ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​បញ្ចប់​ដោយ​​​ការ​បើក​សវនាការ


ពលរដ្ឋ​ចូលរួម​សវនាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នៅឯសាលាក្តី​នៅ​ជាយក្រុង​ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០១១។
ពលរដ្ឋ​ចូលរួម​សវនាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នៅឯសាលាក្តី​នៅ​ជាយក្រុង​ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០១១។

តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ចប់​ការ​បើកសវនាការ​របស់​ខ្លួន​នៅ​សប្តាហ៍​មុន។ ព្រះ​រាជអាជ្ញា​បាន​លាត​ត្រដាង​រឿង​ក្តី​ប្រឆាំង​បុគ្គល​៣​រូប​ដែល​រង​ការ​ចោទ​ប្រកាន់​ពីបទ​ប្រល័​យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើងនៅ​ខណៈពេលដែល​ពួក​គេមាន​តួនាទីជា​មេដឹកនាំ​ជាន់​ខ្ពស់​នៅ​ក្នុង​ចលនា​នោះ។

ក្រុម​ព្រះ​រាជអាជ្ញាបាន​ចំណាយ​ពេល​១​ថ្ងៃ​កន្លះដើម្បី​ផ្តល់​អំណះ​អំណាងចោទ​ប្រកាន់​ប្រឆាំង​មេដឹកនាំ​ខ្មែរ​ក្រហម​នៅ​តុលាការ​។

លោក​ Andrew Cayley ​សហ​ព្រះ​រាជអាជ្ញា​អន្តរជាតិ​បាន​និយាយ​ថា​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ឬCPK ជឿជាក់​ថា​ពួកគេ​ បាន​រក​ឃើញ​ការ​សម្ងាត់​ក្នុងការ​ធ្វើ​បដិវត្តន៍កុម្មុយនិស្ត​ប្រកប​ដោយ​ជោគជ័យ​ ជា​សេចក្តី​សម្រេច​ចិត្ត​មួយដែល​បដិវត្តន៍​ផ្សេងៗ​ទៀតមិន​អាច​ធ្វើ​បាន។

«ជន​ជាប់​ចោទ​ បាន​ជឿជាក់​ថា​ បដិវត្តន៍​កុម្មុយនិស្ត​មុនៗ​ បាន​បរាជ័យ​ពីព្រោះ​តែ​ សត្រូវ​វណ្ណៈ បាន​ជ្រៀត​ជ្រែក​ចូល​ហើយ​ធ្វើ​ឲ្យអំពើ​ពុក​ដល់បដិវត្តន៍​ទាំង​នោះ។ សេចក្តី​សម្រេចចិត្ត​ដែល​ជន​ចុង​ចោទ​ បាន​ចាប់​យក​គឺ​លុប​បំបាត់​ចោល​សត្រូវ​វណ្ណៈរបស់​គេទាំងអស់។​ »

លោក ​Cayley បានបន្ត​ពន្យល់ថា​តើ​នរណា​ជា​សត្រូវ​ ហើយនឹង​ពី​របៀប​សម្លាប់រង្គាលដែល​បាន​កើត​មាន​ឡើង​នៅ​ពេល​នោះ។

«តុលាការជាទី​គោរព​ តាមពិត​គឺថា​ មនុស្ស​ដែល​ពួក​ចុង​ចោទ​ចាត់​ទុក​ជា​សត្រូវ​របស់​បក្ស​កុម្មុយនិស្តគឺ​ជា​ក្រុម​ដែល​មាន​ចំនួន​កាន់​តែ​ច្រើននិង​រីក​ធំឡើងៗ​ជានិច្ច។»

ប៉ុន្មាន​ថ្ងៃភ្លាមៗ​បន្ទាប់​ពី​ជ័យ​ជម្នះ​របស់​ខ្មែ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៥​ សត្រូវ​គឺ​ជន​ណា​ដែល​មានការ​ទាក់​ទិនជាមួយ​របប​លោក​ លន់​ ណុល​ដែលបានទទួល​បរាជ័យ​ ដូច​ជា​និស្សិត​ គ្រូបង្រៀន​ វេជ្ជបណ្ឌិត​និង​មេធាវី​ ហើយនឹង​ប្រជាពល​រដ្ឋ​នៅ​ក្នុង​តំបន់​ទីក្រុង។

