវ៉ាចុងក្រោយរបស់ក្រុមកម្មករនៅក្រុងបាវិតខេត្តស្វាយរៀង ជាប់នឹងព្រំដែនប្រទេសវៀតណាមកាលពីខែមិនា បានបណ្ដាលឲ្យកម្មការនីរោងចក្រចំនួនបីនាក់ទទួលរងការបាញ់ប្រហារដោយអភិបាលក្រុងនេះដោយផ្ទាល់គឺលោក ឈូក បណ្ឌិត។ ផ្ទុយទៅវិញតុលាការខេត្តបានចោទប្រកាន់ខ្មាន់កាំភ្លើងរូបនេះថា បានបង្ករបួសស្នាមដោយអចេតនា ដែលធ្វើឲ្យមានប្រតិកម្មរិះគន់ជាច្រើនលើតុលាការនេះ។ លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន នៅថ្ងៃនេះក៏បានព្រមានកម្មករមិនឲ្យប្រើអំពើហិង្សាទៅលើរោងចក្រដែលពួកគេកំពុងធ្វើការនោះ៕