ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងមហាផ្ទៃ​ទទួល​ស្គាល់​ពាក្យ​សុំ​របស់​គណបក្ស​ថ្មី


លោក​សម រង្ស៊ី និងលោក​កឹម សុខា
លោក​សម រង្ស៊ី និងលោក​កឹម សុខា
ភ្នំពេញ៖ ក្រសួង​មហាផ្ទៃ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​នេះ នៅ​ក្នុង​រយៈពេល​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​គណបក្ស​នេះ​បានដាក់​ពាក្យ​ស្នើ​សុំ​ជា​លើក​ទី២នៅ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

គណបក្ស​សង្គ្រោះ​ជាតិ គឺជា​គណបក្ស​ថ្មី​មួយ​ដែលមាន​ការបង្កើតឡើង​ដោយមាន​ការរួម​ប​ញ្ជូ​ល​គ្នា​ជា​គណបក្ស​តែ​មួយ​របស់​គណបក្ស​សម រង្ស៊ី របស់លោក​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម សុខា សម្រាប់​ការចូលរួម​ការបោះឆ្នោត​ជា​សកល​នៅខែកក្កដា ឆ្នាំ​២០១៣​ខាង​មុខ​នេះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍ថា​លោក​ឧបនាយករដ្ឋមន្ត្រី​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍​បាន​ចុះហត្ថលេខា​លើ​លិខិត​ឆ្លើយតប​ជា​ផ្លូវការ​ថា ក្រសួងមហាផ្ទៃ​បាន​ទទួល​សេចក្តីជូនដំណឹង​ស្តីពី​សំណើ​ស្នើសុំ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ទីស្នាក់ការ​ក​ណ្តាល​នៅ​ផ្ទះ​លេខ​៣៨ ផ្លូវ​១៩៧២ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក្រុង​ភ្នំពេញ។

លោក​បាន​បញ្ជាក់​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បំពេញ​បែបបទ និង​លក្ខខណ្ឌ​ដូច​មានចែង​នៅក្នុង​ជំពូក​ទី៥ នៃ​មាត្រា​ទី២០នៃ​ច្បាប់​ស្តីពី​ការបង្កើត​គណបក្ស​នយោបាយ។

«យើង​បានទទួល​ពាក្យ​របស់គាត់​ដែល​សុំ​បង្កើត​ហ្នឹង។ សុំ​ឲ្យ​បំពេញបែបបទ​នៅក្នុង​មាត្រា២០ទៀត គឺ​ក្នុងនោះ​គឺ​ដែល​បាន​កំណត់ថា​មាន​សមាជិក​៤.០០០​នាក់​ក្នុង​ច្បាប់​មានកំណត់​ហ្នឹង​ដើម្បី​ចុះ​បញ្ជី»។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​បាន​និយាយថា​លោក​អបអរសាទរ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានទទួល​ស្គា​ល់ពី​ក្រសួងមហាផ្ទៃ លោក​បាន​មាន​ប្រសាសន៍ថា នេះ​ជា​ជោគជ័យ​ជំហាន​ទី១សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។

«នៅក្នុង​ជំហាន​ទី២ តទៅទៀត​យើង​នឹង​បំពេញ​សំណុំបែបបទ ដើម្បី​ធ្វើទៅ​តាមច្បាប់​ដែល​តម្រូវ។ ហើយពី​ព្រោះ​តាំងពី​ការដែល​យើង​ដាក់ពាក្យ​សុំ​បើក​គណបក្ស​ថ្មី​ហ្នឹង​យើង​បាន​បំពេញ​តាមផ្លូវ​ច្បាប់​ហើយ។ ខ្ញុំ​ជឿថា​មិនមាន​ឧបសគ្គ​ផ្លូវ​ច្បាប់​ណាមួយ​ដែល​ក្រសួងមហាផ្ទៃ​នឹងមិន​អនុញ្ញាត​ឲ្យ​នោះ​ទេ»។

ការ​ទទួលស្គាល់​ជា​ផ្លូវការ​របស់​ក្រសួងមហាផ្ទៃចំពោះ​ពាក្យ​ស្នើសុំ​បង្កើត​គណបក្សនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ឡើង​ស្របពេល​នឹង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​បានរៀបចំ​ពិធី​ទទួល​ស្វាគមន៍​សមាជិក​មកពី​គណបក្ស​នរោត្តមរណឫទ្ធិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

យ៉ាងតិច​មាន​សមាជិក​ប្រមាណ​ជាង១០០នាក់​មកពី​គណបក្ស​ទាំងបី​បាន​ចូលរួម​ជាមួយនឹង​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្រោម​ការចូលរួម​ស្វាគមន៍​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ​នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ក្រុង​ភ្នំពេញ។

អ្នកស្រី ជុំ ស្រី​ពេជ្រ អាយុ​២៥ឆ្នាំ ដែល​បាន​អះអាងថា ជា​អតីត​សមាជិក​ប្រជាជន​កម្ពុជា​បាន​និយាយ​ថា ការ​ចូលរួម​របស់​អ្នកស្រី​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​បាន​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត ដោយ​មិន​មាន​ការបង្ខិតបង្ខំ​ទេ។ អ្នកស្រី​បាន​និយាយទៀតថា មូលហេតុដែល​អ្នកស្រី​ចូលរួម​ជាមួយនឹង​គណ​បក្ស​សង្គ្រោះ​ជាតិ ដោយសារ​តែ​អ្នកស្រី​គ្មាន​ជំនឿ​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​តទៅទៀត​ថា​នឹង​អាចជួយ​ជាតិ​នឹង​ប្រជាជន​បាន។

«ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន ខ្ញុំ​នៅតែ​លំបាក នៅតែ​គ្មាន​ស្អី​ហូប។ រាល់ថ្ងៃនេះ ខ្ញុំ​គ្មាន​ស្អី​ហូប​ទេ ហើយ​ជួនកាល​ប្តី​ខ្ញុំ​ឈឺ កូន​ខ្ញុំ​ឈឺ គ្មាន​គណបក្ស​ប្រជាជន​ណា​ដែល​មកជួយ​ខ្ញុំ។ ម្លោះ​ហើយ ខ្ញុំ​គិត​ថា​មានតែ​សុំ​ដកខ្លួន​ពី​គណបក្ស​ប្រជាជន ចូល​គណបក្ស​ប្រជាធិបតេយ្យ»។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​បង្កើតឡើង​តាម​ការចចារ​គ្នា​ចំនួន​ពីរ​ថ្ងៃ រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សម រង្ស៊ី ដែល​បាន​ជួបប្រជុំគ្នា​កាលពី​អំឡុង​ខែកក្កដា​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន៕
XS
SM
MD
LG