នួន ជា អតីតបងធំទីពីរនៃរបបខ្មែរក្រហមបានសារភាពនៅថ្ងៃពុធនេះថា ខ្មែរក្រហមបានបង្កើតកងសន្ដិសុខពិសេសដែលសុទ្ធសឹងតែជាកុមារមិនទាន់គ្រប់អាយុសម្រាប់ការពារពួកកម្មាភិបាលនៅក្នុងពេលកំពុងតស៊ូប្រដាប់អាវុធនៅក្នុងព្រៃ។
នួន ជាបានលើកឡើងយ៉ាងដូច្នេះ នៅពេលដែលសហព្រះរាជអាជ្ញារងអាមេរិកកាំង លោកដែល លីហ្ស៊ាក់ (Dale Lysak) បានចោទសួរដេញដោលពីមូលហេតុនៃការជ្រើសរើសកុមារឲ្យធ្វើជាអ្នកការពារផ្នែកសន្ដិសុខ និងការកកើតនៃចលនាប្រដាប់អាវុធ។ ក៏ប៉ុន្ដែអតីតប្រធានសភាខ្មែរក្រហមអាយុ៨៥ឆ្នាំ រូបនេះ បានបដិសេធថា ពួកកុមារទាំងនេះមិនមែនជាក្របខ័ណ្ឌយោធានោះទេ។
«ជាកងការពារកម្មាភិបាលពីដើម ជាកងសម្រាប់ជូនកម្មាភិបាលដើរធ្វើការងារ គ្មានអាវុធអីៗទេ។ ដូច្នោះមិនមែនកងយោធានោះទេ។ កុមារក្មេងអស់នេះ វាឃ្វាលគោផង ហើយវាជួយមើលកម្មាភិបាលផង។ ជាកូនចៅរបស់គេ បងប្អូនរបស់គេ។ គេការពារបងប្អូនគេ។ បើតាមខ្ញុំចាំ អាយុពី១៤ ១៥ឆ្នាំ»។
អង្គុយនៅលើរទេះរុញ នួន ជា ដែលបាក់ធ្មេញស្ទើរតែគ្មានសល់មួយគ្រាប់បានបង្ហាញការខឹងច្រឡោតចំពោះការចោទសួររបស់សហព្រះរាជអាជ្ញាអាមេរិកាំងម្ដងៗ រួមទាំងធ្វើការវាយបកទៅលើសហព្រះរាជអាជ្ញាដដែលនេះថា សហព្រះរាជអាជ្ញារងមិនដែលស្គាល់អ្នកក្រ។
នួន ជាបានបដិសេធមិនផ្ដល់ចម្លើយទៅលើឯកសារជាច្រើន ហើយបានធ្វើការទាមទារសារជាថ្មីម្តងទៀត ឲ្យសហព្រះរាជអាជ្ញាផ្ដល់នូវឯកសារដើមជូនគាត់។
យោងតាមលោក Dale Lysak នៅឆ្នាំ១៩៦៦ ពួកខ្មែរក្រហមបានលើកទិសដៅមួយថា ត្រូវតែកម្ទេច និងផ្ដួលរំលំ«ពួកចក្រព័ត្តិអាមេរិក» និងវណ្ណៈជិះជាន់ទាំងអស់ ហើយមានតែចលនាតស៊ូប្រដាប់អាវុធ និងគោលការណ៍នយោបាយទេ ទើបសម្រេចគោលការណ៍នេះបាន។
ក៏ប៉ុន្ដែនួន ជាបានបដិសេធដោយនិយាយថា ពួកខ្មែរក្រហមមានគោលការណ៍តស៊ូធ្វើនយោបាយច្រើនជាងការតស៊ូតាមប្រដាប់អាវុធ។ នួន ជាក៏បានបដិសេធផងដែរគឺមិនព្រមផ្ដល់ចម្លើយថា តើអ្នកណាជាអ្នកសម្រេចជ្រើសរើសកងសន្ដិសុខកុមារទេ ហើយបានបដិសេធមិនព្រមបង្ហាញគោលនយោបាយខ្មែរក្រហមនៅក្នុងការកំណត់គោលដៅសត្រូវរបស់បក្សកុម្មុយនិស្ដរបស់ពួកខ្មែរក្រហមទេ។ ក៏ប៉ុន្ដែនួន ជាបានបង្ហើបថា អ្នកដែលរំខានកិច្ចការផ្ទៃក្នុងនៃចលនាតស៊ូ និងអ្នកដែលត្រូវគេសង្ស័យថា បានផ្ដល់ដំណឹងដល់ការទម្លាក់គ្រាប់បែកបេ៥២ [B-52]គឺជាសត្រូវរបស់ខ្មែរក្រហម។
សូមបញ្ជាក់ថា នួន ជាគឺជាជនជាប់ចោទតែម្នាក់គត់នៅក្នុងចំណោមជនជាប់ចោទបីនាក់នៅក្នុងសំណុំរឿង០០២ ដែលត្រូវបាននាំយកមកកាត់ទោស ហើយត្រូវសួរដេញដោលក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នានេះ។ ដោយឡែក លោកក្លាន ហ្វ៊ីត ដើមបណ្ដឹងរដ្ឋប្បវេណី និងជាអតីតកម្មាភិបាលខ្មែរក្រហមមកពីខេត្តរតនគីរី បានបញ្ចប់ការផ្ដល់សក្ខីកម្មរបស់ខ្លួននៅថ្ងៃនេះដែរ៕