ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលករ​ខ្មែរ​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​នាំ​មក​ស្រុក​វិញ​ ​ព្រោះ​ត្រូវ​គេ​យក​ធ្វើ​ជា​ទាសករ


ទូក​នេសាទ​ត្រី​សមុទ្រ​នៅ​ពេលយប់។​
ទូក​នេសាទ​ត្រី​សមុទ្រ​នៅ​ពេលយប់។​

ពលករ​ខ្មែរ​ចំនួន​១៨​នាក់​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ ​ដែល​នាំ​ពលករ​ទៅ​ធ្វើការ​ នៅ​ប្រទេស​ម៉ាឡេស៊ី​ថា​ ​បាន​រំលោភ​បំពាន​លើ​កិច្ច​សន្យា​ការងារ​របស់​ក្រុមហ៊ុន។​ ការ​ចោទ​ប្រកាន់​ នេះ ​បាន​កើត​ឡើង​ ក្រោយ​ពី​ពលករ​ទាំងនោះ​បាន​កំពុង​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​ ហើយ​បាន​ ទទូច​ទាមទារ​ដល់​រដ្ឋាភិបាល​ឱ្យ​ជួយ​អន្តរាគមន៍​បញ្ជូន​ពួក​គេ​ត្រឡប់​មក​ស្រុក​កំណើត​វិញ។

លោក ​ហេង​ រស្មី​ រាយ​ការណ៍​ជូន​ដូច​ត​ទៅ៖

ក្រុម​ពលករ​ខ្មែរ​ចំនួន​១៨​នាក់​ ដែល​កំពុង​ជាប់គាំង​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា ​Equine​ Resource​ Cambodia ​បាន​ប្រព្រឹត្ត​ខុស​ទៅ​នឹង​កិច្ច​សន្យា​របស់​ក្រុម ហ៊ុន​ ហើយ​ពួក​គេ​បាន​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ជួយ​អន្តរាគមន៍​នាំ​ពួក​គេ​ត្រឡប់​មក​កាន់​មាតុ​ ប្រទេស​វិញ៕

លោក​កៅ​ រត្ន័ ​អាយុ​៣៦​ឆ្នាំ ​ពលករ​កម្ពុជា ​មក​ពី​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ បាន​ថ្លែង​ប្រាប់ ​VOA​ សំឡេង​សហ​រដ្ឋ​អាមេរិក​ តាម​រយៈ​ទូរស័ព្ទ​ពី​ប្រទេស​ម៉ាឡេស៊ី​មក​ថា​ ​នៅ​ក្នុង​កិច្ច​សន្យា​របស់​ក្រុមហ៊ុន​នេះ​ បាន​បញ្ជាក់​ថា ​បាន​ជ្រើស​រើស​យក​ពួកគេ​ទាំង​១៨​នាក់​ឲ្យ​ទៅ​បម្រើ​ការងារ​តាម​រោងចក្រ ក៏ប៉ុន្តែ​ពេល​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី ​ក្រុមហ៊ុន​នេះ​ បាន​ឲ្យ​ពួកគេ​ធ្វើ​ជា​កម្មករ​នៅ​សិប្បកម្ម​ឡ​ឥដ្ឋ​ទៅ​វិញ។

លោក​កៅ រ័ត្ន​ បាន​បញ្ជាក់​ទៀត​ថា ​ចំណែក​ឯ​ប្រាក់​បៀរវត្ស​ ​ក្រុមហ៊ុន​មិន​បាន​គោរព​ទៅ​តាម​កិច្ច​សន្យា​ទេ។ ​នៅ​ក្នុង​កិច្ច​សន្យា​របស់​ក្រុមហ៊ុន​បាន​ផ្តល់​ឲ្យ​ពួក​គេ​ក្នុង​១​ខែ​ចំនួន​ ​៧៥០​ Ringgit ​ ​ក៏ប៉ុន្តែ​ ពេល​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​ ពួកគេ​ទទួល​បាន​ប្រាក់​បៀរវត្ស​ប្រចាំ​ខែ​តែ​៦៥០​Ringgi​តែ​ប៉ុណ្ណោះ ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ការងារ​ជា​កម្មករ​នៅ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នេះ​មាន​ការ​លំបាក​ខ្លាំង​ណាស់​ ​ហើយ​ពួក​គេ​ប្រមាណ​៥​នាក់​នៅ​ក្នុង​ចំណោម​១៨​នាក់​ នោះ​បាន​ធា្លក់​ខ្លួន​ឈឺ ​ដោយសារ​តែ​ទ្រាំទ្រ​នឹង​ការងារ​ពុំ​បាន។

