ភ្នំពេញ៖ មន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ចំនួនបួននាក់បានរួចចេញពីគុកវិញហើយនៅថ្ងៃអង្គារនេះបន្ទាប់ពីតុលាការក្រុងភ្នំពេញសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននិងដាក់ឱ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការក្នុងករណីពាក់ព័ន្ធនឹងការកេងបន្លំថវិការដ្ឋប្រមាណជិតពីរលានដុល្លារសហរដ្ឋអាមេរិក។អ្នកវិភាគឯករាជ្យបានរិះគន់ប្រព័ន្ធតុលាការថាការដោះលែងនេះមានភាពលំអៀងនិងមិនមានភាពស្មើគ្នាចំពោះមុខច្បាប់។
«យើងខ្ញុំមិនមានការជំទាស់របស់តុលាការនោះទេព្រោះយល់ឃើញថាអ្នកបួននាក់ហ្នឹងបានជាប់ឃុំបណ្តោះអាសន្នហើយ។ហើយត្រូវបានអនុញ្ញាតឱ្យចេញជាបណ្តោះអាសន្នដែរហើយទីពីរខ្ញុំជឿជាក់ថាគាត់រួមជាមួយមេធាវីគាត់ដើម្បីតទល់ក្តីនេះជាមួយយើងខ្ញុំ។យើងខ្ញុំក៏បន្តរឿងហ្នឹងដូចគ្នានេះដែរដើម្បីជូនទៅតុលាការជាអ្នកវិនិច្ឆ័យចុងក្រោយ»។លោកឱម យិនទៀង
ជនសង្ស័យទាំងបួននាក់ត្រូវបានមន្ត្រីតុលាការបញ្ជាក់ឱ្យដឹងថាមានឈ្មោះ សារេត បូរាមី អគ្គលេខាធិការរងក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ លោក ផូរ វុឌ្ឍី ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ លោក មាស ឥស្សរ៉ា និងលោក ទុយ ឡាយរិទ្ធី។
អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនជនសង្ស័យទាំងបួននាក់កាលពីថ្ងៃទី៦ខែសីហាកន្លងទៅនេះហើយបន្ទាប់មកត្រូវបានតុលាការចោទប្រកាន់ពីបទពុករលួយរួចហើយបានបញ្ជូនខ្លួនទៅឃុំឃាំងបណ្តោះអាសន្ននៅពន្ធនាគារព្រៃសដើម្បីរង់ចាំជំនុំជម្រះទោស។
លោកឱម យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយបាននិយាយថាលោកបានទទួលដំណឹងនៃការដោះលែងមន្ត្រីទាំងបួននាក់ចេញពីពន្ធនាគារដែរហើយលោកបានបញ្ជាក់ថាលោកមិនជំទាស់នឹងការដោះលែងនេះទេ។
មានប្រសាសន៍ប្រាប់វីអូអេតាមទូរស័ព្ទលោកឱម យិនទៀងបានបញ្ជាក់ថានៅពេលដែលតុលាការសម្រេចដោះលែងអ្នកទាំងបួននាក់ឱ្យនៅក្រៅឃុំមានន័យថាតុលាការបានទទួលការចោទប្រកាន់ជនសង្ស័យទាំងបួននាក់នេះតាមការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយហើយ។លោកបានអះអាងទៀតថាប្រសិនណាបើសំណុំរឿងរបស់អង្គភាពប្រឆាំងអំពើពុករលួយមិនគ្រប់គ្រាន់តុលាការមិនបានចោទប្រកាន់អ្នកទាំងនោះទេហើយដោះលែងតែម្តង។ទោះជាយ៉ាងណាក៏ដោយលោកបានបញ្ជាក់ថាលោកនិងបន្តរឿងក្តីនេះតទៅទៀត។
