ទោះបីជាសំណុំរឿង០០១បានបញ្ចប់ដោយការដាក់ទោសអស់មួយជីវិតចំពោះជនជាប់ចោទម្នាក់ ហើយសំណុំរឿង០០២ដែលមានជនជាប់ចោទកំពូល ៣នាក់កំពុងស្ថិតក្រោមការកាត់ក្តី តែក្រុមអ្នកឃ្លាំមើលនិងអ្នកច្បាប់ខ្លះដែល ព្រួយបារម្ភពីកេរដំណែលតុលាការនិងការមិនផ្តល់ថវិកាទ្រទ្រង់តុលាការខ្មែរក្រហមពីម្ចាស់ជំនួយនោះបានស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាថាបានប្រើប្រាស់វិធី បង្អាក់នីតិវិធីស៊ើបអង្កេតសំណុំរឿងបន្ថែម០០៣និង០០៤ តាមរយៈប្រព័ន្ធ តុលាការ និងការមិនតែងតាំងសហចៅក្រមស៊ើបអង្កេតបម្រុងរបស់អ.ស.បឡូរ៉ង់ កាស្ពែរ អង់ស៊ែរមេ (Laurent Kasper-Ansermet)។
លោកស្រី នូស្ស៊ីន សាការាទី(Nushin Sarkarati ) មន្ត្រីច្បាប់នៃអង្គការសិទ្ធិមនុស្សមួយរបស់ស.រ.អា Center for Justice and Accountability ដែលបាន គាំទ្រដល់ជនរងគ្រោះដើម្បីដាក់ពាក្យប្តឹងជនជាប់ចោទក្នុងសាលាក្តីបានថ្លែង ថា៖
«ខ្ញុំគិតថាទង្វើរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជ្រៀតជ្រែកក្នុងការតែងតាំងចៅក្រម ឡូរ៉ង់ កាស្ពែរ អង់ស៊ែរមេ គឺបង្កើនឲ្យមានការរិះគន់ប្រឆាំងនឹងតុលាការ»។
លោកស្រីបានបន្តថា៖
«ប្រសិនបើរដ្ឋាភិបាលកម្ពុជាបន្តបង្អាក់ការស៊ើបអង្កេតនេះនិងការតែងតាំង លោកចៅក្រម Kasper ពេលនោះរដ្ឋាភិបាលនឹងជ្រៀតជ្រែក ដល់ដំណើរការ តុលាការហើយនឹងអំណាចរបស់តុលាការក្នុងការកាត់ទោស ក្រុមមេដឹកនាំជាន់ខ្ពស់និងជនទទួលខុសត្រូវខ្ពស់បំផុតដែលបានប្រព្រឹត្ត ឧក្រិដ្ឋកម្មដ៏ឃោរឃៅ»។
លោក ផៃ ស៊ីផានអ្នកនាំពាក្យមួយរូបរបស់រដ្ឋាភិបាលបានច្រានចោលអត្ថា ធិប្បាយពីការជ្រៀតជ្រែកពីរដ្ឋាភិបាល។ លោកបានបញ្ជាក់ថា៖
«សំណុំរឿងទី៣ ទី៤ អាហ្នឹងជាសិទ្ធិរបស់សហចៅក្រមក៏ប៉ុន្តែក្នុងការចាត់តាំងសហចៅក្រមបម្រុង រឿងហ្នឹងជាសិទ្ធិរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ រឿងពីរហ្នឹងត្រូវបែងចែកឲ្យដាច់ពីគ្នា»។
សាលាក្តីកាត់ទោសខ្មែរក្រហមដែលកំពុងខ្វះខាតថវិកាបានប្រឡាក់ប្រឡូសនឹងការចោទប្រកាន់ដោយអំពើពុករលួយកាត់ប្រាក់ខែបុគ្គលិកសូកប៉ាន់មន្ត្រី រដ្ឋាភិបាលហើយនឹងការជ្រៀតជ្រែកផ្នែកនយោបាយ។
