ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធ្លាក់​បាល់ឡុង​ក្បែរ​អង្គរ​ធ្វើ​ឱ្យ​របួស​ទេសចរ​បរទេស​៩នាក់


ប្រាសាទ​អង្គរវត្ត​ជា​តំបន់​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​មួយ​សម្រាប់​អ្នក​ទេសចរ​អន្តរជាតិ​និង​គណៈប្រតិភូ​បរទេស។
ប្រាសាទ​អង្គរវត្ត​ជា​តំបន់​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​មួយ​សម្រាប់​អ្នក​ទេសចរ​អន្តរជាតិ​និង​គណៈប្រតិភូ​បរទេស។
ភ្នំពេញ៖ ទេសចរ​បរទេស​ចំនួន​ប្រាំបួន​នាក់​បាន​រងរបួស​ក្នុងការ​ធ្លាក់​បាល់​ឡុង​មួយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី២៦ខែ​មិនា​ក្បែរ​ក្រុង​សៀមរាប។

មន្ត្រី​នគរបាល​និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​និយាយ​ថា​ឧប្បត្តិហេតុ​នោះ​កើតឡើង​ដោយសារ​មាន​ខ្យល់​បក់បោក​ខ្លាំង​ហើយ​ធ្វើ​ឲ្យ​បាល់​ឡុង​ដែល​ហោះ​ដោយ​កំដៅ​ឧ​ស្ម័ន​ដែល​គេ​ស្គាល់​ថា​ជា​របស់​ក្រុមហ៊ុន​ចិន​មួយ​បាន​រសាត់​ទៅ​ប៉ះទង្គិច​នឹង​ដើមត្នោត​រួច​ក៏​ធ្លាក់​នៅក្នុង​ភូមិ​អារក្ស​ស្វាយ​ដែល​ស្ថិតនៅ​ចន្លោះ​ផ្សារលើ​និង​ប្រាសាទ​អង្គរវត្ត។

មន្ត្រី​នគរបាល​មូលដ្ឋាន​ម្នាក់​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​រៀបរាប់​ថា​ក្នុងចំណោម​ទេសចរ​ទាំង​ប្រាំបួន​នាក់​មាន​របួសធ្ងន់​ចំនួន​បួន​នាក់​ត្រង់​ផ្នែក​ដៃ​និង​ចង្កេះ។

«កន្លែង​ដែល​ឡើង​ហ្នឹង​ពី​សង្កាត់​ជ្រា ឃុំ​បោះ​ក្រឡាញ់ ហ្នឹង​ទៅ​ដែល​បង្ហោះ​រាល់់ថ្ងៃ ដល់ពេល​ដែល​ឡើង​ហ្នឹង​ទៅ វា​ជួបប្រទះ​ខ្យល់​ហ្នឹង។ ខ្យល់​មួយ​ប្រាវ​ហ្នឹង​ទៅ ​វា​បក់បោក ​ក៏​ធ្លា​ក់នៅ​ភូមិ​តា​ច្រឹប ​ទៅ​ប៉ះ​ដើមត្នោត ​នៅ​ភូមិ​អារក្ស​ស្វាយ​ហ្នឹង ​ក៏​ធ្លាក់​ទៅ។ របួស​ភ្លៀវ​ហ្នឹង ទាំងអស់​គឺ​១០​នាក់​រួម​ទាំង​តៃ​កុង។ មាន​ជនជាតិ​រុស្សី​បី អ៊ុយ​ក្រែ​ន​ពីរ ចិន​ពីរ ហ្វីលីពីន​ពីរ។ យើង​សង្គ្រោះបាន​ទាន់ពេលវេលា មិនមាន​គ្រោះ​ថា្នក់​អី​ទេ»។

ការធ្លាក់​នេះ​បន្ទាប់ពី​បាល់​ឡុង​ហោះ​ឡើង​បាន​រយៈ​កម្ពស់​ប្រមាណ​ជា​៣០០ម៉ែត្រ។ មន្ត្រី​នគរបាល​ដដែល​និយាយថា​បាល់​ឡុង​នោះ​ត្រូវ​ខូចខាត​ទាំងស្រុង។

សាក្សី​បានឃើញ​ផ្ទាល់​ភ្នែក​និយាយថា​បាល់​ឡុង​នេះ​បាន​ទង្គិច​នឹង​ដើមត្នោត​ហើយ​បានធ្វើ​ឲ្យ​ដើមត្នោត​មួយ​ដើម​បាក់។

