យ៉ាងតិចមានព្រះសង្ឃចំនួនបួនអង្គ ព្រមទាំងប្រជាពលរដ្ឋចំនួនជាង១០នាក់ ដោយរាប់បញ្ចូលទាំងបុគ្គលិកជនជាតិចិនមួយចំនួនផង បានធ្វើពិធីសូត្រមន្ត រំឭកវិញ្ញាក្ខន្ធដល់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងអណ្តូងរ៉ែមួយ នៃស្រុកសំបូរ ខេត្តក្រចេះ។
កាលពីសប្តាហ៍មុន យ៉ាងតិចមានកម្មករខ្មែរប្រមាណប្រាំបីនាក់ មកពីខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតនៅក្នុងអណ្តូងរ៉ែមួយ ក្នុងចំណុចអូរត្រូន ដែលមានទីតាំងនៅក្នុងភូមិអូរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
មន្ត្រីរដ្ឋាភិបាលខ្មែរបាននិយាយថា មូលហេតុនៃការស្លាប់បង់ជីវិតនេះ ដោយសារតែមានកម្មករជនជាតិចិនបានបំផ្ទុះគីបដើម្បីយករ៉ែនៅក្នុងជម្រៅដីប្រមាណជាង៣០០ម៉ែត រួចហើយបានប៉ះចំដង្ហើមទឹក ដែលបានបណ្តាលឲ្យទឹកបាញ់ចេញយ៉ាងកំហុក លាយលំជាមួយនឹងកម្ទេចថ្ម ដែលធ្វើឲ្យកម្មករចំនួនប្រាំបីនាក់ស្លាប់យ៉ាងអណោចអាធ័ម ដោយសារតែការឆ្លក់ទឹក។
សាក្សីឃើញផ្ទាល់ភ្នែកបានឲ្យនិយាយថា មានតែកម្មករតែពីរនាក់ប៉ុណ្ណោះបានរួចជីវិតគឺកម្មករខ្មែរម្នាក់ និងកម្មករជនជាតិចិនម្នាក់។ នៅចង្ងាយប្រមាណជាង៤០គីឡូម៉ែតពីទីរួមខេត្តក្រចេះ អណ្តូងរ៉ែដែលធ្វើអាជីវកម្មដោយជនជាតិចិន មានការដាក់កុងត្រូលយ៉ាងតឹងរឹង ដែលយាមកាមដោយកងរាជអាវុធហត្ថខេត្តក្រចេះ។
ថ្ងៃព្រហស្បតិ៍នេះគឺជាថ្ងៃគម្រប់ខួប៧ថ្ងៃនៃការស្លាប់បាត់បង់ជីវិតរបស់កម្មករទាំងប្រាំបីរូប។ នៅចំហៀងខាងស្តាំ ពីមុខអណ្តូងរ៉ែ ពិឃាត ព្រះសង្ឃនិងប្រជាពលរដ្ឋបាននាំគ្នាឧទ្ទិសកុសលដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតទាំងនោះ។ ពិធីនេះមានឆ្លាក់រូបតំណាងជនរងគ្រោះចំនួនប្រាំបីនាក់ មានទៀនធូប និងក្បាលជ្រូក ព្រមទាំងអុចទៀនបំភ្លឺ នៅតាមកាំជណ្តើរចុះទៅក្នុងអណ្តូងរ៉ែ ដែលជនរងគ្រោះបានស្លាប់បាត់បង់ជីវិត កាលពីសប្តាហ៍មុន ព្រមទាំងអុចផាវតាមសាសនាចិនផងដែរ។
«ឲ្យគេនៅខាងក្រោយនេះសុខសប្បាយ។ បបួលគ្នាទៅតាមឃុំ តាមខេត្តឯងទៅ។ កុំនៅធ្វើអី ទាំងប្រាំបីនាក់ហ្នឹង។ កន្លែងអណ្តូងរ៉ែមាសក្រុមហ៊ុនហ្នឹង ឥឡូវសូមដួងវិញ្ញាណក្ខន្ធរបស់អ្នកទាំងហ្នឹង បុគ្គលម្នាក់ៗហ្នឹងទទួលយកនូវមន្នុញផលពីព្រះសង្ឃដែលបានធ្វើគោរពដួងវិញ្ញាណក្ខន្ធហ្នឹង ឲ្យអ្នកទាំងអស់ហ្នឹង ទៅនៅឋានសុខ នៅស្រុកភូមិកំណើតរបស់សាកសពទាំងប្រាំបីនាក់ហ្នឹង»។
ព្រះតេជគុណចាន់ ធី ព្រះជន្ម២៧ព្រះវស្សា គង់នៅវត្តស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ដែលបាននិមន្តមកចូលរួមពិធីសូត្រមន្តនេះ បានមានសង្ឃដីកាថា សូមឲ្យវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់បាត់បង់ជីវិតទៅកាន់សុគតិភព។
«កម្មករ កាលណាដែលស្លាប់ទៅ ដោយអាណោចអាធ័មគឺស្លាប់ដោយអាឡោះអាល័យ។ អញ្ចឹងវិញ្ញាណក្ខន្ធ វាអាចនៅទីនេះ។ អញ្ចឹង ពុទ្ធបរិស័ទអញ្ជើញមកធ្វើបុណ្យនេះដើម្បីឲ្យវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះហ្នឹង សាកសពហ្នឹង បានទទួលនូវសុគតិភព ហើយបានស្ងប់អារម្មណ៍។ ឈប់លង ឈប់អីគេទៅ»។
ចំណែកលោកសួន ឃីម អាចារ្យវត្តបានបន្ថែមទៀតថា៖
«បាទ! ពិធីនេះសំខាន់សម្រាប់ឧទ្ទិសវិញ្ញាណក្ខន្ធឲ្យសាកសពហ្នឹងទៅកាន់សុគតិភពដើម្បីរួចពីទុក្ខភ័យអន្តរាយ ដែលបានកើតមាននៅក្នុងទីការដ្ឋានចិននេះ»។
បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្ត អាចារ្យវត្តព្រមទាំងប្រជាពលរដ្ឋ និងបុគ្គលិកជនជាតិចិនមួយចំនួន បានប្រោះទឹកមន្តនិងបាចគ្រាប់អង្គរនៅពីមុនអណ្តូងរ៉ែ។ ក្រុមគ្រួសារសាច់ញាតិ ដែលស្លាប់បាត់បង់ជីវិតក៏បានប្រារព្ធពិធីគម្រប់៧ថ្ងៃ ដូចគ្នានេះដែរ នៅតាមគេហដ្ឋានរៀងៗខ្លួន។
បុគ្គលិកកម្មករខ្មែរ ដែលបានស្លាប់បាត់បង់ជីវិត ត្រូវបានក្រុមហ៊ុនចិនផ្តល់សំណងចំនួន១៣០០០ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ៕