សំណុំរឿង០០៣ និង០០៤ ដែលមានជនសង្ស័យ៥នាក់ជាអតីតកម្មាភិបាល ខ្មែរក្រហមត្រូវសហព្រះរាជអាជ្ញាបានដាក់ជូនដល់ដៃសហចៅក្រមស៊ើបអង្កេតទាំងពីរ កាលពីខែវិច្ឆិកាឆ្នាំ២០០៨។ សហចៅក្រមស៊ើបអង្កេត ដែលអ.ស.បបានស្នើកាលពីខែតុលារំពឹងថានឹងដំណើរការនីតិវិធីរបស់ខ្លួនក្នុងការនាំខ្លួនជនសង្ស័យមកឃុំខ្លួនស៊ើបអង្កេតបន្ត។ ក៏ប៉ុន្តែ ប្រទេសកម្ពុជាបានជំទាស់ដាច់ខាតទៅនឹងអ.ស.បដែលចង់នាំខ្លួនជនសង្ស័យបន្ថែមមកកាត់ទោសនោះ មិនព្រមតែងតាំងសហចៅក្រមស៊ើបអង្កេត ឡូរ៉ង់ កាស្ពែរ អង់ស៊ែរមេដើម្បីបន្តនីតិវិធីតុលាការនោះទេ។ ភាគីទាំងពីរកម្ពុជានិងអ.ស.បបានបកស្រាយច្បាប់រៀងៗខ្លួន។ អ.ស.បបានចោទប្រកាន់ថាកម្ពុជាបានរំលោភលើ កិច្ចព្រមព្រៀងបង្កើតសាលាក្តីខ្មែរក្រហម។ កម្ពុជាចាត់ទុកថាការតែងតាំងនោះ ជាអធិបតេយ្យភាពរបស់កម្ពុជា។
លោក ភីធ័រ ម៉ាហ្គៃអឺ (Peter Maguire) សាស្ត្រាចារ្យអាមេរិកម្នាក់ និងជាអ្នកនិពន្ធសៀវភៅស្តីពីរបបខ្មែរក្រហម ដែលមានចំណងជើងថា «ប្រឈមនឹងមរណភាពនៅកម្ពុជា» (Facing Death in Cambodia) បានថ្លែងថា លោកបានអះអាង ថានាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងជាច្រើនឆ្នាំយ៉ាងច្បាស់និងជាឧឡារិកថា សំណុំរឿង០០២ប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ជាសំណុំរឿងចុងក្រោយ។
លោកបានបន្ថែមថា៖
«ទោះជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិមិនទទួលស្គាល់ការសម្រេច ចិត្តនយោបាយម្ចាស់ប្រទេសទេ»។
ក្រុមអ្នកវិភាគខ្លះបានអះអាងថាការមិនព្រមតែងតាំងសហចៅក្រមស៊ើបអង្កេត អ.ស.បអាចផ្តល់ឱកាសដល់ភាគីកម្ពុជាទាត់ចោលសំណុំរឿងបន្ថែម០០៣ និង ០០៤ឬមិនដំណើរការនៅជំហានបន្ទាប់ទៀតដោយសារថាភាគី អ.ស.បពុំមាន សហចៅក្រមស៊ើបអង្កេតស្របនឹងច្បាប់ឬមាននិត្យានុកូលភាពអាចបន្តកិច្ចការបាន។ សហចៅក្រមខ្មែរដែលគេចោទប្រកាន់ថាធ្វើកិច្ចការស្របនឹងបន្ទាត់ នយោបាយរបស់រដ្ឋាភិបាលត្រូវគេគិតថាអាចទុកចោលសំណុំរឿងបន្ថែមឬច្រានចោល។ ចំណែកចៅក្រមបម្រុងអន្តរជាតិ បើតាមនីតិវិធី អាចប្តឹងទៅអង្គបុរេជំទាស់នឹងសហចៅក្រមខ្មែរជាថ្មីទៀត។ តែពេលនោះអង្គបុរេក៏នឹងមិនទទួលស្គាល់ពាក្យបណ្តឹងដដែលដោយសារសហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិពុំមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់តាមការទាមទាររបស់កម្ពុជា។
ទោះជាយ៉ាងណាក៏ដោយលោកសហព្រះរាជអាជ្ញា Andrew Cayley អះអាង ប្រាប់វីអូអេកាលពីសប្តាហ៍មុនថានេះជាវិធានច្បាប់តម្រូវនិងកាតព្វកិច្ចដែលក្រុម ចៅក្រមត្រូវធ្វើពេលទទួលបានដីកាបញ្ជូនរឿងឲ្យស៊ើបសួរពីសហព្រះរាជអាជ្ញា រួចហើយនោះ។
