ក្រុមអ្នកនយោបាយ និងសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាបានហៅការស្លាប់របស់អតីតមេដឹកនាំកុម្មុយនីស្ដកូរ៉េខាងជើងគឺលោកគឹម យុងអ៊ីលថា គឺជាការស្លាប់ «គួរឲ្យសោកស្ដាយ» ក៏ប៉ុន្ដែពួកគេរំពឹងថា ការស្លាប់នេះនឹងនាំឲ្យមានការផ្លាស់ប្ដូរ។
លោកគឹម យុងអ៊ីលបានស្លាប់ហើយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ នៅក្នុងអាយុ៦៩ឆ្នាំ ដោយជំងឺគាំងបេះដូង។ លោកបានដឹកនាំរបបកុម្មុយនីស្ដផ្ដាច់មុខនៅឃ្លាតឆ្ងាយពីគេមួយនេះអស់រយៈពេល១៧ឆ្នាំ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីបានសម្តែងការចែករំលែកទុក្ខជាមួយនឹងប្រជាជាតិកូរ៉េខាងជើង នៅពេលដែលរដ្ឋាភិបាលយឺតយូរនៅក្នុងការសម្តែងការរំលែកទុក្ខនេះជាផ្លូវការដល់ក្រុងព្យុងយ៉ាង។
«ខ្ញុំសោកស្តាយនិងចូលរួមរំលែកទុក្ខសោករបស់ប្រជាពលរដ្ឋកូរ៉េ[ខាងជើង] ដែលបាត់បង់នូវអ្វីដែលគេយល់ឃើញថា ជាអ្នកដឹកនាំសំខាន់របស់ប្រជាពលរដ្ឋកូរ៉េ ហើយបញ្ហាទី២ យើងសូមបួងសួង សុំឲ្យកូរ៉េខាងជើងនៅតែមានស្ថិរភាពនិងបន្តជីវិតគេបន្តទៅទៀតក្នុងសន្តិភាព បន្ទាប់ពីការបែកបាក់គ្នា និងបាត់បង់នូវវីរៈជនដ៏សំខាន់របស់ពួកគេ»។
លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ថា ក្រសួងបានជូនដំណឹងពីមរណភាពរបស់ប្រមុខដឹកនាំកូរ៉េខាងជើងទៅកាន់ព្រះបរមរាជវាំងនៅថ្ងៃនេះ ក៏ប៉ុន្ដែការចេញលិខិតរំលែកទុក្ខផ្លូវការណាមួយនឹងមិនទាន់អាចធ្វើទៅរួចទេ នៅថ្ងៃនេះ។ ដោយឡែកព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ លេខារបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ បានបញ្ជាក់ថា ព្រះមហាវីរៈក្សត្រនឹងចេញចុតហ្មាយរំលែកទុកមួយដល់ប្រជាជាតិដ៏ជិតស្និតមួយនេះ ក៏ប៉ុន្ដែចុតហ្មាយនោះនៅមិនទាន់មានជាផ្លូវការនៅឡើយ។
ប្រទេសកម្ពុជាមានចំណងទំនាក់ទំនងមិត្តភាពជាមួយប្រទេសសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើងជាច្រើនទសវត្សរ៍មកហើយ ជាពិសេសតាមរយៈចំណងមិត្តភាពរបស់អតីតព្រះមហាក្សត្រសម្តេចឪ នរោត្តម សីហនុ ជាមួយនឹងលោកសេនាប្រមុខ គឹម អ៊ីលស៊ុង។
លោកគឹមបានស្លាប់កាលពីឆ្នាំ១៩៩៤ ហើយកូនប្រុសរបស់គាត់គឺលោកគឹម យុង អ៊ីលបានឡើងស្នងតំណែង។ លោកគឹម យុង អ៊ីលត្រូវគេមើលឃើញថា បានបណ្ដុះកូនប្រុសពៅ ដែលជាកូនទីបីឈ្មោះគឹម យុងស៊ុនឲ្យធ្វើដំណើរទៅរកការស្នងតំណែងដោយលើកបន្ដុបឲ្យកាន់កិច្ចការកងទ័ព។ គឹម យុងស៊ុនមានអាយុជាង២០ឆ្នាំតែប៉ុណ្ណោះ។
លោកកឹម សុខាជាមេដឹកនាំគណបក្សជំទាស់ដែលមានអាសនៈចំនួនបី នៅក្នុងរដ្ឋសភា គឺគណបក្សសិទ្ធិមនុស្ស។ លោកបានហៅការស្លាប់របស់លោកគឹម យុង អ៊ីលថា គឺជាការស្លាប់ធម្មតាដោយសារជម្ងឺ ក៏ប៉ុន្តែលោកជឿថា ប្រជាពលរដ្ឋខាងជើងនឹងទទួលបានការធូរស្រាល។
«ជីវិតមនុស្សធម្មតាយើងសោកស្ដាយហើយ ប៉ុន្ដែការបាត់បង់ជនផ្ដាច់ការ យើងអត់ស្ដាយទេ។ បើសិនជាកូរ៉េនៅតែឲ្យអ្នកដឹកនាំបន្ដពូជអញ្ចឹង គឺរដ្ឋអំណាចកូរ៉េមិនមានស្ថិរភាពទេទៅខាងមុខទៀត»។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាយល់ថា ការបាត់បង់ជីវិតរបស់មេដឹកនាំប្រទេសកូរ៉េខាងជើងនេះ នឹងនាំឲ្យប្រទេសប្រកាន់កុម្មុយនីស្ដរឹងត្អឹងនេះនឹងមានការកែប្រែឥរិយាបថ ព្រមទាំងអាចនឹងនាំឲ្យមានភាពធូរស្រាលនៃទំនាក់ទំនងគូរជម្លោះ នៅក្នុងឧបទ្វីបកូរ៉េទាំងពីរ គឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង។
«ខ្ញុំជឿជាក់ថា នឹងមានការកែប្រែខ្លះ ហើយប្រទេសនេះអាចបើកចំហខ្លះទៅនឹងអន្ដរជាតិ ដែលអាចជាចំណុចវិជ្ជមាន»។
ការប៉ាន់ប្រមាណរបស់លោកអ៊ូ វីរៈនេះគឺផ្អែកលើជំហររបស់កូនប្រុសច្បងគឹម យុង អ៊ីលថា មិនចង់ឃើញរបបបែបដឹកនាំសព្វថ្ងៃតទៅទៀត។ មួយវិញទៀត កូនប្រុសពៅដែលនឹងអាចឡើងស្នងតំណែងឪពុករបស់ខ្លួននោះអាចនឹងមានការផ្លាស់ប្ដូរដោយសំអាងទៅលើអ្នកដឹកនាំជើងចាស់មួយចំនួន ជាជន្ទល់ពីក្រោយខ្នង៕