ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះរាជអាជ្ញា​ថា​ខ្មែរ​ក្រហម​បាន​ធ្វើ​គោលនយោបាយ​មុន​ចូល​កាន់​អំណាច


អតីតមេដឹកនាំ​ខ្មែរក្រហម ប៉ុល ពត ឆ្លើយ​នឹង​សំណួរ​ក្នុង​កិច្ច​សន្ទនាមួយ​នៅជិត​អន្លង់វែង ប្រទេស​កម្ពុជា (រូបថតឯកសារ ១៩៩៨)
អតីតមេដឹកនាំ​ខ្មែរក្រហម ប៉ុល ពត ឆ្លើយ​នឹង​សំណួរ​ក្នុង​កិច្ច​សន្ទនាមួយ​នៅជិត​អន្លង់វែង ប្រទេស​កម្ពុជា (រូបថតឯកសារ ១៩៩៨)

ក្រុម​ព្រះរាជអាជ្ញារង​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​បង្ហាញ​ថា ​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ មាន​ផែនការ​នយោបាយ​ជា​មុន​រួច​ជា​ស្រេច​មុន​នឹង​ច្បាម​យក​អំណាច​ ដោយ​ប្រដាប់​អាវុធ​ពី​របប​លោក​សេនា​ប្រមុខ​លន់ ​ណុល។ ការ​លើក​ឡើង​របស់​ក្រុម​សហព្រះរាអាជ្ញា​ធ្វើ​ឡើង​នៅ​ក្នុង​ការ​កាត់ទោស​សំណុំ​រឿង​០០២ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

ជន​ជាប់​ចោទ​ទាំង​បី​នាក់​ដែល​មាន​នួន ជា អៀង សារី និង​ខៀវ សំផន ធ្លាប់​បាន​ដោះសារ​ជា​បន្ដបន្ទាប់​នៅ​ក្នុង​ពេល​កំពុង​កាត់ទោស​ជា​ហូរហែរ​ថា ​ពួក​ខ្លួន​មាន​ការ​ទទួល​ខុស​ត្រូវ​ដាច់ៗ​ពី​គ្នា ​និង​មិន​ដឹង​ពី​កិច្ចការ​នៃ​មេដឹកនាំ​ខ្មែរក្រហម​ដទៃ​ទៀត​ស៊ី​ជម្រៅ​ទេ។

ក្រុម​សហព្រះរាជអាជ្ញារង​បាន​បង្ហាញ​ឯកសារ​ជា​ច្រើន​ ដែល​ទាក់ទង​នឹង​សេចក្ដី​ថ្លែងការណ៍​នានា​របស់​ប៉ុល ​ពត​ បង​ធំ​ទី​១ និង​ជា​មេស្ថាបនិក​របប​ខ្មែរក្រហម ​និង​សេចក្ដី​ថ្លែងការណ៍​របស់​ខៀវ ​សំផន​ ដែល​បង្ហាញ​ពី​ការ​ដឹកនាំ​ការងារ ​និង​ការ​គ្រប់គ្រង​អំណាច​នៅ​ក្នុង​ជួរ​ខ្មែរក្រហម។

លោក ​វ៉ាំងសង់ ឌើ វីលឌ ដេសត្មាអែល (Vincent De Wilde D'Estmael) សហព្រះរាជអាជ្ញារង​បាន​ស្រង់​សម្តី​ប៉ុល ​ពត ​ដែល​ថ្លែង​ក្នុង​កិច្ចប្រជុំ​នៃ​គណបក្ស​កុម្មុយនិស្ដ​មួយ​ដែល​បង្ហាញ​ថា ​គណបក្ស​កុម្មុយនិស្ដ​របស់ខ្មែរក្រហម​បាន​សម្រេច​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៦០​ពី​ការ​បង្កើត​រចនា​សម្ព័ន្ធ​ដឹកនាំ ការ​លុប​បំបាត់​របប​មូលធន​ និង​សក្ដិភូមិ ​ការ​លុបបំបាត់​ទីផ្សារ​ និង​ការ​ចាយលុយ​ រួម​ទាំង​ការ​បង្កើត​សហករណ៍​ជា​ដើម។ ការ​ដឹកនាំ​ទៀត​សោត​នឹង​ត្រូវ​អនុវត្ត​តាម​ខ្សែ​បន្ទាត់​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​មជ្ឈឹម។

«ថ្នាក់​ក្រោម​គោរព​ថ្នាក់​លើ។ បុគ្គល​គោរព​សមូហភាព។ ឯកជន​គោរព​អង្គការ។ អង្គការ​ថ្នាក់​ផ្សេងៗ​គ្នា​គោរព​អង្គការ​មជ្ឈឹម។ នេះ​ហើយ​គឺ​ជា​គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​សំខាន់ៗ​នៃ​របប​នោះ»។

សហព្រះរាជអាជ្ញារង​សញ្ជាតិ​បារាំង​ដដែល​បញ្ជាក់​ថា ​ប៉ុល ​ពត ​បាន​ពន្យល់​ថា ​ការ​លុប​បំបាត់​ទីផ្សារ និង​ការ​មិន​ចាយលុយ​បន្ទាប់​ពី​បក្ស​កុម្មុយនិស្ដ​របស់​ខ្មែរក្រហម​យល់​ឃើញ​ថា ​ក្រុម​ឈ្មួញ​នឹង​ធ្វើ​ជា​ចៅហ្វាយ​គ្រប់គ្រង​ទៅ​លើ​ការ​ធ្វើ​បដិវត្តន៍ ការ​គ្រប់គ្រង​កងទ័ព​ និង​គ្រប់គ្រង​ប្រជាជន។ ​ហើយ​ការ​បន្ត​ឲ្យ​មាន​នយោបាយ​ពាណិជ្ជកម្ម​នឹង​បង្ក​ឲ្យមាន​គ្រោះថ្នាក់​ដល់​ការ​តស៊ូ​រំដោះជាតិ។

