ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​កម្ពុជា​ព្យួរ​អភ័យឯកសិទ្ធិ​សមាជិក​សភា​គណបក្ស​ប្រឆាំង


ទិដ្ឋភាពទូទៅ​នៃ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា​កម្ពុជា
ទិដ្ឋភាពទូទៅ​នៃ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា​កម្ពុជា

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ព្យួរ​អភ័យឯកសិទ្ធិ​សភា​របស់​លោក​ចាន់​ ចេង ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់។

តាម​សំណើ​របស់​តុលាការ​ខេត្ត​កណ្តាល​ ក្រសួង​យុត្តិធម៌​បាន​ស្នើសុំ​រដ្ឋសភា​ឲ្យ​ព្យួរ​អភ័យឯកសិទ្ធិ​របស់​លោក​ ចាន់​ ចេង​ តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី​ប្រចាំ​មណ្ឌល​ខេត្ត​កណ្តាល​ពី​ការ​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​មធ្យោបាយ​ឲ្យ​ជន​ជាប់​ឃុំ​ឈ្មោះ ​មាស ​ប៉េង ​លួច​រត់​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា​ ឆ្នាំ​២០១១។

លោក ​ជាម​ យៀប​ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ថា ការ​ព្យួរ​អភ័យឯកសិទ្ធិ​សភា​របស់​លោក​ចាន់ ​ចេង​នេះ​ បាន​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់។

«គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​ឯកភាព​ចាំ​បាច់​ត្រូវ​តែ​លើក​អភ័យឯកសិទ្ធិ​សភា​របស់​លោក​ចាន់ ​ចេង ​ដើម្បី​អាច​ឲ្យ​តុលាការ​សាកសួរ​ព័ត៌មាន ​ឬ​បំភ្លឺ​អំពី​សំណួរ​របស់​ព្រះរាជអាជ្ញា ​ឬ​របស់​ចៅក្រម​ស៊ើបអង្កេត​ទៅ​តាម​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ប្រធានបទ​នៃ​ពាក្យ​បណ្តឹង»

លោក ​ជាម ​យៀប ​បាន​បញ្ជាក់​ថា ​សេចក្តីសម្រេច​លើ​អភ័យឯកសិទ្ធិ​របស់​លោក​ចាន់​ ចេង​នេះ​នឹង​ត្រូវ​ដាក់​ជូន​សម័យ​ប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា​អនុម័ត​នៅ​សប្តាហ៍​ក្រោយ។ គណបក្ស​ប្រជាជន​ដែល​គ្រប់គ្រង​អំណាចមាន​សមាជិក​សភា​ចំនួន​៩០​រូប ​ខណៈ​ដែល​គណបក្ស​សម ​រង្ស៊ី​ មាន​២៦​រូប​ គណបក្ស​សិទ្ធិ​មនុស្ស​មាន​៣​រូប ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​២​រូប ​និង​គណបក្ស​នរោត្តម​ រណឫទ្ធី​មាន​២​រូប។

លោក​ ចាន់​ ចេង ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី​ ប្រចាំ​មណ្ឌល​កណ្តាល​ បាន​ថ្លែង​ថា ការ​សម្រេច​ព្យួរ​អភ័យឯកសិទ្ធិ​សភា​របស់​លោក​នេះ​គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​រូប​លោក​ ហើយ​វា​ជា​រឿង​សោកស្តាយ​ខ្លាំង​ណាស់​ពីព្រោះ​រឿង​នេះ​គឺ​ជា​រឿង​មេធាវី ​កូនក្តី​របស់​មេធាវី​ ​និង​ចៅក្រម​ប៉ុណ្ណោះ។

«ខ្ញុំ​គ្មាន​ពាក់ព័ន្ធ​នឹង​អ្វី​ដូច​ការ​ចោទប្រកាន់​ហ្នឹង​ទេ ​ហើយ​ខ្ញុំ​មាន​ការ​សោកស្តាយ ​បើ​រឿងហ្នឹង​មាន​ការ​ចោទប្រកាន់​ខ្ញុំ​បែប​នេះ។ ចំពោះ​បញ្ហា​លើក​អភ័យឯកសិទ្ធិនេះ​ វា​អយុត្តិធម៌​សម្រាប់​ខ្ញុំ​ណាស់​ ពីព្រោះខ្ញុំ​អត់​បាន​ធ្វើ​អ្វី​ខុស​ឆ្គង​អំពី​បញ្ហា​ផ្លូវ​ច្បាប់​ទេ»

លោក ​អ៊ូ ​វីរៈ ​ប្រធាន​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​បាន​ថ្លែង​ថា​វា​ជា​រឿង​មិន​សម​នឹង​កើត​ឡើង​ទេ។

«មាន​អភ័យឯសិទ្ធិ​មិន​សូវ​ជា​ការពារ​ប៉ុន្មាន​ទេ​ សម្រាប់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង។ វា​ជា​ការ​ព្រួយបារម្ភ។ នេះ​គ្រាន់​តែ​ជា​ភស្តុតាង​មួយ​បន្ថែម​ទៀត​ថា​ការប្រើប្រាស់​អំណាច​របស់​រដ្ឋាភិបាល​គាប​សង្កត់​ទៅ​លើ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​គឺ​នៅ​តែ​មាន​បន្ត​អញ្ចឹង»

សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​ថា ក្រុម​តំណាងរាស្ត្រ​គណបក្ស​សម​ រង្សី ​បាន​ថ្កោលទោស​ចំពោះ​ការ​ព្យួរ​អភ័យឯកសិទ្ធិ​ និង​ការ​ចោទ​ប្រកាន់​លោក​ចាន់ ​ចេង​នេះ។

លោក ​សម​ រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​ព្យួរ​អភ័យឯកសិទ្ធិ​សភា​របស់​លោក ដោយសារ​លោក​ត្រូវ​បានចោទ​ប្រកាន់​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយរៀង​ ក្នុង​ឆ្នាំ​២០០៦។ តំណាងរាស្ត្រ​គណបក្ស​សម ​រង្សី​ លោកស្រី ​មួរ ​សុខហួរ ​និង​ លោក​ ហូ​ វ៉ាន់​ ក៏ត្រូវ​បាន​ព្យួរ​អភ័យឯកសិទ្ធិ​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​បរិហារកេរ្តិ៍លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​និង​ការ​ប្រមាថ​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​របស់​ក្រុម​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០០៩៕

XS
SM
MD
LG