នៅ​ពេល​ដែល​ចលនា​នោះ​ បាន​ត្រូវ​បណ្តេញ​ចេញពី​អំណាចក្នុង​ឆ្នាំ​១៩៧៩​ ជំងឺគិតផ្តេស​ផ្តាសរបស់​គេ​មានន័យ​ថា​គេ ​ឃើញ​សត្រូវ​ទាំង​នោះ​នៅ​គ្រប់​ទី​កន្លែង​ ហើយ​ជាពិសេស​ទៀត​ នៅ​ក្នុង​ជួររបប​របស់​ខ្លួន​គេផ្ទាល់​។

ក្នុង​ដំណើរការ​នេះ ពួក​ខ្មែរក្រហម​ បាន​កំចាត់​សមាជិក​យ៉ាង​ច្រើន​ដែល​ជា​មនុស្ស​របស់​ខ្លួន​គេផ្ទាល់​ដែរ​។

«ហើយ​នៅពេល​ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​បាន​រីក​ចម្រើនហើយ​ពួក​មេដឹក​នាំមាន​ជំងឺ​គិត​ផ្តេសផ្តាស​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា​បានធ្វើ​ឲ្យ​ខ្លួន​គេ​ជឿជាក់​ថា​ ការ​បរាជ័យ​របស់​ខ្លួន​ បណ្តាល​មកពី CIA, KGB ឬ​ភ្នាក់ងារ​វៀតណាម​ ការ​ផ្តោត​ការប្រមាញ់​សត្រូវ​របស់​ពួកគេបាន​ប្តូរ​ពី​សត្រូវ​វណ្ណៈ​ទៅ​ជា​សត្រូវ​ស៊ី​រូងផ្ទៃក្នុង​ដែល​បាន​ជ្រៀត​ជ្រែកនៅ​ក្នុង​ជួរ​បក្ស។»

ចំពោះផ្នែក​របស់​ពួកគេ​ដែលចុង​ចោទ​ហើយ​នឹង​មេធាវី​របស់​ពួកគេបាន​ពណ៌នា​ការ​លើក​ឡើងរបស់​ក្រុម​ព្រះរាជ​អាជ្ញា​ថា​ជាការ​មិនពិត​ ជារឿង​ប្រឌិត​ទាំង​ស្រុង​ ហើយ​ដូចជា​រឿង​ប្រលោម​លោករបស់​ Alexandre Dumas ​ដែល​ជា​អ្នក​សរសេរ​រឿង ​The ​Three ​ Musketeers​ ឬ​ ខ្មាន់កាំភ្លើង​ទាំង​បី។

នួន​ ជា​ អាយុ​៨៥ ឆ្នាំ​ដែល​បាន​អាន​រយៈពេល​៩០នាទីដោយ​ការ​ស្វាហាប់​ បង្ហាញថាហេតុអ្វី​ បាន​ជាគាត់​ត្រូវ​គេ​ចាត់​ទុក​ជា​ប្រធាន​មនោគម​វិជ្ជារបស់​ចលនា​នោះ​ បាន​រិះគន់​យ៉ាង​វែង​ខ្លាំងៗប្រឆាំង​នឹង​វៀតណាម​ដែល​ជា​សត្រូវដ៏​យូរ​អង្វែងរបស់​ខ្មែរ​ក្រហម។

នួន​ ជា ​បាន​ប្រាប់​តុលាការ​ថា​ប្រទេស​ជិត​ខាង​ភាគ​ខាង​កើតរបស់​កម្ពុជា មាន​ផែន​ជា​យូរ​យា​ណាស់​មកហើយ​ប្រឆាំង​ប្រទេស​របស់​គាត់​ ហើយ​មាន​បំណង​ប្រាថ្នា​បំបាត់​ប្រជា​ជន​កម្ពុជា​។

