ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរ​ក្រហម​បង្ហាញ​ថា​នួន ជា​មាន​អំណាច​យោធា


នួន​ ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម
នួន​ ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម

អង្គជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​បង្ហាញ​ថា​ ជន​ជាប់​ចោទ​ម្នាក់​ក្នុងចំណោម​ជន​ជាប់​ចោទ​ទាំង​បី​ក្នុង​សំណុំរឿង​០០២ ​មាន​តួនាទី​ជាក់លាក់​ព្រមទាំង​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ការងារ​គ្នា​ជា​ប្រព័ន្ធ​ច្បាស់លាស់​ទៀត​ផង។

ការ​បង្ហាញ​បែប​នេះ​ខណៈ​ដែល​ នួន​ ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម ​អៀង ​សារី ​អតីត​រដ្ឋមន្ដ្រីការ​បរទេស​និង​ខៀវ ​សំផន ​អតីត​ប្រមុខរដ្ឋ​សុទ្ធ​តែ​ធ្លាប់​បាន​ច្រានចោល​ការ​ទទួល​ខុសត្រូវ​ពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ១,៧ ​លាន​នាក់​ ក្នុង​ពេល​ដែល​ពួក​គេ​កាន់​អំណាច​ក្នុង​ដៃ​ចន្លោះ​ពី​ឆ្នាំ ​១៩៧៥ ​ដល់​ឆ្នាំ ​១៩៧៩។

នៅ​ក្នុង​សវនាការ​ផ្តោត​លើ​រចនា​សម្ព័ន្ធ ​ប្រព័ន្ធ​ការងារ ​តួនាទី​ និង​មុខងារ​របស់​ជន​ជាប់​ចោទ ​ក្រឡា​បញ្ជី​លោក ​ដាវ ​វ៉ាន់សាន ​បាន​អាន​របាយការណ៍​ក្នុង​ដីកា​ដំណោះស្រាយ​ឬ​ដីកា​បញ្ជូន​ជនជាប់​ចោទ​ទៅ​កាត់ទោស​ថា ​នួន ​ជា ​អៀង ​សារី ​និង​ ខៀវ ​សំផន ​មាន​ការ​ពិភាក្សា​គ្នា​ផ្នែក​នយោបាយ​ជា​ប្រចាំ។

លោក​ វ៉ាន់​សាន បាន​បន្ត​ថា៖

«សាក្សី​ម្នាក់ ​ដែល​ជា​អ្នក​បើក​បរ​រថយន្ត​ឲ្យ​ខៀវ ​សំផន ​ពី​ឆ្នាំ​១៩៧៨​ បាន​បញ្ជាក់​ថា​ គាត់​បាន​បើក​រថយន្ត​ដឹក​ខៀវ ​សំផន ​ពី​មន្ទីរ​ ក ​៣ ​នៅ​កាន់​មន្ទីរ ​ក ​១ ​ចំនួន​ពីរ ​ឬ​បី​លើក ​នៅ​ក្នុង​មួយ​សប្តាហ៍។​ ហើយ​នួន ​ជា ​និង ​អៀង ​សារី​ ក៏​ត្រូវ​បាន​ដឹក​តាម​រថយន្ត​ទៅ​កាន់​មន្ទី ​ក ​១​ នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ។ ​សាក្សី​ម្នាក់​ទៀត ​បាន​អះអាង​ថា ​ខៀវ ​សំផន ​អៀង ​សារី ​និង ​នួន ​ជា ​បាន​ចូលរួម​ប្រជុំ​សម្ងាត់​នៅ​មន្ទីរ​ ក​ ១»។

ជន​ជាប់ចោទ​ទាំង​បី​រូប​ បាន​បង្ហាញ​វត្តមាន​ក្នុង​បន្ទប់​ជំនុំជម្រះ ​ក៏ប៉ុន្ដែ ​នួន ​ជា ​និង​ អៀង ​សារី ​បាន​ស្នើសុំ​ចូលរួម​សវនាការ​តាម​ប្រព័ន្ធ​សោតទស្សន៍​វិញ​ នា​ពេល​រសៀល។

ដីកា​ដំណោះស្រាយ​ ដែល​អាន​ដោយ​ក្រឡា​បញ្ជី​ចំនួន​បី​នាក់​ ដែល​ចែកចេញ​ជា​វគ្គ​ផ្សេងៗ​គ្នា​បង្ហាញ​ថា​គណបក្ស​កុម្មុយនិស្ដ​កម្ពុជា​របស់​ពួកខ្មែរ​ក្រហម​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណៈកម្មការ​មជ្ឈិមបក្ស ​និង​ត្រូវ​អនុលោម​តាម​ការសម្រេច​ជា​សមូហភាព។

ដីកា​ដំណោះស្រាយ​បញ្ជាក់​ថា​ នួន ​ជា ​ជា​សមាជិក​គណៈកម្មការ​យោធា ​គឺ​ផ្ទុយ​នឹង​អ្វី​ដែល​ជន​ជាប់​ចោទ​រូប​នេះ​ ធ្លាប់​បាន​ប្រកែក​នា​ពេល​កាត់ទោស​ថ្មី​ៗ​នេះ​ថា ​គាត់​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំណាច​យោធា។ ​នៅ​ក្នុង​នោះ​ដែល​កងទ័ព​ដែល​ត្រូវ​ចាត់​ទុក​ថា «ជា​ឧបករណ៍​ដាច់​ថ្លៃ» របស់​បក្ស​កុម្មុយនិស្ដ​កម្ពុជា​របស់​ពួក​ខ្មែរក្រហម។

