ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នួន ជា​បង្ហាញ​ពី​ទំនាក់​ទំនង​លោក​ហេង សំរិន ​ជា ស៊ីម​ក្នុង​ចលនា​ខ្មែរក្រហម


លោក​ហេង​ សំរិន​ បច្ចុប្បន្ន​គឺ​ជា​ប្រធាន​រដ្ឋសភា ​និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា។​ រីឯ​លោក​ជា ​ស៊ីម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ព្រឹទ្ធសភា។​ (ពីឆ្វេង)
លោក​ហេង​ សំរិន​ បច្ចុប្បន្ន​គឺ​ជា​ប្រធាន​រដ្ឋសភា ​និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា។​ រីឯ​លោក​ជា ​ស៊ីម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ព្រឹទ្ធសភា។​ (ពីឆ្វេង)

អតីត​ប្រធាន​សភា​ខ្មែរក្រហម​ នួន ​ជា ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​ជាមួយ​មេ​ដឹកនាំ​កំពូល​ពីរ​រូប​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់កាប់​អំណាច ​នៅ​ថ្ងៃ​អង្គារ​នេះ​គឺ​លោក​ហេង​ សំរិន​ និង​លោក​ជា ​ស៊ីម ​ក្នុង​ពេល​ដែល​លោក​បាន​ចូល​តស៊ូ​ក្នុង​ចលនា​ទ័ព​ព្រៃ​របស់​ពួក​ខ្មែរក្រហម។

លោក​ហេង​ សំរិន​ បច្ចុប្បន្ន​គឺ​ជា​ប្រធាន​រដ្ឋសភា ​និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា។​ រីឯ​លោក​ជា ​ស៊ីម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ព្រឹទ្ធសភា។

នេះ​គឺ​ជាលើក​ទីមួយ​ហើយដែល​អតីត​បង​ធំ​ទី​ពីរ​នៃ​របប​ខ្មែរក្រហម​បាន​និយាយ​ភ្ជាប់​ទៅ​នឹង​មេ​ដឹកនាំ​បច្ចុប្បន្ន ​ខណៈ​ពេល​សហ​ចៅក្រម​ស៊ើប​អង្កេត​បរទេស​បាន​កោះហៅ​មន្ដ្រី​ជាន់​ខ្ពស់​ក្នុង​គណបក្ស​ប្រជា​ជនកម្ពុជា​សរុប​ចំនួន​ប្រាំមួយ​រូប ​ឲ្យ​ចូល​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​តុលាការ​ ក៏​ប៉ុន្តែ​មិន​បាន​សម្រេច។

នួន​ ជា ​អាយុ​៨៥​ឆ្នាំ ​ពាក់​វ៉ែនតា​ខ្មៅ ​បាន​ឆ្លើយតប​នឹង​សំណួរ​របស់​លោក​ ម៉ាយឃើល ​ផេសម៉េន​ (Michael Pestman) ដែល​ជា​សហ​មេធាវី​អន្ដរជាតិ​របស់​គាត់។ ​ជន​ជាប់​ចោទ​រូប​នេះ​លើក​ឡើង​ថា ​លោក​ហេង ​សំរិន​គឺ​ជា​អ្នក​ជូន​ដំណើរ​រូប​គាត់​ទៅ​ចរចា​ជាមួយ​លោក​ង្វៀន ​វ៉ាន់លិញ​ (Nguyen Van Linh) ​អតីត​អគ្គលេខា​បក្ស​កុម្មុយនិស្ដ​វៀតណាម។

«ហេង ​សំរិន ​ជា​អ្នក​នាំ​ផ្លូវ​ខ្ញុំ​ទៅ​ជួប​ង្វៀន ​វ៉ាន់លិញ​នៅ​ដែនដី​វៀតណាម»។

នួន ​ជា​គឺ​ជា​ជន​ជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ​បី​នាក់​ក្នុង​សំណុំ​រឿង​០០២ ​ដែល​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់ទោស​តាមការ​ចោទ​ប្រកាន់​អំពី​អំពើ​ឃោរឃៅ​ ដែល​បាន​បណ្ដាល​ឲ្យ​ប្រជាជន​កម្ពុជា​ស្លាប់​យ៉ាង​តិច​១,៧​លាន​នាក់។

នួន ជា​បាន​កោត​សរសើរថា​ លោក​ហេង ​សំរិន​ជា​មនុស្ស​ស្មោះត្រង់ ​និង​ជា​មនុស្ស​ស្និទ្ធិស្នាល​ជាមួយ​រូប​គាត់។

