ទោះបីតំណាងរាស្ត្រគណបក្សប្រឆាំងសម រង្ស៊ីមិនបានចូលរួមក៏ដោយ ក៏នៅថ្ងៃពុធនេះ រដ្ឋសភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់គ្រប់គ្រងការធ្វើពាណិជ្ជកម្មនិងការប្រើប្រាស់ថ្នាំ និងជីកសិកម្មដែរ។
ច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មនេះ មាន១១៩មាត្រាដែលអនុញ្ញាតរដ្ឋាភិបាលគ្រប់គ្រងការធ្វើពាណិជ្ជកម្ម ការនាំចេញ ការនាំចូល និងការប្រើប្រាស់ថ្នាំ និងជីកសិកម្ម ឲ្យបានប្រសើរដើម្បីកាត់បន្ថយគ្រោះថ្នាក់ពីការប្រើប្រាស់ថ្នាំ និងជីកសិកម្ម។
លោក ច័ន្ទ សារ៉ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងប្រាប់សម័យប្រជុំសភាថា ការអនុម័តច្បាប់នេះគឺជាការឆ្លើយតបជាប្រវត្តិសាស្ត្រចំពោះការទន្ទឹងរង់ចាំយ៉ាងយូររបស់ប្រជាជាតិ និងសហគមន៍អន្តរជាតិ។
លោក ច័ន្ទ សារ៉ុន បានបញ្ជាក់ថា ក្រសួងកសិកម្មនឹងទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីផលប្រយោជន៍លើកស្ទួយសន្តិសុខ និងសុវត្ថិភាពស្បៀង ព្រមទាំងសុខភាពសាធារណៈនិងការរក្សានិរន្តរភាពនៃបរិស្ថាន។
លោក ឈាង វុន សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងសម័យប្រជុំសភាយ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋកម្ពុជាតែងតែមានការព្រួយបារម្ភអំពីចំណីអាហារដែលមានជាតិពុល ហើយសង្ឃឹមថាច្បាប់នេះ នៅពេលចូលជាធរមាននឹងផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ»។
លោក ច័ន្ទ សារ៉ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្ថែមថា លោកទទួលយកអនុសាសន៍ទាំងអស់របស់តំណាងរាស្ត្រទៅអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។
«យោបល់ដ៏មានសារៈសំខាន់ដែលស្តែងចេញពីវាគ្មិននៃអង្គប្រជុំសភាទាំងមូល ពិតជាបានបន្ថែមនូវគុណភាព និងសុក្រឹត្យភាពដល់អត្ថបទច្បាប់ស្តីពីការគ្រប់គ្រងថ្នាំ និងជីកសិកម្មឲ្យកាន់តែល្អប្រពៃ សម្រាប់ជាឧបករណ៍ដ៏មានប្រសិទ្ធិភាព និងភាពសក្តិសិទ្ធិក្នុងការគ្រប់គ្រងថ្នាំ និងជីកសិកម្ម ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ក្នុងសេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់នេះ ថានៅតែមានអំពើល្មើសច្បាប់នៅក្នុងប្រព័ន្ធចែកចាយសម្ភារៈកសិកម្មបច្ចុប្បន្ន ដោយសម្ភារៈកសិកម្មមួយចំនួននៅតែត្រូវបាននាំចូលពីប្រទេសជិតខាង និងចរាចរណ៍លើទីផ្សារដោយគ្មានការធានាគុណភាព ជាពិសេសស្លាកសញ្ញាព័ត៌មានលើសំបកវេចខ្ចប់ភាគច្រើនជាភាសាបរទេសដែលកសិករមិនអាចយល់បាន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា គិតត្រឹមដំណាច់ឆ្នាំ២០១០ កម្ពុជាបានអនុញ្ញាត
ឲ្យនាំចូលជីកសិកម្មប្រមាណ១៧០.០០០តោនក្នុងមួយឆ្នាំ និងថ្នាំកសិកម្មប្រមាណ៦០០តោនក្នុងមួយឆ្នាំ។ ដោយឡែកក្នុងឆមាសទី១ ឆ្នាំ២០១១នេះ កម្ពុជាត្រូវការនាំចូលជីកសិកម្ម១៥១.០០០តោន និងថ្នាំកសិកម្ម១.៧០០តោន។ ផ្អែកតាមសក្តានុពលនៃផលិតកម្មកសិកម្មចំពោះមុខ តម្រូវការជីកសិកម្មអាចកើនឡើងដល់២៥០.០០០តោន ទៅ៣០០.០០០តោនក្នុងមួយឆ្នាំ។
លោក យ៉ង់ សាំងកុមា ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានថ្លែងថា ច្បាប់នេះជាច្បាប់ល្អសម្រាប់ជៀសវាងការជួញដូរ ការលក់ ការប្រើប្រាស់ថ្នាំពុលខុសច្បាប់ ដែលប៉ះពាល់ដល់សុខភាពសាធារណៈ។
«មានច្បាប់នេះ យើងសង្ឃឹមថា កុំឲ្យថ្នាំពុលខុសច្បាប់ ជាពិសេសថ្នាំដែលគ្រោះថ្នាក់ខ្លាំងត្រូវបានប្រើប្រាស់ និងជួយបញ្ឈប់លែងឲ្យមានការជួញដូរជីគីមីដែលក្លែងក្លាយ។ វាជាការល្អណាស់ដែលយើងមានច្បាប់នេះ ហើយអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពល្អ»។
លោក ប្រាជ្ញ ប៊ុនធឿន អនុប្រធានសមាគមកសិករដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានបញ្ជាក់ថាខ្លឹមសារនៃច្បាប់នេះគឺល្អ ប៉ុន្តែលោកមានការព្រួយបារម្ភខ្លាចការអនុវត្តច្បាប់នេះមិនបានពេញលេញ។
«ច្បាប់នេះអនុម័តហើយ។ ការគោរពច្បាប់នេះមិនបាន ហើយការអនុវត្តអត់បានដល់គោលដៅ។ បើការអនុវត្តបានដល់គោលដៅមែន សេដ្ឋបរិស្ថានរបស់យើងនឹងរីកចម្រើនឡើងវិញ។ យើងធ្វើឲ្យប្រព័ន្ធជីវៈចម្រុះរបស់យើងកើតឡើងវិញ»។