លោក Andrew Cayleyបានបន្ថែមថា៖
«ដូច្នេះខ្ញុំរំពឹងទុកថាចៅក្រមថ្មីនឹងធ្វើកិច្ចការលើសំណុំរឿង០០៣ និង០០៤ក្នុងពេលប៉ុន្មានខែខាងមុខ»។
មន្ត្រីអ.ស.បបានបញ្ជាក់ហើយថា លោកសហចៅក្រមបម្រុង ឡូរ៉ង់ កាស្ពែរ អង់ស៊ែរមេ អាចបំពេញកិច្ចការស៊ើបអង្កេតបានដោយសារលោកត្រូវបានតែង តាំងពីអ.ស.បនិងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមម្តងហើយ។ ក្រុមអ្នកតាមដាន កិច្ចការតុលាការខ្លះនិយាយថាជារឿងពិបាកសម្រាប់តុលាការឧក្រិដ្ឋកម្ម អន្តរជាតិនីមួយៗក្នុងប្រទេសជាច្រើនដើម្បីស្វែងរកការសហការក្នុងការចេញ ដីកាចាប់ខ្លួន ឃុំខ្លួនជនសង្ស័យ ក្នុងពេលដែលប្រទេសសាម៉ីមិនព្រមព្រៀង។
សំណុំរឿង០០៣និង០០៤មានជនសង្ស័យ៥នាក់ជាកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាល ដែលសហព្រះរាជអាជ្ញាអន្តរជាតិបានចោទប្រកាន់ជាបឋមនោះថាមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរនានានៅសម័យខ្មែរក្រហមហើយគួរត្រូវនាំខ្លួនមកឃុំឃាំងនិងចោទប្រកាន់ហើយស៊ើបអង្កេត។ ជនសង្ស័យទាំងនោះ មានលោក ស៊ូ ម៉េត យឹម ទិត មាស មុត អោម អាន និង អ្នកស្រីអ៊ឹម ចែម។ នេះបើតាម ឯកសារសម្ងាត់ដែលវីអូអេទទួលបានបន្ទាប់ពីត្រូវបណ្តាញផ្សាយព័ត៌មានបរទេសផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណេតអំពីឈ្មោះជនសង្ស័យ។ ជនសង្ស័យ ៣នាក់ក្នុងចំណោម៥នាក់ដែលវីអូអេបានជួបជាបន្តបន្ទាប់ថ្មីៗនេះគឺលោក មាស មុត តាអាន និង អ្នកស្រី អ៊ឹម ចែមបានបកស្រាយជាមួយវីអូអេសំឡេងស.រ.អាផ្នែកខេមរភាសា ហើយបដិសេធការចោទប្រកាន់របស់សហព្រះរាជអាជ្ញាបរទេស។
សាលាក្តីខ្មែរក្រហមកំពុងកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ក្នុងសំណុំរឿង០០២ ដែលមានជនជាប់ចោទ៣នាក់គឺ នួន ជា បងធំទី២ ខៀវ សំផន ប្រមុខរដ្ឋ និង អៀង សារីរដ្ឋមន្ត្រីការបរទេសពីបទឧក្រិដ្ឋកម្មជាតិ និងអន្តរជាតិជាច្រើនដែលទាក់ទងនឹងបទចោទទៅនឹងការសម្លាប់រង្គាលពលរដ្ឋខ្មែរស្លូតត្រង់ ជាង១,៧លាននាក់។ សាលាក្តីខ្មែរក្រហមដែលចំណាយទឹកប្រាក់ជាង១០០លានដុល្លារបាន កាត់ទោសសំណុំរឿង០០១ គឺកាំង ហ្កេកអ៊ាវ ហៅឌុចដែលជាអតីតប្រធានគុកទួលស្លែងខ្មែរក្រហម ស ២១ ក្នុងទីក្រុងភ្នំពេញឲ្យជាប់គុកអស់មួយជីវិត ចំពោះការទទួលខុសត្រូវលើការសម្លាប់មនុស្សជាង១២.០០០នាក់៕