អង្គការសហប្រជាជាតិបានលើកទឹកចិត្តដល់ប្រទេសកម្ពុជា ក្នុងការដែលប្រទេសនេះបានផ្ដល់សច្ចាប័នដល់ការប្រឹងប្រែងក្នុងការលុបបំបាត់ទម្រង់រើសអើងចំពោះស្ដ្រី។ ការផ្ដល់សច្ចាប័ននេះ នឹងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសដំបូងគេនៅក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលបានធ្វើសេចក្ដីសម្រេចចិត្តនេះ។
អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារនេះ បានកោតសរសើរប្រទេសកម្ពុជា ដែលបានផ្ដល់សច្ចាប័នលើពិធីសារបន្ថែមលើអនុសញ្ញាស្ដីពីការលុបបំបាត់ការរើសអើងគ្រប់ទម្រង់ប្រឆាំងនឹងស្ដ្រី។ ការផ្ដល់សច្ចាប័ននេះនឹងជួយស្ដី្រកម្ពុជាឲ្យហ៊ានប្ដឹងទៅកាន់អង្គការសហប្រជាជាតិដោយផ្ទាល់នៅពេលដែលខ្លួនដឹងថា បានទទួលរងការរំលោភបំពាននោះ។
សេចក្ដីស្វាគមន៍របស់អង្គការសហប្រជាជាតិ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ មុននឹងអនុសញ្ញាស្ដីពីការរើសអើងចំពោះស្ដ្រីត្រូវចូលជាធរមាន។
លោកស្រី វីនី ស៊ូគូម៉ា (Winny Sukuma) តំណាងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកស្ដ្រី (UN Women) មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍រួមថា ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកស្ដ្រី សូមអបអរសាទរដល់រដ្ឋាភិបាលកម្ពុជា ចំពោះការប្ដេជ្ញាចិត្តការពារ និងលើកស្ទួយសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្ដ្រី។
ប្រទេសកម្ពុជា នឹងក្លាយទៅជាប្រទេសទីមួយនៅក្នុងចំណោមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងក្លាយជាប្រទេសទី១០០ក្នុងពិភពលោកដែលបានផ្ដល់សច្ចាប័នលើពិធីសារបន្ថែមនេះ។
យោងតាមសេចក្ដីប្រកាសរួមរបស់អង្គការសហប្រជាជាតិបង្ហាញថា ពិធីសារបន្ថែមនឹងអនុញ្ញាតឲ្យស្ដ្រីកម្ពុជា ជាលក្ខណៈបុគ្គល ឬជាក្រុមដែលជឿថា សិទ្ធិរបស់ខ្លួនត្រូវបានរំលោភបំពាននោះ ពួកគាត់អាចដាក់បណ្ដឹងទៅកាន់គណៈកម្មការនៃអង្គការសហប្រជាជាតិបាន។
លោកជេម ហ៊ីណាន់(James Heenan) នាយករងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា មានប្រសាសន៍តាមសារអេឡិចត្រូនិច (email) ប្រាប់ VOA ថា ស្ដ្រីកម្ពុជា អាចដាក់បណ្ដឹងជាប្រាំមួយភាសាទៅកាន់អង្គការសហប្រជាជាតិ ដូចជាភាសាបារាំង អង់គ្លេស រុស្ស៊ី ភាសាចិន ភាសាអារ៉ាប់ និងភាសាអេស្ប៉ាញ។ ហើយពួកគេអាចស្នើសុំភាពជាអនាមិកបាន។
លោក គ្រិស្ដូប ប៉េស៊ូ (Christophe Peschoux) នាយកការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា មានប្រសាសន៍ថា ការផ្ដល់សច្ចាប័នទៅលើពិធីសារបន្ថែមរបស់ប្រទេសកម្ពុជា គឺជាជំហានរីកចម្រើនមួយ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារិទ្ធ លោកផៃ ស៊ីផាន រួមទាំងលោកឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល មិនអាចធ្វើទំនាក់ទំនងបានទេ។
ទោះជាយ៉ាងណា លោកជាម យៀប តំណាងរាស្ដ្រគណបក្សកាន់អំណាចមានប្រសាសន៍ថា ការកោតសរសើររបស់អង្គការសហប្រជាជាតិចំពោះរដ្ឋាភិបាល គឺជាប្រការត្រឹមត្រូវ។
“កម្មវិធីរបស់រដ្ឋាភិបាលបានជំរុញនារីហ្នឹងហើយបានជាការវាយតម្លៃរបស់អង្គការសហប្រជាជាតិកោតសរសើរចំពោះរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ចំពោះនារីកម្ពុជា"។
ក៏ប៉ុន្ដែលោក យឹម សុវណ្ណ តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានលើកឡើងថា ស្ដ្រីកម្ពុជាកំពុងទទួលរងគ្រោះជាច្រើន ដោយសារតែខ្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។ ជាពិសេសស្ដី្រដែលរងគ្រោះភាគច្រើន គឺជាស្ដ្រីដែលកំពុងតែរស់នៅក្នុងភាពក្រីក្រ នៅតាមទីជនបទ៕