"បងអ្ហើយ​ វា​ពិបាក​ណាស់​ មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ គឺ​ចុះ​កម្លាំង​ទៅៗ។ ​ ក្តៅ​នៅ​តែ​ក្នុង​ឡ ​ហុយ​ផង​ហើយ​អ្នក​ឈឺ​សឹង​តែ​មួយ​ថ្ងៃ​២-៣​នាក់ៗ​ កោស​ខ្យល់​ទៅ។​ កាល​ណា​គ្នា​ឈប់​១​ទៅ​២​ថ្ងៃ ​ដល់​បើក​ប្រាក់​ ខែ​អស់​រលីង​តែ​ម្តង ​ព្រោះ​គាត់​ថា​ យើង​ឈប់​ធ្វើការ​គេ​កាត់​ប្រាក់​ថ្ងៃ​ដែរ"។

ចំណែក​លោក​ហ៊ីម​ វ៉ុង​ អាយុ​៣០​ឆ្នាំ​ ពលករ​ខ្មែរ​មួយ​រូប​ផ្សេង​ទៀត​ មក​ពី​ស្រុក​កោះ​សូទិន ​ខេត្ត​ កំពង់ចាម​វិញ​ បាន​ទទួច​ដល់​រដ្ឋាភិបាល​ ឲ្យ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ពួក​គេ​ឲ្យ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ បើ​មិន​ដូច្នេះ​ទេ​ ​ពួក​គេ​នឹង​អាច​ស្លាប់​បាត់​បង់​ជីវិត​ ដោយសារ​តែ​គ្មាន​អាហារ​ទទួល​ទាន​ ​ពីព្រោះ​ពួក​គេ​មិន​អាច​ទ្រាំទ្រ​ទៅ​នឹង​ការងារ​នេះ​ត​ទៅ​ទៀត។

"ខ្ញុំ​សូម​ឲ្យ​ក្រុមហ៊ុន ​ដែល​បញ្ជូន​ខ្ញុំ​មក​ហ្នឹង​ សូម​ឲ្យ​បញ្ជូន​ពលករ​ទាំងអស់​គ្នា​ទៅ​ផ្ទះ​វិញ។​ កម្មករ​ ទាំង​អស់​ហ្នឹង​ស៊ូ​ទ្រាំ​ការងារ​លែង​បាន​ហើយ។ ​ បញ្ហា​បំផុត​ក្រុមហ៊ុន​ហ្នឹង​ភូត​ម្តង​អញ្ចេះ​ម្តង​អញ្ចោះ​ ប្រាក់​ខែ​បាន​៦៥០​ Ringgit ​ទៅ​ប្រាប់​ប្រពន្ធ​កូន​ខ្ញុំ​ថា​ ប្រាក់​ខែ​១០០០​ទៅ​១០០០​ជាង"។

លោក​ស្រីញុង​ សុកចាន់ ​តំណាង​ក្រុមហ៊ុន​Equine​ Resource ​Cambodia ​ពុំ​អាច​ស្នើ​សុំ​ដើម្បី​ ទំនាក់​ទំនង​បាន​ទេ។

ចំណែក​ឯ​កញ្ញា​សេង ​សុភក្រ័​ បុគ្គលិក​របស់​ក្រុមហ៊ុន​នេះ​ បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយទេ។