នួន ជា​ និយាយ​ថា​ គាត់​ចូល​រួម​បដិវត្តន៍​ដើម្បី​ការពារប្រទេស​កម្ពុជា។

មនោសញ្ចេតនា​ស្នេហា​ជាតិ​និយម​ បាន​ត្រូវ​ទទួល​យក​ដោយ​អតីត​ប្រមុខរដ្ឋ​ខៀវ​ សំផនដែរ។ លោកបាន​ប្រាប់​ក្រុម​ព្រះ​រាជអាជ្ញា​ថា​លោក​បានចាប់​អារម្មណ៍លទ្ធិ​កុម្មុយនិស្ត​នៅ​ខណៈ​ពេល​ដែល​គាត់​សិក្សា​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច​នៅ​ទីក្រុង​ប៉ារីស។

«ថ្ងៃ​នេះ​ អស់​លោក​អ្នក​ មើល​ឃើញ​បញ្ហា​នេះ​ថា​ជា​រឿង​កំប្លែង​មួយ​។​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ខ្ញុំ​គួរតែ​រំលឹក​អស់​លោក​អ្នក​ថា​នៅ​ពេល​នោះ​លទ្ធិ​កុម្មុយនិស្ត​ជា​ចលនា​មួយដែល​ផ្តល់​សេចក្តី​សង្ឃឹមដល់​យុវជន​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពិត​ប្រាកដគឺ​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​របស់​ខ្ញុំ។»

លោក​ ខៀវ ​សំផន​ ក៏​និយាយ​ដែរ​អំពីយុទ្ធនាការទម្លាក់​គ្រាប់បែក​ដ៏​សម្បើមដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដោយ​ខុស​ច្បាប់​មក​លើ​ប្រទេស​កម្ពុជានៅ​ឆ្នាំ​១៩៦៩។

ការ​ទម្លាក់​គ្រាប់​បែកបាន​ត្រូវ​គេ​យល់​ជា​ទូទៅ​ថា​បាន​ជំរុញ​ឲ្យមាន​ការ​គាំទ្រ​ដល់​ពួក​ខ្មែរ​ក្រហម​ ប៉ុន្តែ​ បញ្ហា​នេះ​ បាន​ស្ថិត​នៅក្រៅរយៈពេល​កំណត់​ដែល​ពួក​អ្នក​នយោបាយ​បាន​កម្រិត​សម្រាប់​តុលាការ។

«តើ​អស់​លោក​ អាច​នឹក​ស្រមៃ​ពី​អ្វី​ដែល​ប្រទេស​របស់​ខ្ញុំ​ បាន​ប្រឈម​មុខ​បន្ទាប់​ពី​ការ​សម្លាប់​បង្ហូរ​ឈាម​បែប​នោះ? ទោះ​បី​ អស់​លោក​អ្នក​ ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​វា​ក៏ដោយ​ ប្រជា​ពលរដ្ឋ​កម្ពុជាភាគ​ច្រើន​ បាន​ផ្តល់​ការ​គាំទ្រ​របស់​គេ​ដល់​យើង​ដើម្បី​ប្រឆាំង​នឹង​របប​លោក​លន់​ ណុល។»

អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ អៀង សារី​ បាន​និយាយ​ត្រួសៗ​តវ៉ា​ថា​តុលាការ​ មិន​បាន​ពិចារណា​ពី​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ដល់​លោក​ដែល​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៩៦​ដើម្បី​ឲ្យ​គាត់ហើយ​នឹង​ពួក​អ្នក​គាំទ្រ​រាប់​ពាន់​ទៀត​របស់​គាត់​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល។

មេដឹកនាំ​ទាំង​៣​ ត្រូវរង​ការ​ចោទ​ប្រកាន់ពី​បទប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ហើយនឹង​ឧក្រិដ្ឋ​កម្មប្រឆាំង​មនុស្ស​ជាតិ​ ដែល​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជីគឺ​ ឧក្រិដ្ឋកម្ម​នៃ​ការ​សម្លាប់​ ​វិនាសកម្ម ការ​ធ្វើ​ជាទាសភាព​ ការ​ដាក់គុក​ ការ​ធ្វើ​ទារុណកម្ម​ ការ​ប្រហារ​ជីវិតហើយ​នឹង​ការ​ធ្វើ​មនុស្ស​ឃាត​ដោយ​ចេតនា​។

