រាយការណ៍ដោយ ម៉ែន គឹមសេង ពីរដ្ឋធានីវ៉ាស៊ីនតោន
ខណៈពេលដែលពិព័រណ៍ស្នាដៃសំរិទ្ធខ្មែរនៅចំកណ្តាលទីក្រុងវ៉ាស៊ីន តោនដែលមានឈ្មោះថា “អាទិទេពក្រុងអង្គរ” ទទួលបានការគាំទ្រខ្លាំង និងមានអ្នកចូលទស្សនាជាច្រើន អ្នកស្រាវជ្រាវជាន់ខ្ពស់អាមេរិកាំងម្នាក់ស្នើសុំឱ្យមានការសងត្រឡប់ទៅកម្ពុជាវិញនូវវត្ថុបុរាណខ្មែរ ដែលត្រូវបានគេជួញដូរចេញពីប្រទេសកម្ពុជាដោយខុសច្បាប់។
លោក Hiram Woodward អតីតអ្នកអភិរក្សស្នាដៃសិល្បៈអាស៊ីនៃសារៈមន្ទីរ Walters នៅទីក្រុង Baltimore រដ្ឋ Maryland បាន ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ថា ខណៈពេលដែលគេអាចទទួលបានការយល់ដឹងច្រើនពីវប្បធម៌និងវត្ថុបុរាណរបស់កម្ពុជា តាមរយៈរូបចម្លាក់ដែលបានត្រូវឈ្មួញជួញដូរដោយខុសច្បាប់ចេញទៅក្រៅប្រទេសនិងមានអ្នកប្រមូលទុកជាលក្ខណៈឯកជននោះ ក៏ប៉ុន្តែការល្អ គឺវត្ថុទាំងអស់នោះគួរតែស្ថិតនៅក្នុងប្រទេសដើមកំណើតរបស់ខ្លួនវិញ។
“មនុស្សទាំងអស់ដែលសិក្សាពីប្រទេសកម្ពុជា និងភ្ញៀវទាំងអស់ដែលមកបំពេញទស្សនកិច្ចប្រទេសកម្ពុជាដឹងថា តើវាសំខាន់យ៉ាងណាដែលត្រូវរក្សាប្រាសាទកម្ពុជាឱ្យនៅល្អដូចដើមតាមដែលយើងអាចធ្វើបាន ហើយឥឡូវនេះមានកិច្ចព្រមព្រៀងទាក់ទងនឹងការនាំយករូបចម្លាក់ថ្មទាំងនោះចូលមកសហរដ្ឋអាមេរិកក្នុងពេលកន្លងមក ហើយយើងសង្ឃឹមថារូបចម្លាក់ខ្លះដែលត្រូវគេយកចេញពីប្រទេសកម្ពុជាកាលពីពេលអតីតកាល នឹងអាចត្រឡប់ទៅប្រទេសកម្ពុជាវិញបាន"។
ប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាល ពីខែកញ្ញា ឆ្នាំ២០០៣ ហាមឃាត់ការនាំចូលវត្ថុសិល្បៈបុរាណខ្មែរចូលក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ បន្ទាប់ពីមានការស្នើសុំពីភាគីរដ្ឋាភិបាលកម្ពុជាឱ្យជួយការពារ បេតិកភណ្ឌវប្បធម៌ខ្មែរ។
ក្រសួងវប្បធម៌នៃប្រទេសកម្ពុជាបានឱ្យដឹងថា រហូតមកដល់ពេលនេះការជួញដូរវត្ថុសិល្បៈបុរាណខ្មែរដោយខុសច្បាប់ មានការថយចុះច្រើន ហើយសហរដ្ឋអាមេរិកបានផ្តល់សហការល្អជាមួយប្រទេសកម្ពុជា ដោយចាប់បាននិងបញ្ជូនវត្ថុបុរាណខ្មែរមកវិញជាបន្តបន្ទាប់។
លោក ឱក សុផុន អគ្គនាយកទទួលបន្ទុកបេតិកភណ្ឌខ្មែរនៃក្រសួងវប្បធម៌ខ្មែរបានប្រាប់ វីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទថា ក្រសួងក៏កំពុងតែធ្វើទំនាក់ទំនងជាមួយអ្នកទិញវត្ថុបុរាណខ្មែរមុនពេលកិច្ចព្រមព្រៀង នេះបានចូលជាធរមានឱ្យពួកគាត់បរិច្ចាគដោយសប្បុរសប្រគល់វត្ថុទាំងនោះមកប្រទេសកម្ពុជាវិញ។
“ឥឡូវយើងកំពុងតែធ្វើទំនាក់ទំនងជាមួយសប្បុរសជននៅអាមេរិក ព្រោះបងប្អូននៅអាមេរិកភាគច្រើនគាត់បានវត្ថុបុរាណ ហើយភាគច្រើនគាត់ចាស់ ហើយកូនៗនៅបែក ឥឡូវគាត់ស្តាយថាពេលដែលអត់ពីគាត់ទៅវត្ថុបុរាណ មិនដឹងយកទៅណា។ អញ្ចឹងទេឥឡូវយើងកំពុងតែបំផុសចលនាដល់អ្នកមានវត្ថុបុរាណរបៀបហ្នឹង យើងសុំគាត់ត្រង់ៗតែម្តង សុំផ្ទេរមកឱ្យយើងវិញ”។
អាជ្ញាធរកម្ពុជាជឿជាក់ថាពិព័រណ៍ដែលរៀបចំនៅសហរដ្ឋអាមេរិក ដូចជាពិព័រណ៍ “អាទិទេពក្រុងអង្គរ” នឹងជួយឱ្យមានការយល់ដឹងបន្ថែមទៀតពីតម្លៃវប្បធម៌ខ្មែរក្នុងឆាកអន្តរជាតិ និងមានការជួយចូលរួមទប់ស្កាត់ការជួញដូរដោយខុសច្បាប់ចេញពីប្រទេសកម្ពុជា ៕