«ហេង ​សំរិន​ហ្នឹង​គាត់​ក្រ​ទេ។ ​រក​តែ​ក្របី​ឃ្វាល​គ្មាន​ផង។ ​មាន​តែ​ខោ​ខ្លី​មួយ។ ​ប៉ុន្ដែ​គាត់​ជា​មនុស្ស​ល្អ​ណាស់ ​គុណ​ធម៌ ​សីលធម៌ ​ក្លាហាន ​តស៊ូ​ប្ដូរ​ផ្ដាច់។ ​ហើយ​ក្រោយ​មក​ទៀត​គាត់​បាន​ធ្វើ​ជា​មេទ័ព​ ក្រោយ​ពេល​រំដោះ (ខ្មែរក្រហម​ឡើង​កាន់​អំណាច)។ ​ជីវិត​ខ្ញុំ​និង​លោក​ហេង ​សំរិន​ជាប់​គ្នា​ណាស់»។

នួន ​ជា​ក៏​បាន​អះអាង​បន្ថែម​ថា ​លោក​ធ្លាប់​រៀន​ជាមួយ​លោក​ជា ​ស៊ីម​ផង​ដែរ។

«ជា ​ស៊ីម​ក៏​ធ្លាប់​រៀន​ជាមួយ​ខ្ញុំ​ដែរ។ ​កាល​នោះ​គាត់​ធ្វើ​គណៈ​ស្រុក​ត្បូង​ឃ្មុំ។ ​គាត់​ក៏​ក្រ​ដែរ។ ​ពេល​ខ្លះ​ក៏​ខ្វះខាត​ទៅ​ខ្ចី​បុល​គេ។ ​ហើយ​ក្រោយ​រំដោះ​ ខ្ញុំ​ក៏​មិន​ដឹង​ថា​ គាត់​ធ្វើ​អី​ទៀត​ដែរ»។

អតីត​សហ​ចៅក្រម​ស៊ើបអង្កេត​សញ្ជាតិ​បារាំង ​លោក​ម៉ាកសែល​ ឡឺម៉ុងដ៍​ធ្លាប់​បាន​ចេញ​ដីកា​កោះ​ហៅ​ឥស្សរជន​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ប្រាំ​មួយ​រូប​ ឲ្យ​ចូល​ផ្ដល់​សក្ខីកម្ម​ក្នុង​សំណុំ​រឿង​០០២​នេះ។ ​ក្នុង​នោះ​មាន​លោក​ជា ​ស៊ីម ​លោក​ហេង ​សំរិន ​លោក​គាត ​ឈន់ ​ឧបនាយក​រដ្ឋមន្ដ្រី​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​លោក​ហោ ​ណាំហុង ​ឧប​នាយក​រដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ការ​បរទេស ​និងស​មាជិកព្រឹទ្ធសភា​ចំនួន​ពីរ​រូប​គឺ​លោក​ស៊ឹម ​កា ​និង​លោក​អ៊ុក​ ប៊ុនឈឿន។ ​ក៏ប៉ុន្ដែ​ពុំ​មាន​ការ​ឆ្លើយ​ណា​មួយ​ពី​មន្ដ្រី​ទាំង​នោះ​ទេ។

វីអូអេ​បាន​ព្យាយាម​ទាក់ទង​លោក​ជាម ​យៀប ​តំណាងរាស្ដ្រ ​និង​ជា​សមាជិក​ជាន់​ខ្ពស់​ក្នុង​គណបក្ស​ប្រជា​ជន​កម្ពុជាដើម្បី​សុំ​ការ​បំភ្លឺ ​តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

ដោយឡែក​លោក​បណ្ឌិត​ឡៅ ​ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ និង​ជា​អ្នក​តាម​ដាន​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ​មាន​ប្រសាសន៍​ថា ​សេចក្ដី​ថ្លែង​ការណ៍​របស់​ជន​ជាប់​ចោទ​នួន​ ជា​គឺ​គ្រាន់​តែ​ជា​ការ​រំឭក​នូវ​អនុស្សាវរីយ៍​ជាមួយ​អតីត​អ្នក​តស៊ូ​រួម​គ្នា​ជាមួយ​គាត់​តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ​ក្នុង​ការ​ឆ្លើយ​តប​នឹង​សំណួរ​របស់​ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​កាល​ពី​ព្រឹក​មិញ​នេះ ​នួន​ ជា​បាន​បដិសេធ​ការ​បណ្ដេញ​ព្រះ​សង្ឃ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ និង​តំបន់​ប្រជុំជន​ ក៏​ប៉ុន្ដែ​សាក្សី​សំខាន់​មួយ​រូប​គឺ​អ្នកស្រី​ប្រាក់ ​យុត​បាន​ប្រាប់​តុលាការ​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​របស់​ខ្លួន​ថា ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ដែល​នួន​ ជា​ធ្វើ​ជា​មេដឹកនាំ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​ប៉ុល ​ពត​ បាន​ដាក់​បញ្ជា​ជា​លាយ​លក្ខណ៍​អក្សរ​ឲ្យ​លុប​បំបាត់​វត្តអារាម ​និង​ផ្សឹក​លោក​សង្ឃ៕

XS
SM
MD
LG