ក្នុង​សារៈ​សំខាន់​មួយទៀត​ ពួកគេ​ ​ត្រូវកាត់ទោស​ពី​ការ​ធ្វើ​ឲ្យ​មាន​នយោបាយ​ដែល​បាន​នាំឲ្យ​មាន​ការស្លាប់​ប្រជា​ពលរដ្ឋប្រហែល​២​លាន​នាក់​នៅ​ចន្លោះ​ឆ្នាំ១៩៧៥​និង​ឆ្នាំ​១៩៧៩។

ពួកគេ​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំងអស់។

ការ​ឆ្លើយ​តប​ពី​ប្រជាពល​រដ្ឋ​កម្ពុជា​ដែល​មើល​ដំណើរការ​កាត់​ទោសមាន​ភាព​ផ្សេងៗគ្នា​ចាប់​តាំងពី​ការមានសមានចិត្តដល់​ជន​ចុងចោទ​ចាស់​ជរារហូត​ដល់​ការ​ខឹង​សម្បារថា​ពួកគេបាន​បន្ត​បដិសេធ​ការទទួល​ខុសត្រូវចំពោះ​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​របប​របស់​ពួកគេ​។

លោកស្រី ​Clair Duffy ​អ្នក​សង្កេតការ​ណ៍​តុលាការដែល​ឃ្លាំមើលដំណើរការ​កាត់​ទោសសម្រាប់អង្គការ​ការ​ផ្តួចផ្តើម​យុត្តិធម៌​សង្គម​បើក​ចំហរ​ (Open ​Society​ Justice​ Initiative) និយាយ​ថា​ភាគី​ដើម​ចោទ​ហើយ​នឹងភាគី​ចុងចោទ​បាន​ធ្វើ​ការងារ​បានយ៉ាង​ល្អ។

ហើយ​នៅ​ខណៈនោះ​ដែរ​ នួន​ ជា និង​ អៀង សារី​ ខកខាន​មិន​បាន​ឆ្លើយតបការ​ចោទ​ប្រកាន់​ដ៏​សំខាន់​ប្រឆាំងនឹង​ពួកគេ​ទេ លោក​ ខៀវ​ សំផន​ បាន​ឆ្លើយតប​ដល់​ការ​ចោទ​ប្រកាន់របស់​ក្រុម​ព្រះរាជអាជ្ញា​ ហើយ​បាន​វាយ​ប្រហារ​ភស្តុតាងខ្លះ​ៗ​។

លោកស្រី ​Duffy ​និយាយ​ទៀត​ថា​រយៈពេល​មួយ​សប្តាហ៍​បាន​ធ្វើ​ឲ្យឃើញ​ល្បិចកល​ដែល​ក្រុម​ចុងចោទនឹង​ឆ្លើយ​ការពារ​ខ្លួន។

សេចក្តី​ថ្លែងការណ៍​របស់​នួន​ ជា​ ​បាន​ផ្តោត​លើ​ទិដ្ឋភាព​នយោបាយទូលំ​ទូលាយ​នៅពេល​នោះ​ ហើយ​នឹង​ទំនាក់ទំនង​ដ៏​ល្វីង​ជូរ​ចត់រវាង​បក្ស​កុម្មុយនិស្តវៀត​ណាម​និង​កម្ពុជា។

«ចំពោះ​លោក​ ខៀវ សំផន​គោលជំហរ​របស់​គាត់​គឺ​ថា​ ទោះបី​ ខ្ញុំ​ស្ថិត​ក្នុង​តួនាទីនេះ​ក៏​ដោយ​ ខ្ញុំ​ មិនមែន​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទេ​ ខ្ញុំ​មិនមែនជា​អ្នក​ធ្វើ​សេចក្តី​សម្រេច​សំខាន់ៗ​ទេ ​មាន​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​នៅ​ពេល​នោះ​ហើយ​ យើង ​មិន​បាន​ត្រួតត្រា​បញ្ហា​នោះ​ទេ។»

