សហព្រះរាជអាជ្ញារបស់សាលាក្ដីខ្មែរក្រហមបានជំទាស់ទៅនឹងការទាមទារឲ្យមានការកោះហៅម្ចាស់ឯកសារនានាដែលត្រូវបានយកមកប្រើជាឯកសារភស្ដុតាងសម្រាប់ការកាត់ទោសពួកអតីតមេដឹកនាំកំពូលខ្មែរក្រហម ឲ្យមកផ្ដល់សក្ខីកម្មបន្ថែមដោយសំអាងថា ការធ្វើរបៀបនេះនឹងធ្វើឲ្យដំណើរការកាត់ទោសកាន់តែស៊ីពេលបន្ថែមទៀត។
កាលពីថ្ងៃច័ន្ទនេះសហមេធាវីអន្ដរជាតិការពារក្ដីឲ្យ នួន ជា អតីតប្រធានសភាខ្មែរក្រហម និងសហមេធាវីអន្តរជាតិរបស់អៀង សារី បានទទូចឲ្យអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមកោះហៅលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាឲ្យចូលខ្លួនក្នុងតុលាការដើម្បីឲ្យភាគីជនជាប់ចោទសួរដេញដោលពីភាពអាចជឿ និងទុកចិត្តបាននៃឯកសារដែលមជ្ឈមណ្ឌលរបស់លោកបានផ្ដល់ជូនសាលាក្ដីខ្មែរក្រហម។ មជ្ឈមណ្ឌលនេះ បានប្រគល់ឯកសារប្រមាណជា ៥០០.០០០ ឯកសារដល់សាលាក្ដីខ្មែរក្រហមសម្រាប់ប្រើជាភស្ដុតាងក្នុងការកាត់ក្ដីពួកអតីតមេដឹកនាំកំពូល និងអ្នកទទួលខុសត្រូវខ្ពស់បំផុតខ្មែរក្រហម។
លោក ច័ន្ទ តារារស្មី សហព្រះរាជអាជ្ញារងកម្ពុជាបានថ្លែងស្របគ្នាជាមួយនឹងដៃគូរបស់លោកគឺលោក វីលាម ស៊្មីត (William Smith) ថាតុលាការអន្តរជាតិ៝នានាបានទទួលស្គាល់នូវឯកសារភស្ដុតាងដូចជាសៀវភៅ អត្ថបទកាសែត សេចក្ដីថ្លែងការណ៍ កំណត់ហេតុហើយអ្នកនិពន្ធនូវឯកសារឬសៀវភៅទាំងនោះមិនចាំបាច់ត្រូវកោះហៅឲ្យមកការពារស្នាដៃរបស់ខ្លួននោះឡើយ។
«ជាជំហរបស់ការិយាល័យព្រះរាជអាជ្ញា គឺការកោះហៅអ្នកនិពន្ធគឺជាការមិនចាំបាច់នេះនឹងជួយឲ្យដំណើរការរឿងក្តីរបស់យើងដំណើរការបានយ៉ាងលឿន»។
ដំណាលគ្នានឹងការលើកឡើងនេះ សហមេធាវីអន្ដរជាតិលោក Jasper Pauw បានទទូចជាថ្មីម្ដងទៀតឲ្យលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាចូលផ្ដល់សក្ខីកម្មក្នុងតុលាការ។ យោងតាមប្រភពមន្ដ្រីតុលាការបានឲ្យដឹងថា លោក ឆាំង យុ ត្រូវបានកោះហៅឲ្យចូលផ្ដល់សក្ខីកម្មនៅថ្ងៃទី២៣ ខែមករានេះ ក៏ប៉ុន្ដែលោកបានផ្ទេរសិទ្ធិនេះជូនអនុប្រធានរបស់លោក។
នៅក្នុងការកាត់ក្ដីនៅថ្ងៃនេះសហព្រះរាជអាជ្ញារងជាតិនិងអន្ដរជាតិបានលើកមកសំអាងម្ដងមួយៗ
នូវឯកសារជាវីដេអូ ការបោះពុម្ពផ្សាយបក្សកុម្មុយនិស្ដរបស់ពួកខ្មែរក្រហមឯកសារកំណត់ហេតុប្រជុំរបស់បក្ស សេចក្តីថ្លែងការណ៍ដែលធ្វើឡើងក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យសៀវភៅនិងរបាយការណ៍ដកស្រង់សារព័ត៌មានជាដើម។ ឯកសារទាំងនោះត្រូវភាគីជនជាប់ចោទប្រឆាំងជំទាស់។
លោក វីលាម ស៊្មីត សហព្រះរាជអាជ្ញាអន្ដរជាតិ លើកឡើងថាក្រុមមេធាវីការពារក្តីមានរយៈពេលបួនឆ្នាំរួចមកហើយក្នុងការពិនិត្យលើឯកសារដែលពួកខ្លួនជំទាស់នោះលើភាពអាចទទួលយកបាន ឬមិនអាចទទួលយកបាននោះ។
លោកក៏បានបញ្ជាក់ថែមទៀតដែរថាឯកសារទាំងនោះ ផ្ដល់មគ្គុទេសក៏ និងគឺជាការផ្ដល់យោបល់មិនផ្លូវការយ៉ាងសំខាន់មួយដែលនាំឲ្យមានការចោទប្រកាន់លើជនសង្ស័យ។
ទោះជាយ៉ាងណាសហមេធាវីកម្ពុជាលោក គង់ សំអុន ការពារក្ដីឲ្យអតីតប្រមុខរដ្ឋខ្មែរក្រហម ខៀវ សំផន បានប្រឆាំងទៅនឹងការលើកឡើងខាងលើរបស់លោក វីលាម ស្ម៊ីត។ ហើយលោក គង់ សំអុន ក៏ប្រឆាំងទៅនឹងសហព្រះរាជអាជ្ញារងជាតិដែលបានលើកពីការចំណេញពេលវេលាកាត់ទោសប្រសិនបើគេអាចចៀសវាងបាននូវការដេញដោលផ្ទៀងផ្ទាត់លើឯកសារនោះ។ លោកមានប្រសាសន៍ថា ការស្វែងរកយុត្តិធម៌ត្រូវតែហ៊ានចំណាយពេលវេលា។
អៀង សារី អតីតរដ្ឋមន្រ្ដីការបរទេសខ្មែរក្រហមបានច្រានចោលឯកសារជាង១៦០ឯកសារ។ សហមេធាវីអន្ដរជាតិ លោក Michiel Kanavasរបស់ជនជាប់ចោទរូបនេះបានបញ្ជាក់ថាក្រុមការពារក្ដីមិនអាចទទួលយកឯកសារតាមការអះអាងពីភាពជឿជាក់របស់សហព្រះរាជអាជ្ញាបានទេ។
«យើងមិនអាចនិយាយស្រួលៗបានទេថា ឯកសារទាំងនោះមានភាពគួរឲ្យជឿជាក់ច្រើន ហើយយើងត្រូវតែទទួលយកដោយងងឹតងងុលនោះទេ»។
អង្គជំនុំជម្រះសាលាដំបូងនឹងធ្វើការវិនិច្ឆ័យតែលើឯកសារដែលភាគីនានាជំទាស់តែប៉ុណ្ណោះក្នុងការកាត់ទោសសំណុំរឿង០០២ ក្នុងសប្ដាហ៍នេះ៕