អតីតបងធំទី២នៃរបបខ្មែរក្រហមគឺនួន ជាបានសារភាពក្នុងសវនាការនៅថ្ងៃអង្គារនេះថា ការបណ្ដេញប្រជាពលរដ្ឋកម្ពុជាចេញពីទីក្រុងភ្នំពេញ គឺជាគោលការគិតទុករបស់បក្សកុម្មុយនីស្ដកម្ពុជារបស់ពួកខ្មែរក្រហម ហើយការបណ្ដេញចេញនេះគឺដើម្បីការពារសន្ដិសុខ និងដើម្បីបង្រៀនប្រជាពលរដ្ឋកម្ពុជាឲ្យចេះធ្វើការនៅទីជនបទ។ អតីតប្រធានសភាខ្មែរក្រហមពាក់វ៉ែនតាម៉្ញូបពណ៌ស បានឆ្លើយទៅនឹងសំនួររបស់លោកJean-Mare Levegu ចៅក្រមបារាំងនៃអង្គជំនុំជម្រះសាលាដំបូងថា រូបលោកនិងមេស្ថាបនិករបបកម្ពុជាប្រជាធិបតេយ្យគឺប៉ុល ពត និងអតីតមេដឹកនាំខ្មែរក្រហមដទៃទៀត បានពិភាក្សាគ្នា និងសម្រេចក្នុងកិច្ចប្រជុំមួយនៃគណបក្សកុម្មុយនីស្ដកម្ពុជានៅឆ្នាំ១៩៧៣ថា នៅពេលដែលក្រុមខ្មែរក្រហមឈ្នះសង្រ្គាមលើរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខលន់ នល់ ប្រជាពលរដ្ឋក្រុងភ្នំពេញដែលបានកើនឡើងចំនួនប្រមាណបីលាននាក់នៅទសវត្សឆ្នាំ៧០ នឹងត្រូវបណ្ដេញចេញទាំងអស់។
«យើងត្រូវតែជម្លៀសប្រជាជនដែលនៅក្នុងទីក្រុងភ្នំពេញបណ្ដោះអាសន្ន ហើយចាំមើលសភាពការណ៍ថា តើវៀតណាមវ៉ៃយ៉ាងម៉េច? ហើយពេលនោះតើអាមេរិកលូកដៃចូលមកទៀត ឬយ៉ាងម៉េច?។ ដូច្នោះដើម្បីកុំឲ្យប្រជាជនបាត់បង់ជីវិត យើងត្រូវជម្លៀសប្រជាជន មកចែកគ្នានៅតាមជនបទនៅតាមសហករ»។
ពួកកងទ័ពព្រៃកុម្មុយនីស្ដបែបម៉ៅនិយមខ្មែក្រហម ដែលមានសម្លៀកបំពាក់ខ្មៅ បានចូលកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្រុមប្រជាពលរដ្ឋបានចុះមកតាមដងផ្លូវដើម្បីអបអរសាទរនឹងជ័យជំនះរបស់ពួកគេ ក៏ប៉ុន្ដែមិនបានប៉ុន្មានម៉ោងផង ពួកខ្មែរក្រហមបានប្រកាសបណ្ដេញប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញភ្លាមៗ ដោយអះអាងថា ការចាកចេញពីលំនៅដ្ឋាននេះគឺសម្រាប់រយៈពេលតែបីថ្ងៃតែប៉ុណ្ណោះ។
យោងតាមសហព្រះរាជអាជ្ញាទាំងពីររូបរបស់សាលាក្ដីខ្មែរក្រហមលោកស្រីជា លាង និងលោកអេនឌ្រូ ខេលី ដែលបានថ្លែងចោទប្រកាន់ទៅលើជនសង្ស័យអតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងបីនាក់ គឺនួន ជា ខៀវ សំផន និងអៀង សារី ក្នុងសំណុំរឿង០០២ សហព្រះរាជអាជ្ញាបានបង្ហាញថា ពួកខ្មែរក្រហមបានចាប់ផ្ដើមបាញ់សម្លាប់ប្រជាពលរដ្ឋកម្ពុជាភ្លាមៗ ក្នុងពេលដែលពួកគេបណ្ដេញប្រជាជនចេញពីទីក្រុងភ្នំពេញនោះ។ អ្នកដែលនៅរារែក និងរឹងទទឹងត្រូវសម្លាប់ភ្លាម។