ដីកា​ដំណោះស្រាយ​បង្ហាញ​ទៀត​ថា ​មាន​ស្ថាប័ន​ចំនួន​ពីរ​ ដែល​មាន​តួនាទី​សំខាន់​បំផុត​ក្នុង​របប​ខ្មែរក្រហម ​នោះ​គឺ ​មន្ទីរ​នយោបាយ​៨៧០ ​ដែល​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​និង​មន្ទី​រដ្ឋបាល ​ស ​៧១ ​ឬ​ក្រសួង​ ស ​៧១ ​ដែល​ទទួល​ខុសត្រូវ​ផ្នែក​រដ្ឋបាល។

ស្ថាប័ន​ទាំង​ពីរ​នេះ​ គឺ​ជា​មន្ទីរ​របស់​អង្គការ​ហើយ ​មន្ទីរ​ ស ​៧១ ​មាន​សិទ្ធិ​សម្រេច​ ស៊ើបអង្កេត​ និង​តាម​ចាប់​ខ្លួន​ជន​ដែល​ត្រូវ​ចោទ​ថា ​ជា​ខ្មាំង​របស់​អង្គការ​ រួច​បញ្ជូន​ទៅ​មន្ទីរ​ ស ​២១ ​គឺ​គុក​ទួលស្លែង។
ក្រៅ​ពី​ អៀង ​សារី ​ដែល​រក្សា​សិទ្ធិ​មិន​ឆ្លើយតប​នឹង​សំណួរ​ផ្សេងៗ ​ខៀវ ​សំផន ​និង​នួន ​ជា ​សុទ្ធ​តែ​បាន​អះអាង​ថា ​ខ្លួន​មិន​ស្ថិត​ក្នុង​ការ​សម្រេច​ចិត្ត​ទូលំទូលាយ​នោះ​ទេ។

លោក​ក្រឡាបញ្ជី​ បាន​អាន​របាយការណ៍​ដែល​បញ្ជាក់​ថា ​អៀង​សារី ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បទ​ឧទ្ទេសនាម​បែប​នយោបាយ​នានា​ ពាណិជ្ជកម្ម ​ឧស្សាហកម្ម ​ជំនួយ​បរទេស ​ជម្លោះ​ជាមួយ​វៀតណាម​ ទំនាក់​ទំនង​ការទូត ​និង​អំពាវនាវ​ឲ្យ​បញ្ញាជន​កម្ពុជា​វិលត្រឡប់​មក​កាន់​ប្រទេស​វិញ។

បញ្ញាជន​ទាំង​នោះ​ភាគច្រើន​ត្រូវ​យក​មក​ឃុំ​ខ្លួន។ ​មួយវិញទៀត ​អៀង ​សារី ​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​មន្ទីរ​នយោបាយ ​៨៧០ ​និង​មន្ទីរ ​ស ​៧១។

ក្រៅ​ពី​អៀង ​សារី ​ជន​ជាប់​ចោទ​ខៀវ ​សំផន ​ក៏​ត្រូវ​បាន​បញ្ជាក់​ថា​ គឺ​ជា​អ្នក​អំពាវនាវ​បញ្ជា​ជនពី​បរទេស​ឲ្យ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ដែរ ​ហើយ​ជន​ទាំង​នោះ​ត្រូវ​បាន​អប់រំ​ឲ្យ​លត់ដំ​ធ្វើ​ស្រែ ​និង​ភាគច្រើន​ត្រូវ​បញ្ជូន​ទៅ​កាន់​គុក​ទួលស្លែង។

សូម​បញ្ជាក់​ថា ​អៀង ​ធីរិទ្ធ ​ក៏​ជា​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​សំណុំរឿង ​០០២ ​ដែរ​ប៉ុន្ដែ​មិន​ត្រូវ​បាន​នាំខ្លួន​យក​មក​កាត់ទោស​ទេ​ ក្នុង​ពេល​នេះ​ដោយសារ​តែ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​របស់​គាត់។

យោងតាម​ដីកា​ដំណោះស្រាយ​ ដែល​អាន​ដោយ​ក្រុម​ក្រឡាបញ្ជី​បង្ហាញ​ថា ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច​ខ្មែរក្រហម​រូប​នេះ​បាន​រាយការណ៍​ឲ្យ​ នួន ​ជា ​ម្ដង​ឬ​ពីរ​ដង​ក្នុង​មួយ​ខែ​ពី​ការងារ​របស់​ខ្លួន​ ហើយ​នួន ជា​បាន​ផ្ដល់​យោបល់​ត្រឡប់​ទៅ​វិញ​ សម្រាប់​ការ​អនុវត្ត​នូវ​ផែនការ​ផ្សេងៗ។ រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ច័ន្ទ​នេះ ​ក្រុម​មេធាវី​របស់ ​នួន ​ជា ​និង​ អៀង ​សារី ​បាន​ច្រានចោល​ជា​ថ្មី​នូវ​ឯកសារ​មួយ​ចំនួន ​ដែល​បង្ហាញ​នៅ​ក្នុង​តុលាការ​នៅ​ក្នុង​ពេល​នេះ៕

XS
SM
MD
LG