ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា និង​នេប៉ាល់​ស្វែង​រក​តួនាទី​ក្នុង​អង្គការ​សហប្រជាជាតិ​


លោក​ ហោ ណាំហុងឧបនាយក​រដ្ឋមន្រ្តី​ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​និងកិច្ចសហប្រតិបត្តិការ​អន្តរជាតិ ថ្លែងសន្តរកថា នៅឯ​ទីស្នាក់ការ​ធំ​នៃ​អង្គការ​សហប្រជាជាតិ​ ក្នុង​ទីក្រុង​ញូយ៉ក។
លោក​ ហោ ណាំហុងឧបនាយក​រដ្ឋមន្រ្តី​ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​និងកិច្ចសហប្រតិបត្តិការ​អន្តរជាតិ ថ្លែងសន្តរកថា នៅឯ​ទីស្នាក់ការ​ធំ​នៃ​អង្គការ​សហប្រជាជាតិ​ ក្នុង​ទីក្រុង​ញូយ៉ក។

ភ្នំពេញ៖ ប្រទេស​ក្រីក្រ​ចំនួន​ពីរ​គឺ​កម្ពុជា​ និង​នេប៉ាល់​កំពុង​រៀបចំ​ដាក់​បេក្ខភាព​រៀងៗខ្លួន ​ដើម្បី​ប្រជែង​យក​តួនាទី​មួយ​ក្នុង​អង្គការ​សហប្រជាជាតិ ហើយ​ប្រទេស​ទាំង​ពីរនេះ​ បាន​ស្វែង​រក​ការ​គាំទ្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

កម្ពុជា​បាន​ដាក់​បេក្ខភាព​ជា​សមាជិក​មិន​អចិន្ដ្រៃយ៍នៃ​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការសហ​ប្រជា​កាល​ពី​ឆ្នាំ២០០៥ ហើយ​ការ​សម្រេច​លើ​បេក្ខភាព​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​មហាសន្និបាទ​អង្គការ​សហប្រជាជាតិ ​ក្នុង​ក្រុងញូវយ៉ក​នៅឆ្នាំ ២០១២។ រីឯ​នេប៉ាល់​បាន​ស្នើ​បេក្ខភាព​ជា​ប្រធាន​មហា​សន្និបាទ​ប្ដូរវេណគ្នា​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​រយៈពេល​មួយឆ្នាំ ​ដោយគិត​ពី​ខែ​កញ្ញា​ ២០១១ ​ដល់​ខែកញ្ញា​ឆ្នាំ ២០១២។ ប្រទេស​នេប៉ាល់​ នឹង​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេសកាតា។

ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ក្នុង​ទីក្រុង​ភ្នំពេញ​ ក្រោយពី​ជំ​នួប​ជាមួយ​លោក​នាយករដ្ឋមន្ដ្រី​ខ្មែរ ​ហ៊ុន សែន ​លោក​ម៉ាថាវ​ គូម៉ារ ណេប៉ាល់ (Madhav Kumar Nepal) នាយក​រដ្ឋមន្ដ្រី​នេប៉ាល់​ បញ្ជាក់ថា កម្ពុជា ​និង​នេប៉ាល់​ចង់​ឲ្យ​មាន​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​ការ​ដាក់​បេក្ខ​ភាព​ទៅ​កាន់​អង្គការ​សហប្រជាជាតិ។ លោក​ថ្លែង​ដូច្នេះថា៖

«នេប៉ាល់​បាន​ស្នើ​សុំ​កិច្ចសហការ​ពី​កម្ពុជា​ ខណៈ​ដែល​កម្ពុជា​ស្នើសុំ​កិច្ចសហការ​ពី​នេប៉ាល់​ដែរ សម្រាប់​សមាជិកភាព​មិន​អចិន្ដ្រៃយ៍រ​បស់​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ»។

លោក​ ម៉ាថាវ គូម៉ារ នេប៉ាល់​ មាន​ប្រសាសន៍ថា ​ប្រទេស​ទាំងពីរ​បាន​សន្យា​គ្នា​ទៅវិញ​ទៅមក​រួចហើយ​។

កម្ពុជា ​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំ​១៩៥៥។ បច្ចុប្បន្ន​ប្រទេស​ដែល​ធ្លាប់​ជ្រក់​ជ្រិញ​ដោយ​សង្រ្គាម​ស៊ីវិល​មួយនេះ ​ទំនង​ជា​ត្រូវ​ការ​តួនាទី​សំខាន់​មួយទៀត​នៅ​ក្នុង​អង្គការ​កំពូល​របស់​ពិភពលោក​នេះ។

លោក កួយ គួង អនុរដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ័​នេះថា កម្ពុជា​ត្រូវ​ការ​ដើរ​តួ​ជា​អ្នក​ចែក​រំលែក​បទពិសោធន៍​របស់​ខ្លួន​ដល់​ប្រទេស​ដទៃ​ទៀត​នូវ​អ្វី​ដែល​ខ្លួន​បានឆ្លង​កាត់​ក្នុងសង្រ្គាម​ អស់​រយៈពេល​បី​ទសវត្សរ៍​មក​នោះ។ លោក កួយ គួង​ថ្លែង​ថា៖

«យើង​ចង់​ចែក​រំលែក​បទពិសោធន៍​ដែល​កម្ពុជាឆ្លងកាត់​កន្លង​មក ​ជាមួយ​បណ្ដា​ប្រទេស​នានា​លើ​សកលលោក​ក្នុង​ការបញ្ចប់​សង្រ្គាម​ បង្រួបបង្រួម​ជាតិ ​និង​ការកសាង​សន្ដិភាព»។

ប្រទេស​កម្ពុជា​ បាន​បញ្ជូន​កងទព័​ដោះមីន​របស់ខ្លួន​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ទៅ​កាន់​ប្រទេស​ស៊ូដង់ ​ប្រទេស​ឆាត ​អាហ្វ្រិក​កណ្ដាល​ និង​ប្រទេស​លីបង់​ចាប់តាំង​ពី​ខែមេសា ​ឆ្នាំ​២០០៦៕

XS
SM
MD
LG