រដ្ឋសភាកម្ពុជាគ្រោងនឹងដកអភ័យឯកសិទ្ធិតំណាងរាស្រ្តគណបក្សប្រឆាំងមួយរូបតាមការស្នើសុំរបស់តុលាការខេត្តកណ្តាល។
លោក ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភាខាងគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នឹងកោះប្រជុំ ដើម្បីសម្រេចដកអភ័យឯកសិទ្ធិលោក ចាន់ ចេង នៃសមាជិកសភាតំណាងរាស្ត្រគណបក្សសម រង្ស៊ី។
លោក ចាន់ ចេង សមាជិកតំណាងរាស្ត្រគណបក្សសម រង្ស៊ីត្រូវបានលោក លឹម សុគន្ថា ចៅក្រមនៃតុលាការខេត្តកណ្តាលបានផ្ញើរបាយណ៍មួយទៅស្ថានប័នដែលពាក់ព័ន្ធកាលពីខែតុលាកន្លងទៅនេះអំពីភាពមិនប្រក្រតីមួយ ចំពោះលោកចាន់ ចេង ដោយសារតែលោកចៅក្រម បានមានប្រសាសន៍ថាលោក ចាន់ ចេងបានប្រើប្រាស់មធ្យោបាយដឹកជញ្ជូនជនដែលត្រូវចោទចេញពីពន្ធនាគារខេត្តកណ្តាល។
លោក ជាម យៀប បានមានប្រសាសន៍ថា ការដកអភ័យឯកសិទ្ធិសមាជិកសភាណាងរាស្ត្រមិនមែនជារឿងធំដុំទេ។
«ពាក្យថាអភ័យឯកសិទ្ធហ្នឹងឥតមានស្អី ដែលថាវាធំដំអីណាទេ។ វាដូចអាវក្រោះ ឬអាវភ្លៀងអញ្ចឹង ហើយគណៈអចិន្ត្រៃយ៍ ឬរដ្ឋសភាគឺជាអ្នកទទួលខុសត្រូវក្នុងការដកអាវភ្លៀងចេញ ដើម្បីឲ្យតុលាការគេមានលទ្ធភាព អញ្ជើញទៅសួរទៅតាមពាក្យបណ្តឹង»។
គម្រោងកោះប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ក្នុងការដកអភ័យឯកសិទ្ធិសមាជិកសភាគណបក្សសម រង្ស៊ីនេះ នៅមិនទាន់ដឹងថា រដ្ឋសភា បានទទួលលិខិតស្នើសុំពីក្រសួងយុត្តិធម៌ ឬក៏យ៉ាងណានៅឡើយទេ។
លោក សំ ប្រជាមានិត នាយកខុទ្ទកាល័យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា លោកមិនទាន់បានដឹងថាក្រសួងយុត្តិធម៌ បានផ្ញើលិខិតទៅស្ថាប័នរដ្ឋសភាដើម្បីស្នើសុំឲ្យដកអភ័យឯកសិទ្ធិសមាជិកសភាតំណាងរាស្ត្រលោក ចាន់ ចេង នៅឡើយទេ។
«ខ្ញុំឥតបានដឹងផងព្រោះខ្ញុំទើបតែមកពីប្រជុំនៅឯទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ទើបតែថ្ងៃហ្នឹង ខ្ញុំមកដល់»។
លោក ចាន់ ចេង សមាជិកសភាតំណាងរាស្ត្រខាងគណបក្សសម រង្ស៊ី បានបញ្ជាក់ថា លោកឥតជាប់ពាក់ព័ន្ធនឹងការផ្តល់មធ្យោបាយរំដោះលោកមាស ប៉េង ចេញពីពន្ធនាគារទេ។ លោកបានមានប្រសាសន៍ថា លោកបានផ្ញើលិខិតបំភ្នឺទៅរដ្ឋសភារួចហើយកាលពីថ្ងៃទី២១ ខែវិច្ឆិកា អំពីករណីរបស់លោក ហើយលោកស្នើសុំឲ្យរដ្ឋសភាពិចារណាឡើងវិញ មុននឹងសម្រេចកោះប្រជុំដកអភ័យឯកសិទ្ធិសមាជិកសភារបស់លោក។
