នៅថ្ងៃសុក្រនេះ ក្រុមមន្ត្រីកម្ពុជាបានបដិសេធការរិះគន់ប្រព័ន្ធតុលាការកម្ពុជា ពីសំណាក់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា IPU អំពីករណីរបស់តំណាងរាស្ត្រគណបក្សប្រឆាំងលោកស្រីមូរ សុខ ហួរ ដែលបានចាញ់ក្តីលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅក្នុងរឿងក្តីបរិហារកេរ៌្ត៏។
លោករ៉ូសារីយ៉ូ ហ្គ្រីន ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភាបានហៅករណី បរិហារកេរ្តិ៍ប្រឆាំងនឹងតំណាងរាស្ត្រគណបក្សប្រឆាំងលោកស្រីមូរ សុខហួរ ថាជាការចំអកទាំងស្រុងចំពោះប្រព័ន្ធយុត្តិធម៌កាលពីថ្ងៃព្រហស្បតិ៍។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភាបានថ្លែងថា ពាក្យសម្តីរបស់លោករ៉ូសារីយ៉ូ ហ្គ្រីន នេះ មិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា និងមិនបានស្វែងយល់ពីករណីរបស់លោកស្រីមួរ សុខហួរទេ។ លោកថ្លែងថា៖
«អ្វីដែលប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់IPU ដែលបានលើកឡើងរបៀបនេះ គឺថាលោករ៉ូសារីយ៉ូ ហ្គ្រីន មានភ្នែកអត់ប្រស្រី និងមានខួរក្បាលមិនចេះគិតគូ។ នេះជាកិច្ចការផ្ទៃក្នុងរបស់រដ្ឋសភា។ វាអត់ប៉ះពាល់ដល់អស់លោកទាំងនោះទេ ប៉ុន្តែអស់លោកនោះលើកឡើង សុទ្ធតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ ការនិយាយរបៀបនេះ ហាក់បីដូចជាមើលងាយដល់សភា និងប្រជាពលរដ្ឋកម្ពុជាចំនួន១៤លាននាក់»។
លោកជាម យៀប បានបញ្ជាក់ថា លោករ៉ូសារីយ៉ូ ហ្គ្រីន គួរតែទៅសួរលោកចន អ៊ែនដឺសាន់ (John Anderson) អគ្គលេខាធិការសហភាពអន្តរសភាអំពីករណីរបស់លោកស្រីមូរ សុខហួរ និងលោកសម រង្សី ពីព្រោះលោកបានពន្យល់លោកចន អ៊ែនដឺសាន់ នៅទីក្រុងបាងកក និងទីក្រុងភ្នំពេញអំពីករណីលោកសម រង្សី និងលោក ស្រីមូរ សុខហួរ នៅក្នុងឆ្នាំ២០០៩ និងដើមឆ្នាំ២០១០ ស្របតាមរដ្ឋធម្មនុញ្ញច្បាប់បោះឆ្នោត លក្ខន្តិកៈតំណាងរាស្ត្រ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
លោកជាម យៀប បានថ្លែងថា ពាក្យសម្តីរបស់លោករ៉ូសារីយ៉ូ ហ្គ្រីន បានលំអៀងទៅរកគណបក្សប្រឆាំង គ្មានតុល្យភាព អព្យាក្រឹត្យ និងឯករាជ្យទេ។ លោកបន្តថា៖
«ខ្ញុំទទួលយកមិនបាននូវសម្តីរបស់លោករ៉ូសារីយ៉ូ ហ្គ្រីន ក្នុងនាមគណបក្សគ្រប់គ្រងអំណាចនៅកម្ពុជា។ នេះជាការអត្តនោម័តិរបស់ខ្ញុំ ហើយខ្ញុំសូមអំពាវនាវសុំឱ្យលោកកែពាក្យរបស់លោកវិញ ដោយលោកយកការត្រួតពិនិត្យគ្នាទៅវិញទៅមក។ លោកយករបាយការណ៍ស្តីពីករណីរបស់ លោកស្ត្រីមូរ សុខហួរ និងលោកសម រង្សី ទៅពិនិត្យសាឡើងវិញ រៀនសូត្រឱ្យគ្រប់គ្រាន់ ហើយធ្វើការត្រួតពិនិត្យគ្នាទៅវិញទៅមកឱ្យច្បាស់លាស់ ដើម្បីធ្វើការសន្និដ្ឋាន»។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិង ជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ករណីរបស់លោកស្រីមូរ សុខហួរ គឺជាករណីផ្ទាល់ខ្លួនទាក់ទងនឹងច្បាប់ស៊ីវិល ដែលមិនពាក់ព័ន្ធនឹងរដ្ឋាភិបាល និងរឿងនយោបាយទេ។ លោកថ្លែងថា៖
«សម្តីមួយមិនគួរឱ្យគោរព ហើយគ្មានមូលដ្ឋានសត្យានុម័ត និងមូលដ្ឋានគតិយុត្តិ និងអ្វីដែលបានកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ។ សម្តីថ្លែងអត្តនោម័តិផ្ទាល់ខ្លួនរបស់គាត់មិនឆ្លើយតបនឹងភាពសត្យានុម័តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាសេចក្តីថ្លែងការណ៍នយោបាយប្រាស់ចាកពីការពិត»។
កាលពីខែមុន តុលាការកំពូល បានតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញ ដែលសម្រេចថា លោកស្រី មូរ សុខហួរ មានទោសពីបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងបានពិន័យចំនួន៤.៥០០ដុល្លារអាមេរិកក្នុងករណីបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកស្រីមួរ សុខហួរ នៅតែប្រកែកមិនបង់ប្រាក់ពិន័យតាមការបញ្ជារបស់តុលាការទេ។ បើទោះបីជាឧសានវាទសម្រាប់ឱ្យលោកស្រីមួរ សុខហួរបង់ប្រាក់ពិន័យបានកន្លងផុតទៅកាលពីថ្ងៃម្សិលមិញក៏ដោយ៕