អស់រយៈពេល៦ឆ្នាំកន្លងផុតមកហើយដែលសហជីពសេរីកម្មកររបស់លោកជា មុន្នីតែងតែដើរដង្ហែរក្បួនដោយសន្តិវិធីចេញពីទីស្នាក់ការរបស់ខ្លួនដើម្បីយកកម្រងផ្កាទៅដាក់គោរពវិញ្ញាណក្ខន្ធដល់សពលោកជា វិជ្ជាបងប្រុសរបស់លោកដែលត្រូវបានឃាដករបាញ់សម្លាប់កាលពីខែមករាឆ្នាំ២០០៤ នៅក្បែរតូបលក់កាសែតមួយជិតវត្តល័ង្កា។
ឆ្នាំនេះជាខួបលើកទី៧នៃការស្លាប់បាត់បង់ជីវិតរបស់លោកជា វិជ្ជា។ សម្រាប់លោកជា មុន្នី ប្រធានសហជីពសេរីកម្មករដែលបានឡើងកាន់កាប់មុខតំណែងបន្ទាប់ពីបងប្រុសរបស់លោក បាននិយាយថា ឆ្នាំនេះលោកបានប្តូរពីការដើរក្បួនដង្ហែរមកធ្វើដំណើរតាមរថយន្តនិងម៉ូតូវិញដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធដល់បងប្រុសរបស់លោក។
លោកបានមានប្រសាសន៍ថា ការផ្លាស់ផ្តូរជំហរនេះដោយសារតែអំឡុងពេលនេះគណបក្សនយោបាយកំពុងឃោសនាបោះឆ្នោតព្រឹទ្ធសភា។
«បាទ ជាការណ៍ពិតហើយ នៅជិតការបោះឆ្នោតហ្នឹងគឺគេហាមការដើរហែក្បួន។ យើង ជាទូទៅ ខ្ញុំឲ្យថា មានការអនុវត្តច្បាប់។ យើងស្វាគមន៍ឲ្យមានការអនុវត្តច្បាប់ទាំងអស់គ្នា មិនប្រកាន់ថា សហជីព ឬក៏សង្គមស៊ីវិល ឬក៏គណបក្សនយោបាយទេ ឲ្យតែគោរពទាំងអស់គ្នាយើងខ្ញុំគោរពតាម»។
មន្ត្រីតំណាងសហជីពសេរីកម្មករ និងមន្ត្រីសាលាក្រុងភ្នំពេញ កាលពីដើមសប្តាហ៍នេះ បានជួបប្រជុំពិភាក្សាគ្នាស្តីពីការដើរក្បួនដង្ហែរគោរពវិញ្ញាណក្ខន្ធរបស់លោកជា វិជ្ជា។
លោកកើត ឆែ នាយករងរដ្ឋបាលនៃសាលាក្រុងភ្នំពេញ បានមានប្រសាសន៍ថា ភាគីទាំងពីរបានព្រមព្រៀងគ្នាថា នឹងមិនដើរក្បួនដង្ហែរដូចសព្វមួយដងទេ។
«បាទ មានក្នុងកំណត់ហេតុហើយ។ យើងនិយាយគ្នាក្នុងកំណត់ហេតុថានេះជាការព្រមព្រៀង»។
បើទោះបីជាមិនដើរក្បួនដង្ហែរដូចសព្វមួយដងក៏លោកជា មុន្នីបានបញ្ជាក់ថា លោកគ្រោងនឹងដឹកនាំក្រុមសហជីពប្រមាណ១០០នាក់ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញណក្ខន្ធដល់សពលោក ជា វិជ្ជា។
លោកជា មុន្នីនៅតែទទូចដល់រដ្ឋាភិបាលឲ្យស្វែងរកឃាដករពិតប្រាកដមកផ្តន្ទាទោសតាមច្បាប់។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានមានប្រសាសន៍ថា ក្រសួងនៅមិនទាន់បានបិទសំណុំរឿងនៃការស៊ើបអង្កេតរបស់ខ្លួននៅឡើយ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី៣១ខែធ្នូកន្លងទៅនេះ បានយល់ព្រមលើចំណារលិខិតមួយរបស់លោកជា មុន្នីនៅក្នុងថ្ងៃតែមួយឲ្យសាងសង់រូបសំណាកលោកជា វិជ្ជា អតិតប្រធានសហជីពសេរីកម្មករដើម្បីគោរពវិញ្ញាណក្ខន្ធនិងការចងចាំគុណូបការៈរបស់លោកជា វិជ្ជា។
ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣ខែមករានេះ បានចេញសេចក្តីជូនដំណឹង ឬសជណលេខ០៣ ដោយបានបញ្ជាក់ពីការយល់ព្រមរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តាមសំណើរបស់លោកជា មុន្នី។
គណៈរដ្ឋមន្ត្រីក៏បានតម្រូវឲ្យលោកកែប ជុតិមា អភិបាលក្រុងភ្នំពេញរៀបចំកសាងរូបសំណាកដោយពិភាក្សាជាមួយលោកជា មុន្នី។
លោកជា វិជ្ជា អតិតប្រធានសហជីពសេរីកម្មករដ៏ល្បីល្បាញ ត្រូវបានឃាដករចូលបាញ់សម្លាប់យ៉ាងជិតបំផុត កាលពីថ្ងៃទី២២ខែមករាឆ្នាំ២០០៤នៅក្នុងខណៈពេលដែលលោកកំពុងតែអង្គុយអានកាសែតនៅក្បែរវត្តល័ង្កាកណ្តាលទីក្រុងភ្នំពេញ។
បន្ទាប់ពីមានការបាញ់សម្លាប់លោកជា វិជ្ជា អាជ្ញាធររដ្ឋាភិបាលបានចាប់ខ្លួនជនសង្ស័យចំនួនពីររូបគឺលោកប៊ន សំណាង និងលោកសុខ សំអឿនយកមកកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល២០ឆ្នាំ។
លោកប៊ន សំណាងនិងលោកសុខ សំអឿនត្រូវបានតុលាការកំពូលដោះលែងឲ្យនៅក្រៅឃុំកាលពីឆ្នាំ២០០៩ បន្ទាប់ពីមានការរិះគន់ថា ជនជាប់ចោទទាំងពីរជាឃាដករសិប្បនិម្មិត៕