និស្សិតសាកលវិទ្យាល័យភាគច្រើននៅក្នុងប្រទេសកម្ពុជាដឹងថាមានការអភិវឌ្ឍវិស័យប្រេង រ៉ែនិងឧស្ម័ននៅក្នុងប្រទេសរបស់ពួកគេ ប៉ុន្តែភាគច្រើនមិនដឹងអំពីការគ្រប់គ្រងចំណូលដែលបានពីវិស័យនោះទេដោយសារតែកង្វះព័ត៌មាន។ ការខកខានមិនបានផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយអំពីការគ្រប់គ្រងចំណូលនេះ បានបង្កឲ្យមានការព្រួយបារម្ភអំពីអំពើពុករលួយនិងការប្រើប្រាស់ចំណូលនេះមិនចំគោលដៅសម្រាប់អភិវឌ្ឍប្រទេស។
និស្សិតទាំងនេះ និយាយថា ពួកគេដឹងថាបច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគជាច្រើន បាននិងកំពុងរុករកហើយនឹងត្រៀមធ្វើអាជីវកម្មរ៉ែ ប្រេងនិងឧស្ម័ននៅក្នុងប្រទេសកម្ពុជា។
ប៉ុន្តែ ពួកគេមិនដឹងទេ ថាតើរដ្ឋាភិបាលទទួលបានចំណូលប៉ុន្មានពីក្រុមហ៊ុនទាំងនោះហើយថាតើចំណូលទាំងនោះត្រូវបានគ្រប់គ្រងនិងប្រើប្រាស់យ៉ាងដូចម្តេចនោះ។
នាង សាំង កញ្ញានិស្សិតសាកលវិទ្យាល័យម្នាក់បានបញ្ជាក់ថា៖
«ព្រោះថាតាមខ្ញុំតាមដានមើលទូរទស្សន៍ការផ្សាយព័ត៌មាននិយាយបានត្រឹមតែមួយផ្នែកតូចនៃការមកយករ៉ែ។ គ្រាន់តែប្រាប់ប្រជាជនថាគេមកយករ៉ែនៅកម្ពុជានិងផ្តល់ផលប្រយោជន៍ដល់កម្ពុជាប៉ុន្តែអត់ប្រាប់ថាចំណូលដែលយកមកហ្នឹងផ្តល់ដល់ប្រជាជនដែរអត់ឬមួយក៏ក្រុមហ៊ុនអ្នកយកឬក៏រដ្ឋាភិបាលជាអ្នកយកទៅតែម្តង»។
ដូចសាំង កញ្ញា និងមិត្តភក្តិរបស់នាងដែរ និស្សិតមួយចំនួនទៀតនៃសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញនេះ មិនបានទទួលព័ត៌មានអំពីការគ្រប់គ្រងចំណូលដែលបានពីវិស័យរ៉ែ ប្រេងនិងឧស្ម័នឬហៅថាឧស្សាហកម្មនិស្សារណកម្មនេះទេ។
និស្សិតឡុង គីរីបានបញ្ជាក់ថា៖
«ករណីហ្នឹងប្រហែលជាគេមិនសូវជាបញ្ចេញព័ត៌មានប្រាប់ប្រជាជនប៉ុន្មានទេមើលទៅព្រោះអីគេអត់ទាន់ធ្វើបានអញ្ចឹងប្រហែលជាអត់សូវបានផលទេមើលទៅ»។
លទ្ធផលនៃការអង្កេតថ្មីមួយដោយអង្គការNGO Forum ទៅលើនិស្សិតចំនួន៣៧៧នាក់នៅតាមសាកលវិទ្យាល័យចំនួន៧ក្នុងរាជធានីភ្នំពេញបង្ហាញថានិស្សិតភាគច្រើនមិនដឹងអំពីការគ្រប់គ្រងនិងការប្រើប្រាស់ចំណូលពីវិស័យប្រេង រ៉ែនិងឧស្ម័ននេះទេ។
លោក ឈិត សំអាត គឺជានាយកប្រតិបត្តិនៃអង្គការក្រៅរដ្ឋាភិបាលមួយនេះបានបញ្ជាក់ថា៖
«សិស្សនិស្សិតហ្នឹងមានសារៈសំខាន់ណាស់ក្នុងការទទួលបានព័ត៌មាន។ ទី១ ដើម្បីការសិក្សានិងស្រាវជ្រាវរបស់គាត់។ ទី២ គាត់ដឹងពីប្រវត្តិសាស្ត្រពីចំណូលអីហ្នឹងគឺថាសំខាន់ណាស់ ព្រោះថា បើយើងជាលទ្ធិប្រជាធិបតេយ្យ ព័ត៌មានទាំងអស់ត្រូវតែមានតម្លាភាព។ អញ្ចឹងបន្តិចទៀត និស្សិតទាំងអស់ហ្នឹងនឹងទាមទារព័ត៌មានហ្នឹងហើយ។ ខ្ញុំសង្ឃឹមថាព័ត៌មានមិនអាចលាក់ខ្ទប់បានទេ។ ព័ត៌មានមួយចំនួនដែលទាក់ទងនឹងជាតិគឺត្រូវតែផ្សាយចេញ»។
ក្រុមអ្នកតស៊ូមតិដើម្បីយុវជន លើកឡើងថា ការខកខានមិនបានផ្តល់ព័ត៌មានឲ្យបានទូលំទូលាយស្តីពីចំណូលពីវិស័យឧស្សាហកម្មនិស្សារណកម្មនេះ នឹងរារាំងយុវជនមិនឲ្យ
ចូលរួមបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៅក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។
