ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី មូរ សុខហួរ ​ត្រួសត្រាយ​រក​ប្រព័ន្ធ​នយោបាយ​សម័យ​ថ្មី


លោកស្រី​មូរ សុខហួរ​ (រូបឆ្វេង) តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​​ដែល​ចាញ់​ក្តី​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​។
លោកស្រី​មូរ សុខហួរ​ (រូបឆ្វេង) តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​​ដែល​ចាញ់​ក្តី​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​។

ភ្នំពេញ៖តំណាង​រាស្រ្ត​កម្ពុជា​មូរ សុខហួរ គឺជាសមាជិក​នៃ​ស្រ្តីជំនាន់ថ្មី ដែល​កំពុង​ត្រួសត្រាយ​ផ្លូវ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​នៃ​សង្គម​អាស៊ី​ដែល​បុរសមាន​អំណាច​លើស​លុប​ ពី​ក្រុមប្រឹក្សា​មូលដ្ឋាន​ទៅ​សភាជាតិ និង​តួនាទី​នៅ​ក្នុង​គណរដ្ឋ​មន្ត្រី។ ដូច​អ្នក​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ជាច្រើន​ដែរ​ លោក​ស្រី​ដឹង​ថា ខ្លួន​លោក​ស្រី​កំពុង​ប្រឈម​នឹង​បញ្ហា​ថ្មីមួយ គឺ​ប្រយុទ្ធ​ដើម្បី​សេរីភាព​របស់​លោក​ស្រីផ្ទាល់​ ​ខណៈ​ដែល​លោក​ស្រី​ក្រោក​ឈរ​ប្រយុទ្ធ​ដើម្បី​សិទ្ធិអ្នក​ដទៃ។

លោកស្រី​មូរ​ សុខហួរ​ចាប់​ផ្តើម​ជីវិត​នយោបាយ​ដោយធ្វើ​ការ​ជាមួយ​រដ្ឋា​ភិបាល​ក្នុង​ឋានៈជា​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី។ ប៉ុន្តែ​ខណៈដែល​ការអំពាវរបស់​លោក​ស្រីសុំ​ឲ្យ​មាន​សមភាព​យ៉េនឌ័រ និង​សិទ្ធិ​មនុស្ស​រីក​កាន់​តែ​ធំ​ឡើង ​ ​លោក​ស្រី​បាន​សម្រេច​ថា​ ​នៅ​ក្នុង​រដ្ឋាភិបាល​គ្មាន​ឱកាសគ្រប់​គ្រាន់​សម្រាប់ធ្វើ​កិច្ច​ការ​របស់​លោក​ស្រីទេ។

«ខ្ញុំព្យាយាម។ ខ្ញុំព្យាយាម។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ​ខ្ញុំ​ត្រូវតែ​ជំរុញ​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​នេះ ​ជំរុញពី​ខាង​ក្នុង។ ប្រសិន​បើ​ខ្ញុំ​ត្រូវជំរុញ​ខ្លាំង​ពី​ខាង​ក្នុង​ ខ្ញុំ​នឹង​ត្រូវគេ​បំបិទមាត់»។

លោក​ស្រី​មូរ សុខហួរ បាន​ចូល​រួម​ជាមួយ​គណបក្ស​ប្រឆាំង​ដែល​មាន​សម្លេង​នៅ​ក្នុង​សង្គម​កម្ពុជា​ ប៉ុន្តែ​មាន​ឥទ្ធពល​តិចតួច​នៅ​ក្នុងរដ្ឋាភិបាល​មួយ​ដែល​គ្រប់​គ្រង​ដោយ​មនុស្ស​តែ​ម្នាក់​អស់​រយៈពេល​ជិត​៣០​ឆ្នាំ​មក​ហើយ។ ​លោក​ស្រី​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ប្រឆាំង​ទល់​នឹង​រដ្ឋា​ភិបាល។

នាពេល​ថ្មីៗ​នេះ លោកស្រី​ត្រូវបាន​ជាប់​ដៃ​នឹង​រឿង​ក្តី​ក្តាំបរិហារកេរ្តិ៍ដ៏​ចម្លែក​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី​ ដែល​ក្នុង​រឿង​ក្តីក្តាំ​នោះ​ លោក​ស្រី​ជា​អ្នក​ចាញ់​ក្តី។

