ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គជប​ពន្យល់​ម្ចាស់​ជំនួយ​ពី​ការចុះ​ឈ្មោះ​បោះ​ឆ្នោត


ជំនួប​រវាងមន្រ្តី​គ​ជ​ប​និងមន្ត្រី​តំណាង​ស្ថាន​ទូត​។ ដោយ៖ ហេង រស្មី
ជំនួប​រវាងមន្រ្តី​គ​ជ​ប​និងមន្ត្រី​តំណាង​ស្ថាន​ទូត​។ ដោយ៖ ហេង រស្មី
ភ្នំពេញ៖ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ដែល​ហៅ​កាត់​ថា​គ​ជ​ប​នៅ​ថ្ងៃ​ពុធ​នេះ​បាន​កោះ​ហៅ​មន្ត្រី​ស្ថាន​ទូត​មក​ស្តាប់​ការ​បក​ស្រាយ​អំ​ពី​បច្ចេក​ទេស​នៃ​ដំណើរ​ការ​ចុះ​ឈ្មោះ​ ការ​លុប​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​និង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ចាប់​តាំង​ពី​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ។​

មាន​មន្ត្រី​តំណាង​ស្ថាន​ទូត​ចំនួន​១៣​ប្រទេសបាន​ចូល​រួម​ដែល​រួម​មាន​មក​ពី​សហរដ្ឋ​អាមេរិក ​អង់​គ្លេស​ បារាំង​ជប៉ុន ​កូរ៉េខាង​ត្បូង​ សិង្ហបុរី ​និង​អាល្លឺម៉ង់​ ជាដើម។

ក្នុង​ការ​ជួប​ប្រជុំ​ជា​មួយ​តំណាង​ស្ថាន​ទូត​នេះ​មន្ត្រីនៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​មិន​បាន​លើក​យក​ករណី​គម្រោង​ធ្វើ​ពហិការ​មិន​ចូល​រួម​បោះ​ឆ្នោត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​និង​ ការ​ស្នើ​សុំ​ឱ្យ​មាន​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​គ​ជ​ប​យក​មក​និយាយ​ទេ​បើទោះបីបញ្ហា​នេះ​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ក្នុងខណៈ​ពេល​ដែល​កម្ពុជា​កំពុង​តែ​រំកិល​ខ្លួន​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ជា​សកល​ដែ​ល​គ្រោង​ធ្វើ​នៅ​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។​

អ្នក​ស្រី​ស៊ីន ជុំបូ ​អនុ​ប្រធាន​គ​ជ​ប​បាន​និយាយ​ថា​គ​ជ​ប​បា​ន​ប្តេជ្ញា​ថា​កា​របោះ​ឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​នឹង​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌។​អ្នក​ស្រី​បាន​និយាយ​ថា​គិត​ចាប់​ពី​ថ្ងៃ​ទី​២១​ខែ​សី​ហា​នេះ​មា​ន​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មាន​ចំនួន​ជាង​៤០ម៉ឺន​នាក់​និង​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​ជាង​១​សែន​នាក់។ក៏ប៉ុន្តែ​ក៏មាន​បញ្ហាបាត់​ឈ្មោះ​ប្រជា​ពលរដ្ឋ​នៅ​ពេល​ថ្ងៃ​បោះ​ឆ្នោត​នៅ​តែ​បន្ត​កើត​មាន​ផង​ដែរ។​

អ្នក​ស្រី​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​អំពី​មូល​ហេតុ​នៃ​ការបាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថា​គជប​នឹង​ធ្វើ​ការ​កែ​លម្អ​ឡើង​វិញ។​

«​រឿង​បាត់​យើង​កំពុង​តែ​ស្រាវ​ជ្រាវ​ហើយ​យើង​កំពុង​តែ​កែ​លម្អ​ហើយ​យើង​នឹង​ឃើញ​ថា​បាត់​ហ្នឹង​ដោយ​សារ​វា​ហ្នឹង​វា​យ៉ាង​ម៉េច។​បញ្ហាអ្វី​ដែល​ធ្វើ​ឱ្យ​បាត់»។​

លោក​រ៉ូប៊ើត ផែតធ័រសាន់​ នាយក​មូល​និធិ​អន្តរជាតិ​សម្រាប់​ប្រព័ន្ធ​បោះ​ឆ្នោត​ប្រចាំ​កម្ពុជា​ដែល​ហៅ​កាត់​ថា​IFES​បាន​ប្រាប់​VOA សំឡេង​សហរដ្ឋ​អាមេរិក​ថា​នីតិវិធី​របស់​គ​ជ​ប​ពាក់​ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពិត​ជា​ដំណើរការ​ទៅ​យ៉ាង​រលូន​និង​ទូលំ​ទូលាយ។​
«ខ្ញុំ​គិត​ថា​ពួកគេ​នឹង​ធ្វើ​អ្វីគ្រប់​យ៉ាង​តាម​តែអាច​ធ្វើ​ទៅ​បាន ​ដើម្បី​ធ្វើឱ្យ​ប្រាកដ​ថា​មាន​ប្រជា​ពល​រដ្ឋ​ច្រើនតាម​តែ​អាច​ធ្វើ​ទៅ​បាន ​ទៅ​ចុះ​ឈ្មោះ​ក្នុងបញ្ជី​បោះឆ្នោត​ និង​បញ្ជី​នោះ​នឹងល្អត្រឹមត្រូវ​តាម​តែ​អាច​ធ្វើ​បាន​»​។​

គ​ណ​បក្ស​ប្រឆាំង​ដែល​ទើបបង្កើត​ឡើង​រួម​គ្នា​រវាង​គណ​បក្ស​សិទ្ធិ​មនុស្ស​និង​គណ​បក្ស​សម រង្ស៊ី​បាន​ព្រមាន​ពី​ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ទាម​ទារ​ឱ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត។​គណ​បក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​ថា​គ​ជ​ប​ធ្វើ​ការ​មិន​ឯក​រាជ្យ​និង​មាន​និន្នាការ​ទៅ​លើ​គណ​បក្ស​គ្រប់​គ្រង​អំណាច។​

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​រួម​គ្នា​រវាង​គណ​បក្ស​សិទ្ធិ​មនុស្ស​និង​គណ​បក្ស​សម រង្ស៊ី​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​លើក​ឡើង​ថា​សមាសភាព​គ​ជ​ប​បច្ចុប្បន្ន​ដែល​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​កន្លង​មក​មិន​មាន​ការ​ទុក​ចិត្ត​ពី​គណ​បក្ស​នយោ​បាយ​ មតិ​ជាតិ​ និង​អន្តរ​ជាតិ​ក្នុង​ពេល​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​មាន​លក្ខណៈ​ឯករាជ្យ​ អព្យាក្រិត្យ​និង​យុត្តិធម៌​ឡើយ។​

ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​ខែកក្កដា​ឆ្នាំ​២០១៣​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិ​ធម៌​ត្រឹម​ត្រូវ​គណ​បក្ស​ទាំង​ពីរ​បាន​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​លើ​នីតិ​វិធី​នៃ​ការ​ជ្រើស​រើស​សមាសភាព​គ​ជ​ប​និង​គណ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​គ្រប់​លំដាប់​ថ្នាក់​ដើម្បី​ឱ្យ​គ្រប់​គណ​បក្ស​នយោ​បាយនិង​មហាជន​អាច​ទទួល​យក​បាន។​
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលម៉ិញ​នេះ​បាន​និយាយ​ថា​លោក​មិន​ខ្វល់​ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​របស់​គណ​បក្ស​ប្រឆាំង​ទេ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG