ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនរងគ្រោះ​ជម្លោះ​ដី​សុំ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ


ពលរដ្ឋ​ប្រមាណ២០០គ្រួសារ​ត្រូវបាន​បណ្តេញចេញពី​ទីក្រុង បន្ទាប់​ពីការ​បង្ខំមួយកើតឡើង​នៅបូរីកីឡា ដែល​ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ផាន អ៊ីមិច។
ពលរដ្ឋ​ប្រមាណ២០០គ្រួសារ​ត្រូវបាន​បណ្តេញចេញពី​ទីក្រុង បន្ទាប់​ពីការ​បង្ខំមួយកើតឡើង​នៅបូរីកីឡា ដែល​ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ផាន អ៊ីមិច។

ក្រុម​អ្នកស្រុក​នៅ​សហគមន៍​បុរីកីឡា ​និង​សហគមន៍​ដែល​រងគ្រោះ​ដោយសារ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ចំនួន​ប្រាំបី​សហគមន៍​ផ្សេង​ទៀត​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ដាក់​ញត្តិ​រួម​គ្នា​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ​ ស្របពេល​ដែល​ប្រជាពលរដ្ឋ​នៅ​ឃុំ​អមលាំង ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ប្រមាណ​ជាង​១០០​នាក់ ​បាន​ត្រៀម​តវ៉ា​ប្រឆាំង​នៅ​ពី​មុខ​តុលាការ​ខេត្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ប្រជាពលរដ្ឋ​ម្នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង​ រឿង​វិវាទ​ដី​ជាមួយ​នឹង​ក្រុមហ៊ុន​កំពង់ស្ពឺ Sugar របស់​លោក​ឧកញ៉ា ​លី ​យ៉ុងផាត់។

ការ​ដាក់​ញត្តិ​តវ៉ា​របស់​អ្នកស្រុក​បុរីកីឡា ​ដោយ​មាន​ស្នាម​មេដៃ​ប្រមាណ​ជិត​៥០០​ បាន​ទាមទារ​ឲ្យ​ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ​នរោត្តម​ សីហមុនី​ ជួយ​ធ្វើ​អន្តរាគមន៍​ដល់​តុលាការ​ ឲ្យ​ដោះលែង​ប្រជាពលរដ្ឋ​ចំនួន​ប្រាំពីរ​នាក់​ ដែល​កំពុង​ជាប់​ឃុំឃាំង​រឿង​វិវាទ​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​ផានអ៊ីម៉ិច​របស់​ក្រុមហ៊ុន​អ្នកស្រី​ស៊ុយ ស៊ីផាន។

ញត្តិ​របស់​អ្នក​ស្រុក​បុរីកីឡា​ក៏​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​ការ​ខូចខាត​ ក្រោយ​ពី​បាន​វាយ​កម្ទេច​ផ្ទះ​របស់​ពួក​គេ​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មករា ​នឹង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ សាងសង់​អគារ​ពីរ​បន្ថែម​ទៀត។

វីអូអេ​មិន​អាច​ទាក់​ទង​អ្នកស្រី​ស៊ុយ ​ស៊ីផាន ​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ នៅ​ថ្ងៃ​ពុធ​នេះបាន​ទេ ​ដោយ​ទូរស័ព្ទ​របស់​អ្នកស្រី​ត្រូវ​បាន​បិទ។ ក៏ប៉ុន្តែ​អ្នកស្រី​ធ្លាប់​បាន​បដិសេធ​សង់​អគារ​ពី​បន្ថែម​ទៀត ដោយ​អ្នកស្រី​បាន​និយាយ​ថា ការ​សាងសង់​អគារ​ប្រាំបី​កន្លង​មក​គឺ​គ្រប់គ្រាន់​ដើម្បី​ប្រជាពលរដ្ឋ​រស់​នៅ​ហើយ។

អ្នកស្រី ​ជុំ ​ងាន់ ​តំណាង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា​ បាន​និយាយ​ថា ពួកគាត់​លែង​មាន​ជំនឿ​ទៅ​លើ​ស្ថាប័ន​រដ្ឋាភិបាល​ហើយ។​ អ្នកស្រីបាន​និយាយ​ទៀត​ថា​នៅ​នាទី​ចុងក្រោយ​មាន​តែ​ព្រះមហាក្សត្រ​តែ​ប៉ុណ្ណោះ ​ដែល​អាច​ជួយ​ពួក​គេ​បាន។