«យើងខ្ញុំមិនមានការជំទាស់របស់តុលាការនោះទេព្រោះយល់ឃើញថាអ្នកបួននាក់ហ្នឹងបានជាប់ឃុំបណ្តោះអាសន្នហើយ។ហើយត្រូវបានអនុញ្ញាតឱ្យចេញជាបណ្តោះអាសន្នដែរហើយទីពីរខ្ញុំជឿជាក់ថាគាត់រួមជាមួយមេធាវីគាត់ដើម្បីតទល់ក្តីនេះជាមួយយើងខ្ញុំ។យើងខ្ញុំក៏បន្តរឿងហ្នឹងដូចគ្នានេះដែរដើម្បីជូនទៅតុលាការជាអ្នកវិនិច្ឆ័យចុងក្រោយ»។
ជនសង្ស័យទាំងបួននាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនក្រោមបទសង្ស័យថាពាក់ព័ន្ធនឹងការកិបកេងថវិការដ្ឋប្រមាណជិតពីរលានដុល្លារសហរដ្ឋអាមេរិកពីគម្រោងប្រគល់ដីសម្បទានសង្គមកិច្ចនិងសាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជននិងជនក្រីក្រនៅតាមបណ្តាខេត្តមួយចំនួនកាលពីឆ្នាំ២០១១។
លោកបណ្ឌិតឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យមួយរូបបានរិះគន់ការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននៃជនសង្ស័យទាំងបួននាក់នេះថាតុលាការមានភាពលំអៀងនិងមិនមានភាពស្មើគ្នាចំពោះមុខច្បាប់ហើយអ្នកមានអំណាចត្រូវបញ្ឈប់ឥទ្ធិពលរបស់ខ្លួនមកលើឯករាជ្យភាពរបស់តុលាការ។
«ត្រូវតែបញ្ឈប់ការប្រើប្រាស់ឥទ្ធិពលអំណាចហើយធ្វើឱ្យតុលាការឯករាជ្យ។ហើយនេះគឺជាសិទ្ធិមួយដាច់ខាតឥតមានការលើកលែងទេក្នុងការកាត់ទោសកាត់សេចក្តីដោយតុលាការឯករាជ្យ ឥតលំអៀង»។
អង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានចាប់ខ្លួនមន្ត្រីតុលាការខេត្តកណ្តាលជាប់ពាក់ព័ន្ធនឹងថវិកាប្រមាណ៥ពាន់ដុល្លារនិងអតីតព្រះរាជអាជ្ញាខេត្តពោធិ៍សាត់គឺលោកតុប ច័ន្ទសេរីវុធក៏ប៉ុន្តែតុលាការមិនបានដោះលែងពួកគេឱ្យនៅក្រៅឃុំទេរហូតដល់រង់ចាំឱ្យមានការកាត់ទោសពីបទប្រព្រឹត្តិអំពើពុករលួយ។
លោក លាង សំណាត់ ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញមិនអាចស្នើសុំទំនាក់ទំនងដើម្បីសេចក្តីអត្ថាធិប្បាយបានទេដោយទូរស័ព្ទរបស់លោកទទួលការហៅចូលហើយតែគ្មានអ្នកទទួល។
លោកឱម យិនទៀងបាននិយាយជំនួសតុលាការថាបទល្មើសពុករលួយមានបីកម្រិត គឺថ្នាក់ឧក្រិដ្ឋ ថ្នាក់មជ្ឈិមនិងបទល្មើសពុករលួយថ្នាក់តូចតាច។ ហើយករណីដោះលែងជនសង្ស័យទាំងបួននាក់នេះប្រហែលជាតុលាការយល់ឃើញថាស្ថិតនៅក្នុងការប្រព្រឹត្តិបទល្មើសពុករលួយកម្រិតមជ្ឈិមហើយអ្នកផ្សេងដែលធានាមិនឱ្យចេញនៅក្រៅឃុំបានអាចស្ថិតក្នុងបទឧក្រិដ្ឋ៕