«ក្រុមរបស់គាត់ហ្នឹងគឺជាក្រុមមួយដែលរដ្ឋាភិបាលឬក៏សង្គមត្រូវធ្វើការវិនិយោគយ៉ាងពេញទំហឹងទៅលើគាត់ ដើម្បីឲ្យគាត់ក្លាយទៅជាពលរដ្ឋមួយដែលសកម្ម។ បើពួកគាត់មិនបានទទួលព័ត៌មានអំពីចំណូលដែលបានពីវិស័យឧស្សាហកម្មនិស្សារណកម្មទេ នោះការជំរុញឬលើកទឹកចិត្តគាត់ឲ្យមានការចូលរួមក្នុងនាមជាពលរដ្ឋនៅក្នុងសង្គមប្រាកដជាមានការខ្វះចន្លោះ»។
អង្គការសង្គមស៊ីវិល លើកឡើងថា បច្ចុប្បន្នរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនរុករករ៉ែចំនួន១២៨ និងក្រុមហ៊ុនរុករកប្រេងចំនួនប្រមាណ២០ទៅទូទាំងដែនដីនិងដែនសមុទ្រកម្ពុជាដោយរួមមានក្រុមហ៊ុន Chevron របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន Jogmec របស់ប្រទេសជប៉ុនជាដើម។ ប៉ុន្តែ ព័ត៌មានអំពីចំណូលដែលបានពីការផ្តល់អាជ្ញាប័ណ្ណនិងការអភិវឌ្ឍវិស័យនេះមានតិចតួចនៅឡើយ។
លោក ជាង សុខា ពន្យល់ពីមូលហេតុនៃកង្វះព័ត៌មាននេះ។
«ដោយសារវាពាក់ព័ន្ធនឹងផលប្រយោជន៍។ កាលណាប្រជាពលរដ្ឋទទួលបានព័ត៌មានពេញលេញអំពីចំណូលដែលបានពីវិស័យឧស្សាហកម្មនិស្សារណកម្មនេះ អញ្ចឹងវាអាចធ្វើឲ្យរាជរដ្ឋាភិបាលត្រូវប្រឹងប្រែងដើម្បីធានាឲ្យបាននូវតម្លាភាពក្នុងការប្រើប្រាស់ថវិកានេះ។ អញ្ចឹងវានឹងអាចបាត់បង់ផលប្រយោជន៍របស់បុគ្គលណាមួយដែលនឹងទទួលបានប្រយោជន៍ពីវិស័យហ្នឹងដែរ»។
លោក ស៊ឹម ស៊ីសុខាលី គឺជាប្រធាននាយកដ្ឋានអភិវឌ្ឍធនធានរ៉ែ នៃក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល។
លោក និយាយថា បច្ចុប្បន្ន រដ្ឋាភិបាលកំពុងរៀបចំគណៈកម្មការមួយដើម្បីគ្រប់គ្រងចំណូលពីវិស័យនេះ។ ប៉ុន្តែ លោកថា កម្ពុជាត្រូវការធនធានមនុស្សជាច្រើនទៀត ដើម្បីបំពេញកិច្ចការលើវិស័យនេះឲ្យបានគ្រប់ជ្រុងជ្រោយ។
«យើងជួបការលំបាកពីបញ្ហាធនធានមនុស្សនេះ។ អញ្ចឹងការងារដែលយើងមើលឃើញច្រើនដែលយើងត្រូវធ្វើ ប៉ុន្តែវាគ្មានអ្នកជួយរែកពន់ឲ្យបានពេញលេញ»។
កម្ពុជារំពឹងថានឹងអាចចាប់ផ្តើមទទួលបានចំណូលជាដុំកំភួន ចាប់ពីចុងឆ្នាំ២០១២នេះទៅ ជាពេលដែលរដ្ឋាភិបាលបានគ្រោងឲ្យក្រុមហ៊ុនChevronចាប់ផ្តើមផលិតប្រេងនៅក្នុងឈូងសមុទ្រកម្ពុជាមុនគេ។
ប៉ុន្តែ ក្រុមអ្នកតាមដានការអភិវឌ្ឍវិស័យនេះ សម្តែងមន្ទិលអំពីលទ្ធភាពដែលកម្ពុជាអាចទទួលបានដំណក់ប្រេងលើកដំបូងរបស់ខ្លួនតាមកាលកំណត់របស់រដ្ឋាភិបាលនោះ។
យ៉ាងណាក៏ដោយ ក្រុមនិស្សិតទាំងនេះ រំពឹងថា ពួកគេនឹងទទួលបានព័ត៌មានអំពីការគ្រប់គ្រងចំណូលដែលបានពីវិស័យឧស្សាហកម្មនិស្សារណកម្មនេះ។
កញ្ញា វណ្ណ ហ្សូលីដា៖
«ព្រោះថា យើងរស់នៅក្នុងទឹកដីខ្មែរ យើងត្រូវតែដឹងថានៅក្នុងទឹកដីខ្មែរគឺមានបរិមាណចំនួនប្រេងកាត ឬក៏ធនធានហ្នឹងស្អីខ្លះ ហើយចំណូលបានហ្នឹង រាជរដ្ឋាភិបាលទទួលបានប៉ុន្មាន ហើយ គាត់បែងចែកយកទៅធ្វើអីខ្លះ?»
ហ្សូលីដា បន្តថានាងក៏ចង់ដឹងដែរថាតើប្រជាពលរដ្ឋខ្មែររួមទាំងនិស្សិតដូចជារូបនាងផ្ទាល់ នឹងទទួលបានអ្វីខ្លះពីចំណូលទាំងនោះ៕