ដោយវីអូអេ
វ៉ាស៊ីនតោន៖ តុលាការសហព័ន្ធនៃសហរដ្ឋអាមេរិកប្រចាំក្រុងញ៉ូវយ៉កបានសម្រេចទទួលយកពាក្យស្នើសុំរបស់រដ្ឋាភិបាលអាមេរិកាំងដែលបានស្នើសុំកែប្រែខ្លះចំពោះពាក្យប្តឹងប្រឆាំងនឹងសារៈមន្ទីរSothebyក្នុងសំណុំរឿងវត្ថុបុរាណខ្មែរដែលត្រូវបានលួចចេញពីប្រាសាទកោះកែរបស់ខ្មែរ។
នៅក្នុងសេចក្តីសម្រេចចុះថ្ងៃទី២៨ខែមិនាតុលាការនេះក៏បានច្រានចោលញត្តិជំទាស់របស់សារៈមន្ទីរ Sotheby ប្រឆាំងនឹងការស្នើសុំកែប្រែរបស់រដ្ឋាភិបាលអាមេរិកដែលដាក់បន្ថែមឯកសារនិងព័ត៌មានរកបានថ្មីមួយចំនួនទៀតទាក់ទងនឹងការព្យាយាមលួចលក់រូបចម្លាក់បុរាណខ្មែរដោយខុសច្បាប់។
នៅក្នុងសេចក្តី សម្រេចដែលវីអូអេខេមរភាសាទទួលបានលោកចៅក្រម George Daniels បានបញ្ជាក់ក្នុងសេចក្តីសន្និដ្ឋានសម្រេចថា«ចាត់ទុកជាបានការនូវញត្តិរបស់រដ្ឋាភិបាលក្នុងការស្នើសុំធ្វើវិសោធនកម្មនិងបដិសេធចោលញត្តិជំទាស់របស់ភាគីចុងចម្លើយ»។
វត្ថុបុរាណដែលហៅថាជា អ្នកចម្បាំង សម័យបុរាណ ត្រូវបានសារមន្ទីរ Sotheby គ្រោងដាក់លក់ដេញថ្លៃកាលពីខែមិនាឆ្នាំ២០១១ប៉ុន្តែបានដកចេញវិញ នៅនាទីចុងក្រោយបន្ទាប់ពី មានការជំទាស់យ៉ាងខ្លាំងពីអាជ្ញាធរកម្ពុជាហើយតុលាការក្រុងញ៉ូវយ៉កបានបង្គាប់ឱ្យសារៈមន្ទីរ Sotheby ផ្អាកការលក់ដូរ ផ្ទេរ ឬយកទៅបោះចោលឬក៏ផ្លាស់ប្តូរទីតាំងចេញពីកន្លែងបច្ចុប្បន្នគឺនៅ សារៈមន្ទីរSotheby។
ពាក្យបណ្តឹងដែលបានកែប្រែដែលរដ្ឋាភិបាលអាមេរិកាំងបានស្នើឡើងមានបន្ថែមការចោទប្រកាន់ថ្មីដែលមានព័ត៌មានពិតទាក់ទងនឹងការលួចរូបចម្លាក់នេះក្នុងឆ្នាំ១៩៧២និងការដឹងឮរបស់សារៈមន្ទីរ Sothebyថារូបចម្លាក់នោះពិតជាត្រូវបានលួចចេញមកមែន។ សារៈមន្ទីរ Sotheby បានធ្វើញត្តិជំទាស់នឹងការធ្វើវិសោធនកម្មនេះដោយចាត់ទុកថាមិនបានការទេដោយសារតែវាមិនអាចនឹងជួសជុលបាននូវចន្លោះ ប្រហោងនៃពាក្យប្តឹងដែលបានដាក់លើកមុនហើយមានការរើសអើងប្រឆាំងនឹងខ្លួន៕