ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធភាព​សហភាព​សហជីព​កម្ពុជា​បែកបាក់


លោក​រ៉ុង ឈុន ប្រធានសមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​
លោក​រ៉ុង ឈុន ប្រធានសមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​

សហភាព​សហជីព​កម្ពុជា​របស់​លោករ៉ុង ឈុន ​និង​លោក​ជា មុន្នី ​នៅ​ទីបំផុត​បានប្រកាស​បញ្ឈប់​ការចងសម្ព័ន្ធ​ជាមួយ​គ្នា​ នៅ​ក្នុង​ខណៈពេល​ដែល​ដំណើរការ​បោះឆ្នោត​ជា​សកល​នៅ​ឆ្នាំ​២០១៣ កំពុង​តែខិតជិត​មក​ដល់។

សហភាព​សហជីព​កម្ពុជាត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​សីហា ឆ្នាំ​២០០៦ រវាង​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​របស់​លោក​រ៉ុង ឈុន ​និង​សហជីពសេរី​កម្ពុជា​របស់​លោក​ជា មុន្នី។

កន្លងមក​សហភាព​សហជីព​កម្ពុជា មាននិន្នាការ​គាំទ្រ​ប្រជាធិបតេយ្យ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រក​សំឡេង​ឆ្នោត​ពី​ក្រុម​កម្មករ​សម្រាប់​គណបក្ស​ជំទាស់។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៧​ កន្លងទៅនេះ​លោក​ជា មុន្នី បានចោទប្រកាន់​ថា​នៅ​ក្នុង​រយៈពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ សកម្មភាព​របស់​សហជីប​កម្ពុជា CCU ជា​រឿយ​ៗ​ បានដើរផ្ទុយ​ពី​គោលបំណង និង​គោលដៅ​របស់​សហជីប​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ទាមទារ​ឲ្យ​គិតគូរ​ទៅ​ដល់​ឧត្តម​ប្រយោជន៍​របស់​កម្មករ។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា សហជីព​សេរីកម្មករ​បានបញ្ជាក់​ថា​ចាប់​ពីពេល​នេះ​តទៅ​នឹង​បញ្ឈប់​ការចងសម្ព័ន្ធភាព​ជាមួយ​នឹង​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា និង​មិនស្ថិត​នៅ​ក្រោម​ដំបូល​នៃ​ស្ថាប័ន​សហភាព​សហជីប​កម្ពុជា​នោះ​ទៀត​ឡើយ។

លោក​ជា មុន្នី ប្រធាន​សហជីប​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​បញ្ជាក់​ថា​មូលហេតុ​ដែល​នាំ​ឲ្យ​បញ្ឈប់​ការចង​សម្ព័ន្ធភាព ដោយសារ​តែ​ការស្នើសុំ​ចុះ​បញ្ជីការ​រវាង​សម្ព័ន្ធ​អ្នកទាំងពីរ​នៅ​ឯ​ក្រសួង​ការងារ​ត្រូវ​បានបដិសេធ​ ដោយសារ​តែ​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ត្រូវ​ការចុះបញ្ជីការ​នៅ​ឯក្រសួង​មហាផ្ទៃ។ សហជីប​សេរីកម្មករ​ចុះបញ្ជីការ​នៅ​ក្រសួង​ការងារ។

«យើង​នៅ​ពេល​ដែល​គេ​មិន​ឲ្យ​បញ្ជីការ យើង​ធ្វើការ​បែក​គ្នា​មែន​ពិត។ ប៉ុន្តែអ្វី​ៗ​ នៅតែ​ជា​ការសហការ​គ្នា​ទៅវិញ​ទៅមក​ទេ ពាក់ព័ន្ធ​នឹង​ប្រយោជន៍​ជាតិ»។

លោក​រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពេល ​ដែល​លោក​ដឹកនាំ​ការតវ៉ា​របស់​ក្រុមកម្មករ​នៅ​រោងចក្រ​មួយ​នៃ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​ ថា លោក មាន​ការសោកស្តាយ​ចំពោះ​ការបញ្ឈប់​ការចងសម្ព័ន្ធភាព​គ្នា​នេះ។ ក៏ប៉ុន្តែ​លោក​រ៉ុង ឈុន មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទៀត​ទេ។

