ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​មួយ​បង្កើត​បណ្ណាល័យ​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា


អង្គការ​អប់រំ​ស៊ីប៉ា​គ្រោង​នឹង​បង្កើត​បណ្ណាល័យ​នៅ​ក្នុង​ពន្ធនាគារ​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​ប្រាំពីរ​នៅ​ឆ្នាំ​២០១២​នេះ ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍ​ចំណេះដឹង​ដល់​ពិរុទ្ធជន។ នេះ​បើ​ផ្អែក​ទៅតាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ​និង​អ្នក​ទទួលខុស​ត្រូវ​របស់​អង្គការ​បារាំង​មួយ​នេះ​ដែល​បាន​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ។

នៅ​ក្នុង​ចំណោម​ពន្ធនាគារ​ទាំង​ប្រាំពីរ​មាន​មណ្ឌល​អប់រំ​កែប្រែ​ទី៣​ ក្រុង​ភ្នំពេញ ​ពន្ធនាគារ​ខេត្ត​កណ្តាល ​ខេត្ត​ព្រៃវែង ​កំពង់ចាម ​កំពង់ធំ ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ​និង​ពន្ធនាគារ​ខេត្ត​កោះកុង។

លោក ហុក សុទ្ធិ ​នាយក​អង្គការ​អប់រំស៊ីប៉ា​មាន​ប្រសាសន៍​ថា​ ការ​បង្កើត​បណ្ណាល័យ​នៅ​ក្នុង​ពន្ធនាគារ​នេះ​គឺ​ជា​ជំនួយ​ទៅ​ដល់​អ្នក​ទោស​ដើម្បី​ឲ្យ​ពួក​គេ​ងាយ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សង្គម​វិញ។

«ដោយសារ​តែ​បណ្ណាល័យ​ជា​មធ្យោបាយ​មួយ​ដើម្បី​ផ្តល់​ការអប់រំ​ទៅ​ដល់​មនុស្ស។​ ហើយ​យើង​គិត​ថា អ្នក​ដែល​នៅ​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ​គាត់​មាន​ឱកាស​តិច​ជាង​យើង​ដែល​នៅ​ខាងក្រៅ​ដែល​ទទួល​បាន​ការអប់រំ​។ ​អញ្ចឹង​ខ្ញុំ​គិត​ថា​អ្វី​ដែល​ជា​កត្តា​សំខាន់​ គឺ​យើង​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​អ្នក​ដែល​ជាប់​ឃុំ​ហ្នឹង ​គាត់​ទួលបាន​ការ​អប់រំ​បន្ថែម។ ហើយ​ការ​អប់រំ​នោះ​នឹង​ចូលរួម​ចំណែក​ធ្វើ​យ៉ាងណា​ នៅ​ពេល​ដែល​គាត់​ចេញ​ត្រឡប់​មកវិញគឺ​គាត់​មាន​ឱកាស​ច្រើន​នៅ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ដោយ​ចូល​ទៅ​រស់នៅ​ធម្មតា​វិញ​នៅ​ក្នុង​សង្គមជាតិ»។

អង្គការ​ស៊ីប៉ា​កាល​ពី​ឆ្នាំ​២០១០​ បាន​បង្កើត​បណ្ណាល័យ​នៅ​ក្នុង​មណ្ឌល​កែប្រែ​ទី១​ ឬ​ គុក​ព្រៃស ​ដែល​ជា​ជំហាន​សាកល្បង។ មួយ​ឆ្នាំ​ក្រោយ​មក​ ក្រោម​ការ​ជួយ​គាំទ្រ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​សម្រាប់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ អង្គការ​នេះ​ បាន​ពង្រីក​បណ្ណាល័យ​ចំនួន​បី​ទៀត​នៅ​មណ្ឌល​កែប្រែ​ទី​២ ​ឬ​ម៉២ ​នៅ​ព្រៃស​ដដែល ​នៅ​ពន្ធនាគារ​នៅ​ខេត្ត​បាត់ដំបង ​និង​ខេត្ត​សៀមរាប។

លោក ​ហុក ​សុទ្ធិ ​មាន​ប្រសាសន៍​ថា សៀវភៅ​ជាង​២​ម៉ឺន​ក្បាល​ត្រូវ​បាន​ដាក់​តម្កល់​នៅ​ក្នុង​បណ្ណាល័យ​ទាំង​បួន​នេះ។

«មាន​ច្រើន​ផ្នែក ​មាន​ផ្នែក​អប់រំ​ទូទៅ ​មាន​ផ្នែក​អក្សរសិល្បិ៍ ​រឿង​ជា​រឿង​ប្រលោមលោក។​ មាន​សៀវភៅ​ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់​ ពាក់ព័ន្ធ​ទៅ​នឹង​កសិកម្ម ​ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិមនុស្ស​ ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិ​អី​ផ្សេង​ៗ​ច្រើន​ ដើម្បី​ផ្តល់​ជា​ចំណេះដឹង​ទូទៅ​មួយ។ ​ ពិត​ជា​មាន​វិទ្យាសាស្ត្រ​ អំពី​របៀប​ជួសជុល​កុំព្យូទ័រ​ ឬក៏​ របៀប​ធ្វើ​ទូរស័ព្ទដៃ​អី ​មាន​ច្រើន​ដែរ»។