រឿង​ក្តី​នោះ​ចាប់​ផ្តើម​កាល​ពី​ខែ​មេសា​ឆ្នាំ​កន្លងទៅ​នេះ ​ នៅពេល​ដែល​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​ បាន​ថ្លែង​សុន្ទរក​ថា​មួយ​ដែល​ក្នុង​នោះ​លោក​បាន​និយាយ​ថា​ ស្រ្តីម្នាក់​ពី​ខេត្ត​កំពត​ ជាមណ្ឌលដែល​លោក​ស្រី​មូរ សុខហួរ​ ជា​អ្នក​ជា​តំណាងរាស្រ្ត ​បាន​ប្រឡេះ​ឡេវ​អាវ​ខ្លួន​ឯង​ជា​សាធារណៈ។​ លោក​ហៅ​ស្រី្ត​នោះ​ថា ជា​ស្រីជើង​ខ្លាំងដែល​មនុស្ស​ខ្លះ​ចាត់​ទុក​ថា ​ជាពាក្យ​សំដី​ប្រមាថ​មើល​ងាយ។

«”ជើងខ្លាំង”​ នៅ​ក្នុង​បរិបទ​កម្ពុជា​ គឺ​ជា​មនុស្សគឃើ្លន​ ​ហើយ​ការ​ដែល​លាប​ពណ៌​ឲ្យ​ស្រ្តី​ខ្មែរថា​ ជា​មនុស្ស​គឃ្លើន​ គឺ​មើល​ទៅ​មិន​ល្អទេ​ក្នុងសង្គម»។

លោក​ស្រី​មូរ​ សុខហួរ​ បាន​ប្តឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ពី​បទ​បរិហារ​កេរ្តិ៍។​ ​បន្ទាប់​មកលោកហ៊ុន​ សែន​បាន​ប្តឹង​តប​វិញ ហើយសភា​បាន​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក​ស្រី។​ តុលាការ​ដែល​ត្រូវបាន​មើល​ឃើញ​ជាទូទៅ​ថា​ ​មិន​មាន​ឯករាជ្យ​ភាព ​បាន​ទាត់​ចោល​បណ្តឹង​របស់​លោក​ស្រី​មូរ សុខហួរ ហើយ​បាន​កាត់​ឲ្យ​លោក​ស្រី​បង់​ប្រាក់​ពិន័យ​ចំនួន​$៤០០០​ពីបទ​បរិហារ​កេរ្តិ៍ ​លោក​ហ៊ុន សែន។​ លោក​ស្រី​មូរ​ សុខហួរ ​និយាយថា​ ​លោក​ស្រី​សុខចិត្ត​ជាប់​ពន្ធនាគារ​ជាជាង​បង់​ប្រាក់​ពិន័យ​នោះ។

«យើង​ត្រូវ​តែ​អាច​មាន​លទ្ធភាពផ្តល់​សារ​ដ៏​ខ្លាំង​មួយ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ថា អ្វីៗ​ទាំង​អស់ដែល​គាត់​ធ្វើ​មិន​សុទ្ធតែអាច​ទទួល​យក​បាន​នោះ​ទេ»។

យុទ្ធសាស្រ្ត​របស់​លោក​ស្រី​បានទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​គាំទ្រ​ពីមជ្ឈដ្ឋាន​អន្តរជាតិ។​ ស្នង​ការ​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​កិច្ចការ​សិទ្ធិមនុស្ស ​នាពេល​ថ្មីៗនេះ​ឲ្យ​ដឹង​ថា ​ដំណើរ​ការកាត់​សេចក្តី​រឿងបរិហារកេរ្តិ៍​ប្រឆាំង​នឹង​លោក​ស្រី មូរ សុខហួរ ​បង្ហាញ​អំពី​ការ​សឹករិចរិល​ដល់​កម្រិត​ប្រកាស​អាសន្ន​មួយ​នៃ​ការ​បញ្ចេញ​មតិ​ដោយ​សេរី ​និងឯករាជ្យ​ភាព​របស់ប្រព័ន្ធ​តុលាការ​កម្ពុជា។

កាលបរិច្ឆេទ​កំណត់​សម្រាប់​ការបង់​ប្រាក់​ពិន័យ​របស់​លោក​ស្រី​មូរ សុខហួរ បាន​កន្លង​ហួស​ទៅ​ហើយ​ ​តែលោក​ស្រី​នៅ​តែ​មាន​សេរីភាព​នៅ​ឡើយ។

