ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​កម្ពុជា​អនុម័ត​ថវិកា​ជាតិ​ឆ្នាំ២០១២ ​ទោះបី​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ


រដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជា

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ថវិកា​ជាតិ​ឆ្នាំ​២០១២​ ប្រមាណ​២.៧០០​លាន​ដុល្លារ​អាមេរិក​ដោយ​ផ្តោត​ទៅ​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​វិស័យ​សុខាភិបាល ​អប់រំ​ កសិកម្ម ​និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ។

ថវិកា​ជាតិ​ប្រមាណ​ ២.៧០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១២​នេះ​ បាន​កើន​ឡើង​ប្រមាណ​៣០០​លាន​ដុល្លារ​អាមេរិក​ បើ​ប្រៀបធៀប​នឹង​ថវិកា​ជាតិ​ឆ្នាំ​២០១១​ ដែល​មាន​ប្រមាណ​ ២.៤០០​លាន​ដុល្លារ​អាមេរិក។ ក្រសួង​អទិភាព​ដូចជា ក្រសួង​អប់រំទទួល​បាន​ប្រហែល​២៥០​លាន​ដុល្លារ ក្រសួង​សុខាភិបាល​ប្រហែល​២០០​លាន​ដុល្លារ ក្រសួង​កសិកម្ម​ជាង​៣១​លាន​ដុល្លារ ក្រសួង​អភិវឌ្ឍន៍ជនបទ​ប្រមាណ​៤៩​លាន​ដុល្លារ និង​ក្រសួង​សាធារណៈការ​ទទួល​បាន​ប្រហែល​៦២​លាន​ដុល្លារ។

លោក គាត ​ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បាន​ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ថា​ លោក​បាន​ប្តេជ្ញា​យក​ច្បាប់​នេះ​ទៅ​អនុវត្តន៍​ឱ្យ​បាន​សម្រេច​ដល់​គោលដៅ​ទាំង​ឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នេះ។

លោក ​គាត ឈន់ បាន​ហៅ​ការអនុម័ត​ច្បាប់​ថវិកា​ជាតិ​នេះ​ថា​ជា​ការ​ផ្តល់​ឧបករណ៍​សំខាន់​មួយ​សម្រាប់​រដ្ឋាភិបាល​បន្ត​គ្រប់គ្រង​ប្រទេស​រួម​មាន​ការការពារ​អធិបតេយ្យភាព ​បូរណភាព​ទឹកដី ​និង​ការអភិវឌ្ឍ​ប្រទេស​គ្រប់​វិស័យ។

«ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២​នេះ​ មិន​មាន​ការពិភាក្សា​ដេញដោល​ច្រើន​ទេ​ ដោយសារ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ​ប្រជុំ​សភា​ដើម្បី​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ»។

សេចក្តីព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២​នេះ​បាន​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ខ្ចី​បំណុល​បរទេស​ជាង​១.០០០​លាន​ដុល្លារ​អាមេរិក។

លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សម ​រង្សី ​បាន​ថ្លែង​ថា​តំណាងរាស្ត្រ​គណបក្ស​សម ​រង្សី​ បាន​ធ្វើ​ពហិកា​ប្រជុំ​សភា​ដើម្បី​ប្រឆាំង​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២ ​អំពើ​ពុក​រលួយ​របស់​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ និង​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ពី​ដី​ធ្លី​ដោយ​បង្ខំ។

«ការ​ធ្វើ​ពហិកា​របស់​គណបក្ស​សម ​រង្សី​នេះ​ គឺ​ជា​ការត្រឹមត្រូវ​ណាស់ ​ពីព្រោះ​បំណុល​១.១០០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់​ពី​ព្រឹក​ម៉ិញ​នេះ​ មិនមែន​ជា​រឿង​ធម្មតា​ទេ។​ នេះ​ស​ឱ្យ​ឃើញ​ថា​ការ​ដែល​ខ្ចី​បុល​បែប​នេះ​ នឹង​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​សេដ្ឋកិច្ច​ជាតិ​នៅ​ពេល​ខាង​មុខ​ ដោយសារ​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដ៏​ធ្ងន់ធ្ងរ»

លោក​ កឹម​ សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា​ សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ។

«យើង​មិន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២​នោះ​ទេ ​ដោយ​មូលហេតុ​ធំ​ពីរ​គឺ​ទី​១​កម្ចី​ប្រាក់​ពី​បរទេស​កើន​ឡើង​ដោយ​មិន​ប្រុងប្រយ័ត្ន​កាត់​បន្ថយ​អំពើ​ពុករលួយ ​និង​ការ​ចំណាយ​ផ្សេងៗ។ ​ទី​២ យើង​អត់​គាំទ្រ​នូវ​គោលនយោបាយ​ដែល​ធ្វើ​សម្បទាន​សេដ្ឋកិច្ច ​បាត់បង់​ព្រៃឈើ ​ដីធ្លី ​បឹងបួរ​ជា​ច្រើន​ ហើយ​ចំណូល​ថវិកា​តិច»

លោក គាត ​ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​យ៉ាង​ដូច្នេះ​ថា៖

«ការ​ប្រៀបធៀប​នឹង​ផលិតផល​សរុប​ក្នុង​ស្រុក​ចំណូល​ថវិកា ​និង​ការ​នាំចេញ​បំណុល​របស់​ប្រទេស​កម្ពុជា​មិនមាន​ហានិភ័យ​នោះ​ទេ។ ខ្ញុំ​ជឿជាក់​ថា កម្ពុជា​នឹង​អាច​គ្រប់គ្រង​បំណុល​របស់​ខ្លួន​នេះ​បាន»

លោក​ ឈាង​ វុន ​ប្រធាន​គណៈកម្មការការ​បរទេស​ នៃ​រដ្ឋសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បដិសេធ​ការអះអាង​របស់​គណបក្ស​ប្រឆាំង ​ដោយ​លើក​ឡើង​ថា កម្ពុជា​មិនមាន​បញ្ហា​វិបត្តិ​បំណុល​កើត​ឡើង​នៅ​ថ្ងៃ​មុខ​ទេ។

«អ្នក​នយោបាយ​ដែល​ធ្វើ​ឱ្យ​មាន​ការ​មន្ទិល​សង្ស័យ​ចង់រាំង​ស្ទះ​កុំ​ឱ្យ​មាន​ស្ពាន​កុំ​ឱ្យ​មាន​ថ្នល់​ កុំ​ឱ្យ​មាន​សាលារៀន​កុំ​ឱ្យ​មាន​ទឹក ​និង​កុំ​ឱ្យ​មាន​ភ្លើង​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មើល​មក​ឃើញ​ថា​ អ្នក​កាន់​អំណាច​ មិន​បាន​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​ទេ។ គាត់​ចង់​បាន​ ណាស់​ប្រជាពលរដ្ឋ​មើល​ឃើញ​ភាព​អសមត្ថភាព​របស់​ការដឹកនាំ​ប្រទេស​សព្វ​ថ្ងៃ»

លោក​ យឹម ​សុវណ្ណ ​បាន​បញ្ជាក់​ថា​គណបក្ស​សម​រង្សី​ នឹង​បន្ត​ធ្វើ​ពហិកា​ប្រជុំ​សភា​រហូត​ដល់​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដី​ធ្លី​នៅ​កម្ពុជា។

លោក ​កឹម​ សុខា ​បាន​ថ្លែង​ថា​ គណបក្ស​សិទ្ធិ​មនុស្ស​ របស់​លោក​ធ្វើ​ពហិកា​ប្រឆាំង​នឹង​ច្បាប់​ណា​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ៕

XS
SM
MD
LG