ការ​កាត់ទោស​របស់​មេដឹកនាំ​ទាំង​៣បាន​ត្រូវ​ចែក​ជា​ការ​កាត់ទោស​តូចៗ​មួយ​ចំនួន​ ហើយ​នៅ​សប្តាហ៍​នេះ​ បាន​ឃើញ​ការ​ចាប់​ផ្តើមការ​កាត់ទោស​លើក​ទីមួយ​នៃ​ការ​កាត់​ទោស​តូចៗទាំង​នោះ។ ការ​កាត់​ទោស​ភាគ​ច្រើន​ នឹង​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្នុង​បរិបទនៃ​ការ​ផ្លាស់​ទីលំនៅដោយការ​បង្ខំ​របស់​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ឡើង​ដោយ​ខ្មែរ​ក្រហម។

ការ​ចោទ​ប្រកាន់​នេះ​ និយាយ​យោង​ដល់​ព្រឹត្តិការណ៍​២​ក្នុង​ឆ្នាំ​១៩៧៥ ​នៅ​ពេល​ដែល​កងទ័ពរបស់​ប៉ុល​ ពតបាន​ត្រួតត្រា​ប្រទេស​កម្ពុជាហើយ​បាន​ជម្លៀស​មនុស្សដោយ​ការ​បង្ខំ​ចេញ​ពី​ទីក្រុង​និង​ទីប្រជុំជន​ទាំង​អស់។ នៅពេល​បន្ទាប់​មក​ទៀត​នៅ​ក្នុង​ឆ្នាំ​នោះ​ ពួកគេ​បាន​បង្ខំ​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ជំរំការងារ​នៅ​ទូទាំង​ប្រទេស។

ក្រុម​ព្រះ​រាជអាជ្ញា​និយាយ​ថា​ មនុស្ស​រាប់​ម៉ឺននាក់បាន​ស្លាប់​ក្នុង​អំឡុង​ពេល​នៃ​ផ្លាស់​ប្តូរទី​កន្លែង​ទាំង​នេះដែល​បាន​ក្លាយ​ទៅ​ជា​បទពិសោធន៍​ដ៏​គួរ​ឲ្យ​រន្ធត់​ទីមួយ​នៃ​បទពិ​សោធន៍​ដ៏​គួរ​ឲ្យ​រន្ធត់​ខ្លះ។ ក្នុង​ការ​ថ្លែង​បើក​សុន្ទរកថារបស់​លោក​ ​លោក​ Cayley ​បានដាក់​ចំនួន​មនុស្ស​ស្លាប់​ពេល​នោះ​ថា៖

មាន​ប្រជាពល​រដ្ឋ​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​កម្ពុជា​៤​នាក់បាន​ស្លាប់​ លោក​ មាន​ប្រសាសន៍​ថា៖

«ការបាត់​បង់​ជីវិត​ដែលមិនកើត​មាននៅ​ប្រទេស​ជាតិណាមួយ​ទេចាប់​តាំង​ការ​សម្លាប់​បុរសពេញវ័យហើយនឹង​ការ​យកស្រ្តី​និង​កុមារ​ធ្វើ​ជា​ទាសករ​នៅលើ​កោះ​ Milos ​របស់​រដ្ឋ​ Athenian ​កាល​ពី​២​ពាន់​៤រយ​ឆ្នាំ​មុន។ នៅ​ពេល​ដែលត្រូវបាន​វិនិច្ឆ័យ​ពី​លក្ខខណ្ឌ​នៃ​ចំនួន​ប្រជាពលរដ្ឋ​របស់ជាតិ​មួយ​ដែល​បាន​ស្លាប់​ឬ​ត្រូវ​ធ្វើ​ឃាត​ ទំហំ​នៃ​មហន្តរាយ​ខាង​មនុស្សជាតិ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ចុងចោទ​ទាំងនេះ​នៅ​ក្នុង​ប្រទេស​នេះ មិន​មាន​អ្វី​ប្រៀបធៀប​បាននៅ​ក្នុង​សម័យ​ទំនើប​នេះ។»

តុលាការ​មាន​គម្រោង​ចាប់​ផ្តើម​សវនាពិនិត្យ​មើល​លើ​ភស្តុតាង​ដាក់​បន្ទុក​នៅ​ថ្ងៃ​ទី៥ ​ខែ​ធ្នូ៕

ប្រែសម្រួលដោយ​ ជឹង​ ប៉ូជីន

XS
SM
MD
LG