ក្រសួងផែនការនឹងអង្គការ JICA របស់ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរឿនសហគ្រាសនៅទូទាំងប្រទេសកម្ពុជា ដើម្បីកំណត់គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
លោក ជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
ប្រទេសកម្ពុជា នឹងចាប់ផ្តើមធ្វើជំរឿនសហគ្រាសដ៏ទូលំទូលាយមួយនៅទូទាំងប្រទេសជាលើកទី១ នៅដើមឆ្នាំ ២០១១ សំដៅបង្កើតគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
កិច្ចព្រមព្រៀងស្តីពីការធ្វើជំរឿនសហគ្រាសដែលមានទឹកប្រាក់ប្រមាណ២ លាន២សែនដុល្លារអាមេរិកាំង ត្រូវបានចុះហត្ថលេខាដោយលោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងលោក Yasujiro Suzuki ប្រធានអង្គការ JICA ប្រចាំកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ។
រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងប្រហែល២លាន២សែនដុល្លារអាមេរិកាំង សម្រាប់ការធ្វើជំរឿនសហគ្រាសដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នុងខែមិនា ឆ្នាំ២០១១ គឺជាជំរឿនលើកទី១ដែលមិនធ្លាប់មានពីមុនមក។
ក្រុមមន្ត្រីបានបញ្ចាក់ថា លទ្ធផលនៃជំរឿននេះ ត្រូវបានយកមកប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ធ្វើជាភស្តុតាងជាក់ស្តែងក្នុងការកសាងគោលនយោបាយជាតិ និងក្រោមថ្នាក់ជាតិ ការស្រាវជ្រាវជាន់ខ្ពស់ខាងសេដ្ឋកិច្ចនិងសង្គមកិច្ច និងការស្រាវជ្រាវទីផ្សារឯកជនជាដើម។
លោក ហោ ដារិទ្ធ អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ បានថ្លែងប្រាប់ VOA ថា ការធ្វើជំរឿនសហគ្រាសនេះមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ជំរឿននេះផ្តោតជាសំខាន់លើសហគ្រាស និងប្រើសម្រាប់អភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច។
លោក ហោ ដារិទ្ធ បានបន្តថាយើងនឹងដាក់ពង្រាយមន្ត្រីជំរឿនប្រមាណ ៤០០០នាក់ នៅទូទាំងប្រទេសកម្ពុជាសម្រាប់ការធ្វើជំរឿននេះ។
"ជំរឿនសហគ្រាស យើងរាប់អាជីវកម្មទាំងតូចទាំងធំទាំងអស់ទូទាំងប្រទេស។ ទិន្នន័យទាំងអស់ ដែលបានមកពីការជំរឿនសហគ្រាសនេះ នឹងយកមកប្រើសម្រាប់បង្កើតគោលនយោបាយផ្នែកអភិវឌ្ឍន៍ នឹងសេដ្ឋកិច្ចរបស់ប្រទេស។ និយាយជារួម វាសម្រាប់បម្រើគោលនយោបាយអភិវឌ្ឍន៍ ផ្នែកសេដ្ឋកិច្ចរបស់ប្រទេស ទាំងរដ្ឋាភិបាលផង នឹងទាំងឯកជនផង ជាពិសេសអ្នកវិនិយោគនឹងត្រូវការទិន្នន័យនេះ"។
លោក Yasujiro Suzuki ប្រធានអង្គការ JICA ប្រចាំកម្ពុជា បានថ្លែងថាយើងត្រូវអនុវត្តគម្រោងធ្វើជំរឿនសហគ្រាសនេះ ឱ្យមានប្រសិទ្ធិភាព។
លោក សន ស៊ីថន អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានបញ្ចាក់ថា ជំរឿននេះនឹងជម្រុញការចូលរួម របស់ប្រជាពលរដ្ឋខ្មែរទូទៅនៅក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយសារតែមានព័ត៌មានជាក់ស្តែង អំពីចំនួនសហគ្រាសនៅក្នុងប្រទេសកម្ពុជា។
លទ្ធផលចុងក្រោយនៃការធ្វើបញ្ចីសហគ្រាសឆ្នាំ២០០៩ បានបង្ហាញថាប្រទេសកម្ពុជា មានសហគ្រាសសរុបចំនួន៣៧៦៧៦១ និងចំនួនកម្មករចូលរួមការងារក្នុងសហគ្រាសទាំងអស់មានប្រមាណ ១,៥ លាននាក់ រួមមានបុរសប្រមាណ ៦៣០០០០ នាក់ ស្មើនិង ៤២,៦% នឹងស្ត្រីប្រមាណ៨៤៣០០០ នាក់ ស្មើនឹង ៥៧,៤% ៕