អតីតបងធំទី២នៃរបបខ្មែរក្រហម នួន ជា បានបញ្ជាក់នៅក្នុងការកាត់ទោសនៅថ្ងៃពុធនេះថា ក្រុមមេដឹកនាំជាន់ខ្ពស់ និងគណបក្សកុម្មុយនីស្ដខ្មែរក្រហមមិនមែនជា «អាយ៉ង» របស់វៀតណាមទេ រហូតដល់ពួកគេឡើងកាន់កាប់អំណាចដោយចុងកាំភ្លើងថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥។
សេចក្ដីអះអាងនេះធ្វើឡើងបន្ទាប់ពីអតីតប្រធានសភាខ្មែរក្រហមអាយុ៨៥ រូបនេះ បានបន្ដធ្វើការចោទប្រកាន់ប្រទេសវៀតណាមជាបន្តបន្ទាប់ចាប់តាំងពីការកាត់ទោសនៅសប្ដាហ៍មុនថា ប្រទេសកុម្មុយនីស្ដមួយនេះបានជាប់ពាក់ព័ន្ធនឹងការសម្លាប់ប្រជាពលរដ្ឋកម្ពុជាចំនួនយ៉ាងតិច១,៧លាននាក់ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យដែលបានកាន់កាប់អំណាចជិតបួនឆ្នាំរហូតដល់ខែមករាឆ្នាំ១៩៧៩។
ឆ្លើយនឹងសំណួររបស់សហព្រះរាជអាជ្ញារងជនជាតិអាមេរិកាំង ដេល លីសាក (Dale Lysak )របស់អង្គជំនុំជម្រះសាលាដំបូងក្នុងការកាត់ទោសនៅថ្ងៃនេះ នួន ជា នៅក្នុងរង្វង់ក្រចកសេះបានបង្ហាញថា គណបក្សកុម្មុយនីស្ដកម្ពុជា និងមេដឹកនាំគណបក្សនេះដែលរួមមានរូបលោក មិនបានស្ថិតក្រោមអំណាចរបស់វៀតណាមទេ។
«កាលនោះមិនធ្វើជាអាយ៉ងរបស់វៀតណាមទេ ក៏ប៉ុន្តែមានកិច្ចការអីអាចមានការពិភាក្សាគ្នាខ្លះ។ ពីឆ្នាំ១៩៦០ រៀងរហូតមក បក្សកម្ពុជាមានមាគ៌ាយុត្តវិធីរបស់ឯង ដាច់ពីវៀតណាម។ យើងធ្វើសេចក្តីសម្រេចដោយខ្លួនយើង ប៉ុន្តែថា ឲ្យគេពេញចិត្ត គេមិនពេញចិត្តទេ»។
គណបក្សកុម្មុយនីស្ដកម្ពុជាបានកើតចេញពីគណបក្សកុម្មុយនីស្ដឥណ្ឌូចិនសម្រាប់បីប្រទេស គឺកម្ពុជា វៀតណាម និងឡាវ។
មន្ដ្រីផ្លូវការរបស់ស្ថានទូតវៀតណាមក៏ធ្លាប់បានច្រានចោលការចោទប្រកាន់របស់នួន ជា ដែលបានភ្ជាប់ការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាទៅនឹងវៀតណាមផងដែរ។
នៅក្នុងការផ្ដល់សក្ខីកម្មនៅរសៀលនេះ លោក ឡុង នរិន្ទ អតីតកម្មាភិបាលខ្មែរក្រហមក្នុងក្រសួងការបរទេសក្រោមការត្រួតត្រារបស់អៀង សារី បានលើកឡើងថា លោកមិនដឹងពីឥទ្ធិពលបរទេសលើការសម្លាប់ប្រជាពលរដ្ឋកម្ពុជានោះទេ។
នៅក្នុងសវនាការនោះ នួន ជា ក៏បានប្រកែកដោយអស់សំណើចចំពោះការចោទសួររបស់ចៅក្រមសាលាដំបូង (ហ្សង់ម៉ាក ឡាវែង (Jean-Marc Laveng) ថា ខ្លួនមិនមែនជាបងធំទី២នោះទេត្បិតពាក្យនេះគឺកា្លយមកពីអ្នកនិយមមនោគមវិជ្ជាវៀតណាម។
«ខ្ញុំសូមគោរពលោក។ ក្នុងបក្សកុម្មុយនីស្តកម្ពុជា គ្មានបងទី១ គ្មានបងទី២ គ្មានបងទី៣ទេ។ ក៏ប៉ុន្តែដែលហៅបងទី២នេះ វាជាប់ពីវប្បធម៌យួន»។
កាលពីថ្ងៃអង្គារ នួន ជា បានសារភាពថា គណបក្សកុម្មុយនីស្ដកម្ពុជារបស់ខ្មែរក្រហមមានផែនការទុកជាមុនក្នុងការបណ្ដេញប្រជាជនចេញពីក្រុងភ្នំពេញ។ នៅថ្ងៃនេះ នួន ជា បានអះអាងថា អៀង សារី អតីតរដ្ឋមន្ដ្រីការបរទេស និង ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហមមិនត្រូវបានជូនដំណឹងពីការសម្រេចនេះទេ។
ទាំងនួន ជា ទាំងលោក ឡុង នរិន្ទ សុទ្ធតែបានបង្ហាញពីព្រះរាជសកម្មភាពរបស់អតីតព្រះមហាក្សត្រខ្លះក្នុងចលនា និងមុខងាររបស់ព្រះអង្គជាប្រមុខរដ្ឋនៅជាមួយពួកខ្មែរក្រហម។ ក៏ប៉ុន្ដែលោកឡុង នរិន្ទ បញ្ជាក់ថា អតីតព្រះមហាក្សត្រក្នុងពេលនោះពុំមានអំណាចនោះទេ។ សូមបញ្ជាក់ថា ក្នុងសវនាការនៅថ្ងៃនេះ នួន ជា ដែលពាក់អាវរងារពណ៌ខ្មៅ បានចោទសួរទៅលោកឡុង នរិន្ទ ដែលផ្ដល់សក្ខីកម្មតាមការភា្ជប់ខ្សែវីដេអូ អំពីការជាប់ទាក់ទងនឹងឥទ្ធិពលកម្មាភិបាលខ្មែរក្រហមមួយចំនួន។ ក្រៅពីនោះ សាក្សីក៏បានបង្ហាញថា លោក គាត ឈន់ បច្ចុប្បន្នជាឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាមន្ដ្រីម្នាក់ក្នុងក្រសួងការបរទេសខ្មែរក្រហមដែរ៕