ភ្នំពេញ៖ ជនជាប់ចោទនួន ជា មានសម្បទាគ្រប់គ្រាន់សម្រាប់ចូលរួមការកាត់ទោសលើរូបគាត់។
លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបានប្រកាសក្នុងសវនាការនៅព្រឹកថ្ងៃសុក្រនេះដោយសំអាងលើរបាយការណ៍ថ្មីៗរបស់ក្រុមគ្រូពេទ្យជំនាញផ្នែកជំងឺមនុស្សចាស់ដែលថាបើទោះជាជនជាប់ចោទមានសុខភាពផ្លូវកាយទន់ខ្សោយក៏ដោយក៏ជនជាប់ចោទវ័យ៨៦ឆ្នាំរូបនេះ«នៅតែមានសម្បទាចូលរួមសវនាការប្រកបដោយអត្ថន័យ»។
លោកចៅក្រមនិល ណុនបានបន្ថែមថា៖
«ផ្នែកលើការសន្និដា្ឋនរបស់អ្នកជំនាញអង្គជំនុំជម្រះសាលាដំបូងតម្កល់នូវសេចក្តីសម្រេចរបស់ខ្លួនពីពេលកន្លងទៅដែលថាជនជាប់ចោទនួន ជាមានកាយសម្បទានិងសតិបញ្ញាស្មារតីគ្រប់គ្រាន់ក្នុងការចូលរួមសវនាការ»។
សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីសវនាការកាលពីថ្ងៃច័ន្ទដើម្បីស្តាប់របាយការណ៍វេជ្ជសាស្ត្រស្តីពីកាយសម្បទារបស់នួន ជា សម្រាប់ចូលរួមសវនាការ។
នៅក្នុងសវនាការនោះលោកសាស្ដ្រាចារ្យចន ខាំបែល (John Campbell) ជំនាញផ្នែកជំងឺមនុស្សចាស់និងលោកវេជ្ជបណ្ឌិត ស៊ីណា ហ្វាហ្ស៊ែល (Seena Fazel) បានប្រាប់អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមក្នុងសវនាការនៅថ្ងៃច័ន្ទនេះថាថ្វីត្បិតតែនួន ជា មានវ័យចំណាស់និងមានការចុះខ្សោយផ្នែកសុខភាពប៉ុន្តែគាត់មានលទ្ធភាពចូលរួមដំណើរការកាត់ទោសបាន។
តាមវិធានផ្ទៃក្នុងនៃសាលាក្តីខ្មែរក្រហមជនជាប់ចោទដែលមិនមានស្មារតីនិងសម្បទាទទួលការកាត់ទោសលើខ្លួនមិនត្រូវបាននាំយកមកកាត់ទោសនោះទេ។
លោកសុន អារុណ សហមេធាវីកម្ពុជារបស់នួន ជា និយាយក្នុងសវនាការនៅដើមសប្តាហ៍នេះថាកូនក្តីរបស់ខ្លួននៅមានជំងឺធ្ងន់ធ្ងរជាច្រើនដូចជាជំងឺលើសឈាមម្តងម្កាល រលាកផ្លូវដង្ហើម រលាកសាច់បេះដូង វិលមុខ ឈឺឆ្អឹងខ្នងធ្ងន់ធ្ងរដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការផ្ចង់អារម្មណ៍និងធ្វើឱ្យកម្លាំងចុះខ្សោយ។
លោកមេធាវីទាមទារឲ្យតុលាការព្យាបាលកូនក្តីរបស់ខ្លួនឲ្យជាសះស្បើយជាមុនសិនមុននឹងនាំខ្លួនចូលកាត់ទោស។
ការសម្រេចលើស្ថានភាពសុខភាពរបស់នួន ជា អតីតប្រធានសភាខ្មែរក្រហមនិងជាមេដឹកនាំខ្មែរក្រហមមានអំណាចលំដាប់ទី២បន្ទាប់ពីប៉ុល ពត នេះបន្ទាប់ពីការស្លាប់របស់អៀង សារី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសខ្មែរក្រហម។
អៀង សារី បានស្លាប់ក្នុងអាយុ៨៧ឆ្នាំក្នុងមន្ទីរពេទ្យនៅក្រុងភ្នំពេញកាលពីថ្ងៃទី១៤ខែមិនា។
ជនជាប់ចោទដែលនៅសេសសល់ក្នុងសំណុំរឿង០០២គឺនួន ជា និងខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហមកំពុងមានវ័យចាស់ជរានិងបានឈឺជាបន្តបន្ទាប់ហើយបានធ្វើឲ្យការកាត់ទោសផ្អាកជាច្រើនដងក្នុងពេលកន្លងមក។
នៅព្រឹកនេះដែរអង្គជំនុំជម្រះសាលាដំបូងក៏បានសម្រេចដម្កល់ការបំបែកនីតិវិធីជាផ្នែកតូចៗនៃដំណើរការក្តីក្នុងសំណុំរឿងទី២នេះដែរ៕