មួយ​វិញ​ទៀត វ៉ាំងសង់ ឌើ វីលឌ ដេសត្មាអែល បញ្ជាក់​ថា ​ប៉ុល ​ពត ​យល់​ថា ​នៅ​ក្នុង​ពេល​កំពុង​ធ្វើ​សង្រ្គាម​ សហករណ៍​គឺ​ជា​ប្រភព​ផ្គត់ផ្គង់​យ៉ាង​សំខាន់​ដល់​កម្លាំង​យោធា ​និង​សេដ្ឋកិច្ច ​និង​កម្លាំង​ដឹក​ជញ្ជូន។ នេះ​គឺ​ជា​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​សហករណ៍​ក្នុង​ការ​ច្បាម​យក​អំណាច​ពី​ពួក​សក្ដិភូមិ​ និង​នាយទន់​ដែល​ពួក​ខ្មែរក្រហម​ចាត់​ទុក​ថា ជា​សត្រូវ​របស់​ប្រជាជន។ មួយវិញទៀត​ បន្ទាប់​ពី​សង្រ្គាម សហករណ៍​មាន​សមត្ថភាព​ផ្ដល់​ស្បៀងអាហារ​គ្រប់​វិស័យ​ដល់​ប្រជាជន​ថ្មី​ដែល​ទើប​ត្រូវ​បាន​រំដោះ​ក្រោយ​ពី​ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ​១៩៧៥។

ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​បទ​ប្រល័យ​ពូជសាសន៍​ ចំពោះ​ការ​ស្លាប់ និង​ការ​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់ ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​ នួន​ ជា ​បាន​ច្រានចោល​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ចំពោះ​អំពើ​ឃោរឃៅ​ដែល​បាន​កើត​ឡើង​ ហើយ​បាន​ពន្យល់​ថា ​ការ​មិន​ចាយ​លុយ​ ការ​លុប​បំបាត់​ទីផ្សារ​ គឺ​ធ្វើ​ឡើង​សម្រាប់​តែ​មួយ​រយៈពេល​តែ​ប៉ុណ្ណោះ ​ហើយ​ការ​បង្កើត​សហករណ៍​គឺ​ដើម្បី​បង្កើន​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​ និង​បង្រៀន​មនុស្ស​គ្រប់​រូប​ឲ្យ​ចេះ​ធ្វើ​ការងារ។

ដោយឡែក​អៀង ​សារី ​អតីត​រដ្ឋមន្ដ្រី​ការ​បរទេស​ខ្មែរក្រហម ​ព្យាយាម​មិន​ឆ្លើយ​នឹង​សំណួរ​ផ្សេងៗ ​នៅ​ក្នុង​ពេល​កំពុង​កាត់ទោស​រូបគាត់​ទេ។ ​រីឯ​ ខៀវ ​សំផន ​អតីប្រមុខរដ្ឋ​ខ្មែរក្រហម​បាន​ឆ្លើយ​ថា ​ខ្លួន​មិន​ដឹង​ពី​បញ្ហា​ជា​ច្រើន និង​បាន​ព្យាយាម​មិន​ធ្វើ​ការ​ឆ្លើយតប​នឹង​សំណួរ​ក្នុង​ខណៈ​នេះ។

លោក​ព្រះរាជអាជ្ញារង​កម្ពុជា ​ច័ន្ទ តារារស្មី ​បញ្ជាក់​ថា ​ឆ្លង​តាម​ការ​បង្ហាញ​ឯកសារ​បង្ហាញ​ថា ​ពួក​ខ្មែរក្រហម​បាន​បង្កើត​រចនា​សម្ព័ន្ធ​រដ្ឋបាល​មូលដ្ឋាន​ និង​ចាប់​ផ្ដើម​អនុវត្តន៍​យ៉ាង​មាន​ប្រសិទ្ធិភាព​ចាប់តាំង​ពី​ពួកខ្លួន​ស្ថិត​ក្នុង​ចលនា​តស៊ូ​ក្នុង​ព្រៃ​មក​ម្លេះ។

ជាមួយ​គ្នា​នេះ​ដែរ​លោក​សហព្រះរាជអាជ្ញារង​កម្ពុជា​លោក ​វ៉េង ​ហួត ​បាន​បង្ហាញ​ថា ​ខៀវ ​សំផន​ បាន​តស៊ូ​ជាមួយ​ចលនា​ខ្មែរក្រហម​ជាង​ពីរ​ទសវត្សរ៍​ ហើយ​បាន​កាន់​ដំណែង​កំពូលៗ​ជា​ច្រើន​ ហើយ​គាត់​បាន​ដឹង​ឮ​យ៉ាង​ទូលំ​ទូលាយ​អំពី​សភាពការណ៍​មុនការ​ឡើង​កាន់​អំណាច ​និង​ការ​ប្រព្រឹត្ត​ក្នុង​តំបន់​រំដោះ និង​សកម្មភាព​ព្រៃផ្សៃ​របស់​ពួក​ខ្មែរក្រហម​ជា​ច្រើន៕

XS
SM
MD
LG