«ខ្ញុំ​មិន​បាន​ដឹងច្បាស់​អំពី​មូលហេតុ​អ្វី​ដែរ ជុំវិល​ការដែល​សុំ​លាចេញ​ពី​សហភាព​សហជីប​កម្ពុជា។ ពីព្រោះ​កន្លងមក​ដែល​យើង​ទិសដៅ​ដើរស្រប​គ្នា ប៉ុន្តែ​ពេលនេះ​យើង​មិន​ដឹង​ពី​មូលហេតុ ហើយ​ក៏​យើង​មិន​ធ្វើ​អត្ថាធិប្បាយ​ដែរ»។

លោក​យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ការ​បែក​ផ្លូវគ្នា​រវាង​គណបក្ស​នយោបាយ និង​អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន​ភាគច្រើន​មាន​ការលូកដៃ​ពី​គណបក្ស​នយោបាយ ដោយសារ​តែ​សង្គមស៊ីវិល​ទាំងនោះ​ចង់បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន។

«សុំ​ឲ្យ​សង្គមស៊ីវិល​ទាំងអស់ សមាគម​ទាំងអស់​ដែល​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ដែល​ចង់ជួយ​ប្រជាពលរដ្ឋ​យើង គឺ​សមាគម​នៅ​ក្នុង​សហជីប​ហ្នឹង គឺយើង​ត្រូវ​រួបរួម​គ្នា​នៅ​ក្នុង​កាលៈទេសៈ​នេះ។ បើ​យើង​មិនរួបរួម​គ្នា​ទេ គឺ​យើង​ពិបាក​នឹង​ធ្វើ​ការបម្រើ​ឲ្យ​ផលប្រយោជន៍​ឲ្យ​សមាជិក​រៀង​ៗ​ខ្លួន​ណាស់»។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ អ្នក​វិភាព​ឯករាជ្យ​មួយ​រូប​បាន​មាន​ប្រសាសន៍​ថា​លោ​ជា មុន្នី ចង់​បាន​ឯករាជ្យ​របស់​ខ្លួន​កុំឲ្យ​ឋិត​នៅ​ក្រោម​ស្លាប​របស់​លោក​រ៉ុង ឈុន។ លោក​បាន​មានប្រសាសន៍​ថា​ប្រសិន​ណា​បើ​សហជីប​មួយៗ កសាង​កម្លាំង​រៀង​ៗ​ខ្លួន ដើម្បី​ការពារ​ឲ្យ​ផលប្រយោជន៍​ក្រុមកម្មករ​ គឺ​ជា​ការ​ល្អ​ប្រសើរ​មួយ។

«ខ្ញុំ​ថា​សម្រាប់​សមាជិក​សហជីព​រៀងៗ​ខ្លួន ​ខ្ញុំ​ថា​ល្អ​ប្រសើរ​ជាង​ ព្រោះ​អាច​ផ្ចង់​អារម្មណ៍​ទៅ​រក​ប្រយោជន៍ និង​ការពារ​សិទ្ធ​របស់​សមាជិក​រៀងៗ​ខ្លួន​គឺ​រឹតតែ​ប្រសើរ​ជាង»។

លោក​ រ៉ុង ឈុន និង​លោក​ ជា មុន្នី កន្លងមក​ធ្លាប់បាន​ដឹកនាំ​ការចូលរួម​ធ្វើបាតុកម្ម​របស់​ក្រុម​កម្មករ​ និងធ្វើ​ការតវ៉ា​ផ្សេង​ៗ​ជាមួយ​គ្នា​។ ក៏ប៉ុន្តែ​ក្នុង​រយៈកាល​ចុងក្រោយ​នេះ ​អ្នក​ទាំងពីរ​មិនសូវ​មាន​ការ​ជួប​មុខ​គ្នា​ទេ​នៅ​ក្នុង​ពេល​ដែល​មាន​ការ​តវ៉ា​ផ្សេងៗ៕

XS
SM
MD
LG