ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះរាជអាជ្ញា​រង​ម្នាក់​បង្ហាញ​ថា​នួន ជា ពាក់​ព័ន្ធ​នឹង​ការ​បញ្ជា​សម្លាប់​


នួន ជា ​អតីត​បងធំ​ទី​ពីរ​នៃ​របប​ខ្មែរក្រហម​
នួន ជា ​អតីត​បងធំ​ទី​ពីរ​នៃ​របប​ខ្មែរក្រហម​

សហ​ព្រះរាជអាជ្ញារង​អន្ដរជាតិ ​លោក ​ដេល ​លីហ្ស៊ាក់​ (Dale Lysak) បាន​បង្ហាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​នួន ជា ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​ឲ្យ​សម្លាប់ ​និង​ការ​ក្ដោបក្ដាប់​អំណាច​យោធា ​ដែល ​នួន​ ជា ​បាន​បដិសេធ​ជា​បន្ដ​បន្ទាប់​ក្នុង​សវនាការ​កន្លង​មក។

លោក ​ដេល ​លីហ្ស៊ាក់ ​សញ្ជាតិ​អាមេរិកាំង​បាន​លើក​សម្តី​របស់​ អៀង ​សារី ​ដែល​បាន​និយាយ​នៅ​ក្នុង​កាលៈទេសៈ​បី​ផ្សេង​គ្នា​នៅ​ក្នុង​ពេល​កន្លង​មក។ ក្នុង​នោះ​អៀង ​សារី ​បាន​អះអាង​ពី​អំណាច​ឥទ្ធិពល​ និង​តួនាទី​របស់ ​អតីត​បងធំ​ទី​ពីរ​នៃ​របប​ខ្មែរក្រហម​រូប​នេះ។

«ឯកសារ​នេះ​លើក​ឡើង​ថា ​គណៈកម្មាធិការ​សន្ដិសុខ​រួម​មាន​ ប៉ុល ​ពត ​នួន ​ជា ​និង ​សុន ​សេន ​ដែល​ត្រូវ​បាន​ស្រង់​សម្តី​ថា ​ពួក​គេ​ធ្វើ​សេចក្ដីសម្រេច​លើ​រាល់​ការ​សម្លាប់ ​និង​ការ​សម្លាប់​រង្គាល។ ​បី​ឆ្នាំ​ក្រោយ​មក​គឺ​នៅ​ខែ​មករា​ឆ្នាំ​១៩៩៩ ​អៀង ​សារី​ អះអាង​ថា ​សេចក្ដីសម្រេច​ចិត្ត​លើ​ការ​ចាប់​ខ្លួន ​និង​ការ​សម្លាប់​ធ្វើ​ឡើង​ដោយ ​ប៉ុល ​ពត​ នួន ​ជា ​ខៀវ ​សំផន ​និង​ធ្វើ​ឡើង​ដោយ​មន្ទីរ ​ស-២១ ​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង»។

ថ្វី​បើ​ដូច្នេះ​ក្ដី ​នួន ​ជា ​ដែល​គេ​ដឹង​ថា​គឺ​ជា​មេដឹកនាំ​កំពូល​លំដាប់​ទី​២​បន្ទាប់​ពី​ប៉ុល ​ពត​ មេ​ស្ថាបនិក​របប​ខ្មែរក្រហម​បាន​បន្ដ​បដិសេធ​ដូច​ក្នុង​សវនាការ​មុនៗ​ដែរ គឺថា​ រូប​គាត់​គ្មាន​អំណាច​នៅ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​នោះ​ទេ។

«ខ្ញុំ​មិនមែន​នៅ​ក្នុង​គណៈកម្មការ​យោធា​ទេ។ ​ខ្ញុំ​ប្រធាន​គណៈកម្មការ​ប្រធាន​សភា។ ខ្ញុំ​ទៅ​ធ្វើ​ខាង​យោធា​យ៉ាងម៉េច? វា​ខុសគ្នា​ឆ្ងាយ​ណាស់។ ដូច្នោះ​ឯកសារ​នេះ​សរសេរ​ខុស​ទេ»។