"ខ្ញុំ​អត់​ដឹង​ដែរ ​ ព្រោះ​ខ្ញុំ​ទើប​ចូល​ធ្វើការ​ថ្មី។​ និយាយ​ទៅ​ខ្ញុំ​ទើប​នឹង​ចូល​ដល់។​ ពេល​អញ្ចឹង ​ខ្ញុំ​អត់​ ដឹង​ទេ ​បញ្ហា​ហ្នឹង​ ប្រហែល​ជា​វគ្គ​មុន។​ ខ្ញុំ​អត់​ដឹង​ទេ"។

លោក​ញ៉ែម ​គឹមហ៊ុយ​ ប្រធាន​ការិយាល័យ​រក​ការងារ​ធ្វើ​របស់​ក្រសួង​ការងារ ​បាន​មាន​ប្រសាសន៍

ថា​ ស្ថានទូត​កម្ពុជា​ និង​ក្រុមហ៊ុន​Equine​ Resource​ Cambodia​ កំពុង​តែ​សម្រប​សម្រួល​ ជា​មួយ​ពលករ​ កម្ពុជា​ទាំង​នោះ​ហើយ។

លោក​បាន​មាន​ប្រសាសន៍ថា​ ប្រសិន​ណា​បើ​ពួកគេ​មិន​អាច​ធ្វើ​ការងារ​បាន​នៅ​ទី​នោះ​ ​យើង​នឹង​ឲ្យ​ក្រុមហ៊ុន​បញ្ជូន​ពួកគេ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ។

"យើង​នៅ​តែ​ខិត​ខំជួយ​ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គាត់​បាន​ទទួល​ការងារ​ធ្វើ​ឲ្យ​បាន​ស្រម​ទៅ​តាម​ គោល​ការណ៍​អញ្ចឹង​ទៅ​ ហើយ​ជួយ​ដោះ​ស្រាយ​ឲ្យ​គាត់​អី​ ទៅ​តាម​នីតិវិធី​ ទៅ​តាម​ផ្លូវ​ច្បាប់​អី​ទាំងអស់​ គ្នា​អញ្ចឹង​ទៅ"។

លោក​កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​បញ្ជាក់​ថា ​ពល​រដ្ឋ​កម្ពុជា​ ដែល​មាន​ វិវាទ​ការងារ​ទាំង​នោះ ​គួរ​តែ​ទៅ​ទាក់ទង​ស្ថានទូត​កម្ពុជា​ប្រចាំ​ម៉ាឡេស៊ី។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ក៏​លោក​កុយ​ គួង​បាន​មាន​ប្រសាសន៍​ថា ​ យើង​នឹង​ជំរុញ​ឲ្យ​មាន​ការ​បញ្ជូន​ពួកគេ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ។

"មាន​ករណី​យូរៗ​ម្តង។​ រឿង​ហ្នឹង​វា​មិនមែន​តែ​ដូច​គ្នា​អញ្ចឹង​ទេ។​ រឿង​ផ្សេងៗ​ណា៎​ ជូន​កាល​កំហុស​ដោយសារ​ក្រុមហ៊ុន។​ ជូន​កាល​កំហុស​ដោយសារ​កម្មករ​ទៅ។​ ដូច្នេះ​មាន​បញ្ហា​អ្វី​ សូម​ឲ្យ​ទាក់​ទង​ស្ថានទូត​ខ្មែរ ​ដែល​នៅ​គៀក​នោះ"។

លោក ​អន ប៊ុនហាក់​ ប្រធាន​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា ​បាន​បញ្ជាក់​ថា​ យ៉ាង​ តិច​មាន​ពលករ​ខ្មែរ​ប្រមាណ​១​ម៉ឺន​នាក់​ដែរ​ក្នុង​១​ឆ្នាំៗ ​បាន​ទៅ​បម្រើ​ការងារ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ហើយ​ បញ្ហា​លំបាក​ដែល​ពួក​គេ​ជួប​ប្រទះ​ជា​ចម្បង​នោះ​គឺ​បញ្ហា​ទំនាក់​ទំនងការ​ទទួល​ទាន​ និង​ពេល​វេលា​ធ្វើ ការ​ ដែល​ខុស​ប្លែក​ពី​ប្រទេស​កម្ពុជា៕

XS
SM
MD
LG