លោក​ហង់ ឆាយា ជា​នាយប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិប្រជា​ធិបតេយ្យ​ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​រាជធានី​ភ្នំពេញ ​ដែល​បានធ្វើ​ការផ្តោត​ទៅ​លើ​នយោបាយ។​ លោក​និយាយថា លោក​ស្រី​មូរ សុខហួរ ប្រើ​ប្រាស់​រឿង​ក្តី​នេះ​ប្រកប​ដោយ​ជំនាញ ​បាន​ល្អ​ជាង​លោក​នាយក​រដ្ឋមន្រ្តី។

«គូរបក្ខដិបក្ខទាំងពីរ​ប្រកាន់​ជំហរ​ខ្លាំង​ណាស់​ពី​ដំបូង។ ​ខ្ញុំ​មាន​អារម្មណ៍​ថា ​លោក​នាយក​រដ្ឋមន្ត្រីទទួល​ប្រឹក្សា​ខុស​ក្នុង​រឿង​នេះ»។

តុលាការ​កម្ពុជាបាន​ជូន​ដំណឹង​ទៅ​លោក​ស្រី​មូរ សុខហួរ​ថា ​ខ្លួន​នឹង​កាត់​ប្រាក់​ខែ​រដ្ឋសភា​របស់​លោក​ស្រី។

លោក​ហង្ស ឆាយា និ​យាយ​ថា ​លោក​ហ៊ុន សែនប្រហែល​មាន​អារម្មណ៍​ថា ​ ​ការ​ដាក់​គុក​អ្នក​ប្រឆាំង​របស់​លោក​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​សន្លឹក​ឆ្នោត​របស់​គណបក្ស​កាន់អំណាច​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៣។

លោក​សុខ សំអឿន គឺ​ជាប្រធាន​គម្រោង​អ្នកការពារ​សិទ្ធិ​កម្ពុជា ដែល​ជា​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៅ​ភ្នំពេញ។ លោក​និយាយថា រឿង​ក្តី​នេះ​បាន​បង្ហាញ​ចំណុចខ្វះខាត​មួយ​ចំនួន​របស់​ប្រព័ន្ធតុលាការ។

«ចំណុចមួយ​នោះគឺថា ​វាអាច​បង្ហាញ​ថា​ រដ្ឋាភិបាល​ចង់​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​ការ​គំរាម​កំហែង​អ្នក​ទាំង​ឡាយ​ណា​ដែល​រដ្ឋាភិបាល​ចង់​គំរាម។​ ចំណុច​មួយ​ទៀត​គឺ​ថា​ ​ប្រព័ន្ធ​តុលាការ​ខ្សោយ​ មិន​ឯករាជ្យ​ ​ពីព្រោះ​ប្រព័ន្ធតុលាការ​ងាយ​នឹង​ត្រូវបាន​ប្រើ​ជាឧបករណ៍​សម្រាប់​គំរាម​កំហែង​មនុស្ស»។

លោក​សុខ​ សំអឿន​និយាយ​ថា​ រឿងក្តី​នេះ​មាន​ផល​ចំណេញ​ផ្នែក​ច្បាប់​មួយ។​ វា​បាន​កំណត់​អទិភាព​មួយ​ដែលថា​ ប្រាក់​ពិន័យ​ដែល​បញ្ជា​ដោយ​តុលាការ ​អាច​នឹង​បង់​ ដោយ​មិន​ចាំ​បាច់​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ។

លោក​មូរ សុខហួរ និយាយថា ​លោក​ស្រី​មិន​ជឿថា ​លោក​នាយរដ្ឋមន្រ្តី​ចាញ់​ក្តី​នោះ​ទេ ​ ​ប៉ុន្តែ​លោក​ស្រី​ទទួល​ស្គាល់​ថា ​ ​រដ្ឋាភិបាល​នឹង​គិត​ឡើង​វិញ​អំពី​ការ​ប្រើ​ប្រាស់​តុលាការ​ដើម្បី​គំរាម​អ្នក​ប្រឆាំង​របស់​ខ្លួន​នាពេល​អានគត៕

ប្រែសម្រួលដោយ ​អ៊ឹម សុធារិទ្ធ

XS
SM
MD
LG