នួន ​ជា ​ត្រូវ​បាន​កត់​សម្គាល់​ផង​ដែរ​ថា​ គឺ​ជា​អ្នក​មាន​ឥទ្ធិពល​ផ្នែក​មនោគមវិជ្ជា​លើ​របប​ខ្មែរ​ក្រហម។ គាត់​កំពុង​ស្ថិត​នៅ​ក្នុង​ការ​កាត់ទោស​ជាមួយ ​ខៀវ ​សំផន ​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​របប​ខ្មែរក្រហម ​អៀង ​សារី ​អតីត​រដ្ឋមន្ដ្រី​ការបរទេស​នៃ​របប​នេះ។

ជន​ជាប់​ចោទ​ទាំង​បី​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ដែល​ទាក់ទង​នឹង​ការ​ស្លាប់ ​និង​ការស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច ១,៧លាន​នាក់​នៅ​ក្រោម​អំណាច​ត្រួតត្រា​របស់​ពួក​គេ។ ក៏ប៉ុន្ដែ​ក្នុង​នៅ​អំឡុង​ពេល​កាត់ទោស​កន្លង​មក​នៅ​ក្នុង​សំណុំរឿង​០០២នេះ ​ក្រៅ​ពី​បាន​ធ្វើ​ការ​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​នានា​ដោយ​ផ្ទាល់​ ជន​ជាប់​ចោទ​ទាំង​បី​នាក់ ​បាន​ច្រានចោល​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ចំពោះ​ការ​ស្លាប់​ទាំង​នោះ។

លោក​សហព្រះរាជអាជ្ញារង ​ដេល ​លីហ្ស៊ាក់ បាន​បង្ហាញ​ឯកសារ​មួយ​ចំនួន​ថែមទៀត​ស្ដីពី​ការ​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ​ ខៀវ សំផន ​ប្រមុខរដ្ឋ ​ដើម្បី​តែងតាំង​ នួន ​ជា ​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​ស្ដីទី​ជំនួស​ប៉ុល ​ពតដែល​ត្រូវ​ចេញ​ទៅ​ព្យាបាល​ជម្ងឺ​នៅ​ប្រទេស​ចិន​ និង​ឯកសារ​មួយ​ទៀត​ដែល​បង្ហាញ​ថា ​នួន​ ជា ​ថ្លែង​សុន្ទរកថា​ពី​កំណើត​កងទ័ព​របស់​ពួក​ខ្មែរក្រហម​រួម​ទាំង​ឯកសារ​ដែល​និយាយ​ពី​ការ​លាលែង​ពី​តួនាទី​ជា​ប្រមុខរដ្ឋ​ខ្មែរក្រហម​របស់​សម្ដេច​ឪ​ នរោត្តម សីហនុ។
ក៏​ប៉ុន្ដែ ​នួន ​ជា ​បាន​បដិសេធ​ថា ​ខ្លួន​មិន​ដែល​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​ស្ដីទី​ទេ ​គឺ​ជា​សុន​ សេន​ ទេ​នៅ​សម័យ​នោះ។ ខ្លួន​ក៏​មិន​ដែល​បាន​ថ្លែងការណ៍​ក្នុង​ឱកាស​កំណើត​កងទ័ព​របស់​ខ្មែរក្រហម​ដែរ។

មុន​នឹង​បិទ​បញ្ចប់​ការ​កាត់ទោស​នៅ​ថ្ងៃ​នេះ​ សហមេធាវី​អន្ដរជាតិ​បស់​នួន ​ជា ​លោក​ ម៉ៃឃើល ​ផេសម៉ិន ​បាន​ចោទ​សួរ​កូនក្ដី​របស់​ខ្លួន​ជា​ច្រើន​ពី​ការ​រួមចំណែក​របស់​លោក​ ហេង ​សំរិន ​នៅ​ក្នុង​ការ​តស៊ូ​ជាមួយ​ខ្មែរក្រហម​ រួច​បន្ទាប់​មក​លោក ​ហេង ​សំរិន ​បាន​ឡើង​ធ្វើ​ជា​មេ​ទ័ព​ខ្មែរក្រហម។ ​លោក ​ហេង ​សំរិន​ បច្ចុប្បន្ន​គឺ​ជា​ប្រធាន​រដ្ឋសភា ​និង​ជា​ប្រធាន​កិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា៕

XS
SM
MD
LG