យ៉ាងណាក៏ដោយ នួន ជា ដែលគេទទួលស្គាល់ថា ជាមេមនោគមវិជ្ជានៃសម័យប៉ុល ពត បានលើកឡើងថា គោលនយោបាយពួកខ្មែរក្រហមគឺត្រូវយកចិត្តទុកដាក់ទៅលើប្រជាជនបណ្ដេញចេញទាំងនេះ ហើយខ្មែរក្រហមបានរៀបចំជាតំបន់សម្រាប់ទទួលប្រជាពលរដ្ឋពីទីក្រុងភ្នំពេញ រួចជាស្រេច។
«ភូមិភាគពាយព្យ ដែលមានដីល្អ សម្រាប់បង្កបង្កើនផល ត្រូវយកមួយលានប្រាំសែននាក់។ និរតីក៏យកច្រើនដែរ។ ឯភូមិភាគណាដែលមិនសូវមានដីស្រែយកតិច ហើយមកនេះរួមគ្នាធ្វើ រួមគ្នាហូប ហើយរៀនសូត្រពីសហករនៅតាមជនបទ។ ប្រែក្លាយអ្នកដែលមិនចេះធ្វើពលកម្មឲ្យទៅជាអ្នកពលកម្ម។ ក៏ប៉ុន្ដែក្នុងសហករនេះ ខ្ញុំសូមជម្រាបថា មានពួកខូច មានពួកក្បត់ មានពួកសមាសភាពមិនល្អ បំផ្លាញសហករ»។
របបកម្ពុជាប្រជាធិបតេយ្យបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់អស់យ៉ាងតិចចំនួន១,៧លាននាក់ចន្លោះពេលដែលពួកគេកាន់កាប់អំណាចអស់រយៈពេលជិតបួនឆ្នាំរហូតទៅដល់ខែមករា ឆ្នាំ១៩៧៩។ ខៀវ សំផន និងអៀង សារីព្រមទាំងអៀង ធីរិទ្ធ ប្រពន្ធរបស់គាត់ ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍។ ក៏ប៉ុន្តែអៀង ធីរិទ្ធ មិនត្រូវតុលាការនាំខ្លួនមកកាត់ទោសនោះទេ ដោយសារបញ្ហាសុខភាពធ្ងន់ធ្ងរ។
នៅក្នុងការកាត់ទោសនៅថ្ងៃនេះ អង្គជំនុំជម្រះសាលាដំបូងបានហៅជនជាប់ចោទទាំងបីឲ្យចូលរង្វង់ក្រចកសេះម្នាក់ម្ដងៗដើម្បីចោទសួរ។
នួន ជាបានបន្តវាយប្រហារទៅលើប្រទេសវៀតណាមពីការជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជា ហើយជាមួយគ្នានេះ នួន ជាក៏បានបង្ហាញថា ប្រទេសចិនបានផ្គត់ផ្គង់អាវុធទៅដល់ចលនាតស៊ូរបស់ពួកខ្មែរក្រហម និងផ្ដល់ប្រេងឥន្ធនៈបង្ហូរចូលមកកាន់ខេត្តរតនគិរី។
ដោយឡែក អៀង សារី អតីតរដ្ឋមន្ដ្រីការបរទេសខ្មែរក្រហម បានបន្តបដិសេធមិនឆ្លើយសំនួររបស់តុលាការទេ។ នៅក្នុងសេចក្ដីថ្លែងការណ៍រយៈពេលជាងមួយម៉ោង ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម បានលើកឡើងថា ខ្លួនបានចូលរួមចលនាតស៊ូជាមួយពួកខ្មែរក្រហម ដោយសារតែលក្ខខណ្ឌបង្ខំនៅក្នុងរបបដែលគ្រប់គ្រងដោយអតីតព្រះមហាក្សត្រនរោត្តមសីហនុ។ ខៀវ សំផន ដែលធ្លាប់លើកពីការមិនបានដឹង មិនបានឮអំពីការកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជា បាននិយាយយ៉ាងក្បោះក្បាយថា រូបគាត់មានតួនាទីខ្ពស់ ក៏ប៉ុន្ដែគ្រាន់តែជា«មុខតំណែងខ្យល់»តែប៉ុណ្ណោះ៕