វ៉ាស៊ីនតោន
រថក្រោះជាង១០០គ្រឿងត្រូវគេដឹកតាមកប៉ាល់មកដល់កំពង់ផែក្រុងព្រះសីហនុ ហើយនៅថ្ងៃនេះដែលមន្ត្រីយោធាកម្ពុជាអះអាងថា ជាតម្រូវការផ្នែកការពារជាតិ និងការហ្វឹកហ្វឺនផ្នែកកងទ័ព។
នៅពេលសួរបញ្ជាក់ពីការនាំចូលរថក្រោះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងប្រាប់វីអូអេតាមទូរស័ព្ទថាកម្ពុជានាំយកឧករណ៍យោធាជារថក្រោះនិងសម្ភារៈយោធាមកមែនដើម្បីប្រើប្រាស់ក្នុងការពង្រឹងសមត្ថភាពកងទ័ពជាធម្មតា។
«ដើម្បីបង្កើនសមត្ថភាព សម្រាប់ហ្វឹកហ្វឺន សម្រាប់ពេលដែលមានតម្រូវការប្រើប្រាស់វា នោះគឺនាំយកមកមែន»។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ពុំបានបញ្ជាក់ពិស្តារទេនៅពេលសួរអំពី ឈ្មោះប្រទេសនិងអំពីចំនួនប្រភេទសម្ភារៈយោធាទាំងអស់នោះ តែលោកអះអាងថា រថក្រោះចំនួនពី១០០ទៅ២០០គ្រឿងប៉ុណ្ណឹង ដែលត្រូវនាំចូលមកពីអឺរ៉ុប ដែលលោកមិនបានបញ្ជាក់ពីឈ្មោះប្រទេសនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីយោធាផ្សេងទៀត បានអះអាងថារថក្រោះទាំងអស់នោះគឺមានរថក្រោះនិងរថពាសដែកដែលកម្ពុជាទិញពីប្រទេសអឺរ៉ុប ហើយត្រូវដឹកតាមកប៉ាល់កុងតេនន័រមកកាន់កំពង់ផែក្រុងព្រះសីហនុ។
ប្រទេសកម្ពុជាធ្លាប់នាំចូលរថក្រោះ៩៦គ្រឿងម្តងកាលពីឆ្នាំ២០១០ នៅពេលកម្ពុជាមានជម្លោះប្រដាប់អាវុធជាមួយប្រទេសថៃ ទាក់ទងនឹងបញ្ហាបូរណភាពទឹកដីឬដីក្បែរប្រាសាទព្រះវិហារ។
ប្រទេសកម្ពុជាដែលមានខ្ទង់ចំណាយខ្ពស់លើវិស័យការពារជាតិនិងសន្តិសុខនោះ ត្រូវគេរាយការណ៍មកថា បានចំណាយថវិកា៣៥០លានដុល្លារក្នុងចំណោមថវិកាជាតិ សរុបជាង២ពាន់លានដុល្លារ កាលពីឆ្នាំ២០១២ លើសការចំណាយលើវិស័យសង្គមជាច្រើនទៀត៕