«នៅពេល​ដែល​យើង​ឃើញ​វា​កំពុង​ហោះ​ហ្នឹង​ មួយ​សន្ទុះ​មក ​យើង​ក៏​ឃើញ​ខ្យល់​រួច​វា​រេ​តាម​ខ្យល់​ទៅ​រហូត ​វាចុះៗ​រហូតដល់​ក្រោម។ ហួស​អង្គរ​-ឃ្យុង​យូ ​ប្រហែល​ជាង​បី​បួន​រយ​ម៉ែត្រ​ដែរ»។

នៅក្នុង​ខេត្តសៀមរាប​មាន​បាល់​ឡុង​ហោះ​បញ្ជិះ​ទេសចរ​ចំនួន​ពីរ​គឺ​មួយ​វិនិយោគ​ដោយ​ក្រុមហ៊ុន​សុខាអូតែល​របស់លោក​ឧក​ញ៉ា​សុខ គង់​ដែលមាន​ទីតាំងនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្លូវ​ចូល​ប្រាសាទ​អង្គរវត្ត​និង​មួយទៀត​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន។ បាល់​ឡុង​របស់​ក្រុមហ៊ុន​ចិន​ដែល​អាច​ហោះ​ផ្លាស់​ទី​បាន​ដើម្បី​ទស្សនា​ទិដ្ឋភាព​ក្រុង​សៀមរាប​ពីលើ​អាកាស​គឺ​ខុសពី​បាល់​ឡុង​របស់​ក្រុមហ៊ុន​សុខា​អូតែល​ដែល​គ្រាន់តែ​ហោះ​ឡើងលើ​ត្រង់​និង​ចុះក្រោម​វិញ​តែប៉ុណ្ណោះ។

លោក​ប៉ាត សំបូរ ​ប្រធាន​សហ​ព័ន្ធ​សហជីព​ទេសចរណ៍​ប្រចាំខេត្ត​សៀមរាប​និយាយថា​បាល់​ឡុង​ហោះ​ដែល​បម្លាស់​ទី​បាន​នេះ​ធ្លាប់​ធ្លាក់​ច្រើនដង​នាពេល​កន្លងមក​នៅ​តំបន់​ជិត​កន្លែង​គ្រោះថ្នាក់​កាលពី​ថ្ងៃ​អង្គារ​ប៉ុន្តែ​មិនបាន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ។

«ភាគ​ច្រើនតែ​ធ្លា​ក់នៅ​អង្គរ​-ឃ្យុង​យូ​នេះ​ឯង។ ធ្លាក់​ញឹកញាប់​ដែរ​ហ្នឹង។ ប៉ុន្តែ​នៅ​ខាង​កន្លែង​ខ្ញុំ ​មេ​ខ្ញុំ គាត់​មិន​មិន​ណែនាំ​ឲ្យ​ភ្ញៀវ​ជិះ​អីចឹ​ង​ទេ។ គាត់​ដាក់​លក្ខខណ្ឌ​អីចឹង»។

ប្រទេស​កម្ពុជា​ទទួលបាន​កំណើន​ទេសចរ​បរទេស​ជាង​បី​លាន​នាក់​កាលពី​ឆ្នាំ២០១២ហើយ​ខេត្តសៀមរាប​ដែល​សំបូរ​ដោយ​ប្រាង្គ​ប្រាសាទ​បុរាណ​បាន​ស្រូបយក​ទេសចរ​បរទេស​យ៉ាងច្រើន​លើសលប់។

ស្នងការ​នគរបាល​ខេត្ត​លោក សត ណា​ឌី និង​លោក​ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មិនអាច​ទាក់ទង​បានទេ​នៅថ្ងៃនេះ​ដោយសារតែ​ទូរ​ស័ព្ទ​របស់​អស់លោក​រោទិ៍​ជា​ច្រើនដង​ប៉ុន្តែ​គ្មាន​អ្នកទទួល។
កាលពី​ខែកុម្ភៈ​បាល់​ឡុង​ដែល​ប្រើ​ឧ​ស្ម័ន​ដូចគ្នានេះ​បាន​ផ្ទុះ​និង​ធ្លា​ក់នៅ​ទីក្រុង​បុរាណ​មួយ​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​និង​បណ្តាល​ឲ្យ​ទេសចរ​បរទេស​ចំនួន​ប្រាំបួន​នាក់​ស្លាប់៕
XS
SM
MD
LG