យោង​តាម​កិច្ចព្រម​ព្រៀង​ជាមួយ​ក្រសួង​មហាផ្ទៃ​អង្គការ​អប់រំស៊ីប៉ា​នឹង​ត្រូវ​បង្កើត​បណ្ណាល័យ​នៅ​ក្នុង​ពន្ធនាគារ​ទាំង​២៦ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ចាប់​ពីពេល​នេះ​ រហូត​ទៅ​ដល់​ឆ្នាំ​២០១៤។ គម្រោង​បី​ឆ្នាំ​ទៅ​មុន​ទៀត​នេះ​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​ចំនួន​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ហើយ​មួយ​ផ្នែក​ធំ​នឹង​ត្រូវ​គាំទ្រ​ជំនួយ​ពី​សហភាពអ៊ឺរ៉ុប។

លោក គ្រីស្ទៀន ប្រូវូស្ត (Christian Provoost) តំណាង​ប្រតិភូរ​សហភាព​អ៊ឺរ៉ុប​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា ការ​ឧបត្ថម្ភ​បណ្ណាល័យ​នៅ​ក្នុង​ពន្ធនាគារ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ទៅ​ដល់​សិទ្ធិ​មនុស្ស។

«យើង​ចាត់​ទុក​ថា ​សហភាព​អឺរ៉ុប​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​នីតិរដ្ឋ​ហើយ​ពិត​ហើយ​សហភាព​អឺរ៉ុប​គាំទ្រ​ជា​ខ្លាំង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ​យើង​គិត​ថា ​គេ​ត្រូវ​យល់​ពី​ផ្នែក​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​ ដែល​នៅ​ទីនោះ​នីតិរដ្ឋ​ និង​សិទ្ធិមនុស្ស​មិន​ត្រូវ​បាន​អនុវត្ត​នោះ​ទេ​ ហើយ​នោះ​វា​ទាក់ទង​នឹង​ពន្ធនាគារ​ទាំង​២៦​របស់​ប្រទេស​កម្ពុជា»។

នាយឧត្តមសេនីយ៍ ​សំ ​សួគា ​អគ្គនាយករង​នៃ​នាយកដ្ឋាន​ពន្ធនាគារ​របស់​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​ស្តីពី​ការ​អភិវឌ្ឍ​បណ្ណាល័យ​នៅ​ក្នុង​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​៨ ​ខែ​ឧសភា​ ថា​បណ្ណាល័យ​នេះ​បាន​ជួយ​ទៅ​ដល់​ការអប់រំ​ទណ្ឌឌិត​ជា​ច្រើន។

«សាវាកម្ម​បណ្ណាល័យ​ពន្ធនាគារ​គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អប់រំ​កែប្រែ​ និង​ស្តារនីតិ​សម្បទា​ដែល​ជា​កិច្ចការ​សំខាន់ ​និង​រួមចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​ការអភិវឌ្ឍ​ក្របខណ្ឌ​គោលនយោបាយ​កំណែ​ទម្រង់​ពន្ធនាគារ។ ​ការអនុវត្ត​ជាក់ស្តែង​កន្លង​មក​ បាន​ធ្វើ​ឲ្យ​សេវា​អប់រំ​កែប្រែ​នៅ​ពន្ធនាគារ​មាន​ការ​រីកចម្រើន ​នឹង​កែលម្អ​ជា​បន្ត​បន្ទាប់»។

អនុប្រធាន​ពន្ធនាគារ​ម្នាក់​មក​ពី​ខេត្តពោធិ៍សាត់​ក៏​បាន​ផ្តោត​ពី​សារៈសំខាន់​ដូច​គ្នា​នេះ​ដែរ។

«មាន​បណ្ណាល័យ​ អាច​ជួយ​កាត់​បន្ថយ​ហិង្សា​របស់​អ្នកទោស​ហ្នឹង ​ឲ្យ​កែប្រែ​ខ្លួន​ឲ្យ​បាន​ល្អ ​ឲ្យ​ជា​មនុស្ស​នៅ​ក្នុង​សង្គម​ដូច​គេ​វិញ។ ​មាន​ចំណុច​វិជ្ជាមាន​ច្រើន​ជាង​អវិជ្ជមាន។ ​វា​ជួយ​បាន​ច្រើន​នៅ​ក្នុង​ការ​កែប្រែ​មនុស្ស ​ព្រោះ​មនុស្ស​ខ្លះ​ច្រើន​នៅ​ជនបទ​អវិជ្ជា​មិន​សូវ​មាន​ចំណេះដឹង​ទេ»។

នៅ​ក្នុង​ពន្ធនាគារ​ទាំង​២៦​នៅ​កម្ពុជា​មាន​អ្នក​ទោស​ជាង​ ១៥.០០០​នាក់។ ទណ្ឌឌិត​ត្រូវ​គេ​កំណត់​សេរីភាព​តាម​ទម្ងន់​បទល្មើស​ដែល​គេ​បាន​ប្រព្រឹត្ត។

លោក ហុក សុទ្ធិ នាយក​អង្គការ​អប់រំស៊ីប៉ា​ មាន​ប្រសាសន៍​ថា នៅ​តាម​ពន្ធនាគារ​អ្នកទោស​ស្រាល​អាច​ចេញចូល​ទៅ​អាន​សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ​បាន​ច្រើន​ជាង​អ្នក​ទោស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ។​ ប៉ុន្តែ​អ្នក​ទោស​ធ្ងន់​អាច​ខ្ចី​សៀវភៅ​ចល័ត ​នៅ​ក្នុង​អគារ​ឃុំឃាំ ​ខណៈពេល​ដែល​អ្នកទោស​ធ្ងន់​ទាំង​នោះ​ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចេញចូល​នៅ​ក្នុង​បណ្ណាល័យ៕

XS
SM
MD
LG