«សូម​ឲ្យ​ព្រះកូណា​ គាត់​ជួយ​រក​ភាព​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ​ ដែល​ជា​អ្នក​រងគ្រោះ។ ​ចំណុច​ដែល​យើង​ទាមទារ​គឺ​ត្រូវ​តែ​សាងសង់​ផ្ទះ​ឲ្យ​គ្រ​ប់១០​អគារ​ឡើងវិញ​នឹង​ត្រូវ​ដោះលែង​ពួក​ខ្ញុំ​ទាំង​ប្រាំពីរ​នាក់​ចេញ​ពី​គុក​ព្រៃស»។

ព្រះមហាក្ស​ត្រសម្តេច​បរមនាថ ​នរោត្តម ​សីហមុនី ​ទាំង​ព្រះ​មាតា​ ព្រះបិតា​របស់​ព្រះអង្គ​បាន​យាង​ចាកចេញ​ពី​កម្ពុជា ​ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំង​នៃ​ចិន​ប្រជាមានិត​ កាល​ពី​ចុង​ខែ​មករា។ ក៏ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​ជុំ ​ងាន់ ​បាន​ឲ្យ​ដឹង​ថា​ មាន​មន្ត្រី​ព្រះបរមរាជវាំង​មួយ​រូប​បាន​មក​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ។

ក្រុម​អ្នក​ស្រុក​បុរីកីឡា​បន្ទាប់​ពី​មាន​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ លាយឡំ​ជាមួយ​នឹង​ការ​បង្ហូរ​ឈាម​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មករា​ កន្លង​ទៅ​នេះ ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​ប្រាំបី​នាក់​ រួច​ហើយ​បាន​ដោះលែង​ម្នាក់​មក​វិញ។ ប្រជាពលរដ្ឋ​ប្រាំពីរ​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ត្រូវ​បាន​សាលាក្រុង​ភ្នំពេញ​ចោទ​ពីបទ​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ ​ហើយ​ត្រូវ​បាន​បញ្ជូន​នៅ​កាន់​ពន្ធនាគារ​ព្រៃស។

ក្រុម​ប្រជាពលរដ្ឋ​បាន​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​បណ្តា​ប្រទេស​សំខាន់ៗ​ ដែល​រួម​មាន​សហរដ្ឋ​អាមេរិក ​និងបារាំង។ ពួក​គេ​ធ្លាប់​បាន​ធ្វើ​បាតុកម្ម​តាម​ទីសាធារណៈ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ភូមិ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​បាន​ចាប់​ខ្លួន។ ក៏ប៉ុន្តែ​គ្មាន​អន្តរាគមន៍​ណា​មួយ​ពី​ស្ថានទូត​បស្ចឹម​ប្រទេស​ទាំង​នោះ​ទេ។

ការ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ភូមិ​កន្លង​មក​ក៏​ធ្លាប់​ប៉ះទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា​រវាង​អតីត​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា ​និង​អាជ្ញាធរ​បន្ថែម​ទៀត។ អាជ្ញាធរ​ធ្លាប់​បាន​ចាប់​ខ្លួន​អតីត​អ្នក​ភូមិ​បុរីកីឡា​ប្រមាណ​ជាង​៣០​នាក់ ​រួច​ហើយ​យក​ទៅ​ឃុំ​នៅ​មជ្ឈមណ្ឌល​កែប្រែ​ព្រៃស្ពឺ​ ហើយ​កាល​ពី​សប្តាហ៍​មុន​ ដែល​យ៉ាង​តិច​មាន​ប្រជាពលរដ្ឋ​ចំនួន​ប្រាំមួយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ថែម​ទៀត​ រួច​ហើយ​បញ្ជូន​ទៅ​តុលាការ។ ​ក៏ប៉ុន្តែ​អ្នក​ទាំង​នោះ ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

XS
SM
MD
LG