«រឿងបញ្ហាដែលពាក់ព័ន្ធហ្នឹងរឿងគេចោទប្រកាន់ខ្ញុំផ្តល់មធ្យោបាយ ខ្ញុំឥតមានពាក់ព័ន្ធអីទេ ព្រោះអីរឿងនេះរបស់លោកមេធាវីជួង ជូងី ដែលជាអ្នកការពារសិទ្ធឲ្យលោកមាស ប៉េង ហើយគាត់បានឆ្លើយ នៅក្នុងលិខិតរបស់លោកមេធាវីហ្នឹងទៅជាមួយនឹងស្ថាប័នពាក់ព័ន្ធដែលផ្សេងៗហ្នឹងមកជាមួយហើយៗគាត់ក៏បានធ្វើពាក្យមួយទៅប្រធានរដ្ឋសភាពីថ្ងៃម៉ិញហ្នឹង ពីរឿងបញ្ហាហ្នឹង ខ្ញុំឥតមានពាក់ព័ន្ធអីទេ»។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យរបស់គណបក្សប្រឆាំងបាននិយាយថា កម្ពុជាកំពុងធ្លាក់ចូលនៅក្នុងរបបផ្តាច់ការសារជាថ្មីដោយសារតែបច្ចុប្បន្ននេះ រដ្ឋាភិបាលបានប្រើប្រាស់ជាប្រព័ន្ធដើម្បីរំខានដល់ការបំពេញកាតព្វកិច្ចរបស់អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី។
«ការដែលបញ្ចប់ គ្មានហេតុផលបែបនេះគឺជារឿងមួយឃើញយ៉ាងច្បាស់ហើយថា ទោះជាគេធ្វើអ្វីមួយខុសច្បាប់ក៏ដោយ ឬមិនសមហេតុផលអីក៏ដោយ ឲ្យតែបានរំខានដល់គណបក្សសម រង្សី បង្អាក់បន្តុចដល់គណបក្សសម រង្ស៊ី។ អានេះគឺជារឿងមួយដែលអន្តរជាតិត្រូវតែចាប់អារម្មណ៍ បងប្អូនប្រជាពលរដ្ឋអ្នកស្រឡាញ់ប្រជាធិបតេយ្យទូទាំងប្រទេសកម្ពុជា ត្រូវតែចាប់អារម្មណ៍ថា គណបក្សកាន់អំណាចកំពុងធ្វើអ្វីៗនៅក្នុងប្រទេសនេះឲ្យចូលទៅក្នុងរបបផ្តាច់ការ»។
លោក លឹម សុគន្ថា ចៅក្រមនៃតុលាការខេត្តកណ្តាលបានមានប្រសាសន៍ថា លោកមិនបានប្តឹងលោកចាន់ ចេង ទេ គ្រាន់តែលោកបានប្តឹងទៅក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងរដ្ឋសភាថាលោកចាន់ ចេង បានចូលរួមនៅក្នុងព្រឹត្តិការណ៍នោះ ក្នុងការផ្តល់មធ្យោបាយដឹកជញ្ជូនដល់ជនដែលត្រូវចោទចេញពីពន្ធនាគារ។
«អ្វីដែលហេតុការណ៍កើតឡើងគឺដោយសារតែលោកមេធាវីហ្នឹង គាត់បានយកអ្នកទោសហ្នឹងទៅ ហើយលោកតំណាងរាស្ត្រ គាត់បានដាក់នៅក្នុងឡានគាត់ទៅ។ ខ្ញុំក៏រាយការណ៍ពីភាពអសកម្មទៅស្ថាប័នពាក់ព័ន្ធហ្នឹង បានវាកើតហេតុអីញ្ចឹងនោះ»។
កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងទៅនេះ លោកចៅក្រហម លឹម សុគន្ថា នៃតុលាការខេត្តកណ្តាលបានចោទប្រកាន់លោកមាស ប៉េង ជំទប់ទី២ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ខាងគណបក្សសម រង្ស៊ី ពីបទផ្សំគំនិតប្រើប្រាស់អំពើហិង្សាដោយចេទនា លើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតតាមមាត្រាទី២៨នៃក្រមព្រហ្មទណ្ឌថ្មី។ ពេលលោកមាស ប៉េង ត្រូវបានបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារខេត្តកណ្តាល មានការប៉ះទង្គិចពាក្យសម្តីគ្នា រវាងលោកជួង ជូងី មេធាវីការពារក្តី និងមន្ត្រីអនុរក្សពន្ធនាគារ។
លោក ជួង ជូងី មេធាវីការពារក្តីលោកមាស ប៉េង បាននិយាយថាមិនអាចមានការឃុំខ្លួនកូនក្តីរបស់លោកបានទេ ប្រសិនណាបើគ្មានដីកាសម្រេចឲ្យឃុំខ្លួនពីតុលាការ រួចហើយបានស្នើសុំឲ្យលោកចាន់ ចេង អ្នកតំណាងរាស្ត្រខាងគណបក្សសម រង្ស៊ី ដឹកកូនក្តីរបស់លោកមកផ្ទះវិញ។
លោក លឹម សុគន្ថា ចៅក្រមនៃតុលាការខេត្តកណ្តាលធ្លាប់បាននិយាយថា លោកបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនត្រឹមត្រូវតាមច្បាប់៕