សហចៅក្រមស៊ើបអង្កេតកម្ពុជាលោក យូ ប៊ុនឡេង នៅរសៀលថ្ងៃសុក្រនេះបានធ្វើការវាយបកទៅលើសហចៅក្រមស៊ើបអង្កេតបម្រុងអន្ដរជាតិលោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ (Laurent Kaspert-Ansermet) ដោយចាត់ទុកថាសហចៅក្រមស៊ើបអង្កេតអន្ដរជាតិមាន «ចេតនាបំភ័ន្ដ» មតិសាធារណជន និងធ្វើការវាយប្រហារលើរូបលោកពីខាងក្រោយខ្នង។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ បានថ្លែងថា លោកបានចាប់ផ្ដើមរៀបចំធ្វើការស៊ើបអង្កេតសំណុំរឿង ០០៣ និងសំណុំរឿង ០០៤។ ជាពិសេសចាប់ផ្ដើមស៊ើបអង្កេតឡើងវិញនូវ សំណុំរឿង ០០៣។ សំណុំរឿង ០០៣ សហចៅក្រមស៊ើបអង្គេតមុន គឺលោក ស៊ីហ្គហ្វ្រ៊ីដ ប៊្លុង្គ(Siegfried Blunk) បានប្រកាសរួមជាមួយលោក យូ ប៊ុនឡេង កាលពីខែមេសាថាបានបញ្ចប់ការស៊ើបអង្កេតរួចហើយ។ ក៏ប៉ុន្ដែរហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងអំពីអត្តសញ្ញាណជនជាប់សង្ស័យជាផ្លូវការនៅឡើយ។
សហចៅក្រមស៊ើបអង្កេតបម្រុងសញ្ជាតិស៊្វីសក៏បានបង្ហាញផងដែរថា អង្គបុរេជំនុំជម្រះបានប្រព្រឹត្តិខុសដោយមិនចាត់ការលើកំណត់ហេតុស្ដីពីការខ្វែងគំនិតគ្នារវាងរូបលោក ជាមួយ និងលោកយូ ប៊ុនឡេង នៅក្នុងការស៊ើបអង្កេតសំណុំរឿងទាំងពីរខាងលើដែលរដ្ឋាភិបាលប្រកាន់ជំហប្រឆាំងជំទាស់នោះ។ លោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ បានស្នើរឲ្យលោកចៅក្រម ប្រាក់ គឹមសាន ប្រធានអង្គបុរេជំនុំជម្រះលាលែងពីការងាររបស់ខ្លួន។
ឆ្លើយតបនៅល្ងាចនេះ លោកសហចៅក្រមស៊ើបអង្កេតកម្ពុជា យូ ប៊ុនឡេង ចាត់ទុកថា ការលើកឡើងខាងលើនេះរបស់សហចៅក្រមអន្ដរជាតិគឺជាការ «បំភន្ដ័» ហើយការពិតលោកមិនមានការខ្វែងគំនិត ឬការជជែកពិភាក្សាគ្នាទាក់ទងនឹងការស៊ើបអង្កេតទាំងនោះទេ។
លោកយូ ប៊ុនឡេង ក៏បានរំលឹកឡើងវិញថា គ្មានវិធានណាមួយនៃវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហម ឬកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិដែលចែងពីសិទ្ធិរបស់សហចៅក្រមស៊ើបអង្កេតបម្រុងអន្ដរជាតិ នៅក្នុងការបំពេញកិច្ចការស៊ើបអង្កេតនៅពេលមិនទាន់មានការតែងតាំងជាចៅក្រមស៊ើបអង្កេតពេញសិទ្ធិនោះ។
ការបកស្រាយរបស់លោកយូ ប៊ុនឡេង ធ្វើឡើងបន្ទាប់ពីលោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ បានលើកឡើងវិញថា យោងតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិនៅឆ្នាំ២០០៣ ចៅក្រមស៊ើបអង្កេតបម្រុងមានសិទ្ធិគ្រប់គ្រាប់ក្នុងការចាត់នីតិវិធីតាមផ្លូវច្បាប់នៅពេលដែលកៅអីសហចៅក្រមស៊ើបអង្កេតអន្ដរជាតិនៅទំនេរ។
នេះជាលើកទី៣ហើយដែលភាគីអង្គការសហប្រជាជាតិ និងភាគីកម្ពុជានៅក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេតមានការខ្វែងគំនិតទាស់ទែងគ្នាយ៉ាងតឹងសរសៃកបែបនេះលើសំណុំរឿងបន្ថែម ដែលធ្វើឲ្យរដ្ឋាភិបាលមិនសប្បាយចិត្តនោះ។
ក៏ប៉ុន្ដែលោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមខាងភាគីកម្ពុជា បានហៅជម្លោះនេះថា គឺគ្រាន់តែជាការបង្ហាញជំហរបកស្រាយច្បាប់រៀងៗខ្លួនតែប៉ុណ្ណោះ។
«ជាការឆ្លើយតបមួយដែល យើងគិតទៅគឺជារបៀបមួយនៃការបកស្រាយច្បាប់រៀងៗខ្លួនទេ គឺវាមិនប៉ះពាល់ដល់ការិយាល័យសហចៅក្រមស៊ើបអង្កេតឡើយ»។
លោក នេត្រ ភត្រា ក៏បានបញ្ជាក់ន្ថែមទៀតថា លោក ប្រាក់ គឹមសាន ប្រធានអង្គបុរេជំនុំជម្រះបានទាត់ចោលសំណើរឲ្យលោកលាលែងពីការងារពីសំណាក់ចៅក្រមស៊ើបអង្កេតបម្រុងលោកឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ ។
ដោយឡែកលោក ឡាស អលសិន អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិមិនធ្វើអត្ថាធិប្បាយទៅលើសេចក្ដីថ្លែងការណ៍របស់ក្រុមចៅក្រមនោះទេ។
លោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ ត្រូវបានស្នើដោយអង្គការសហប្រជាជាតិដល់ភាគីកម្ពុជាដើម្បីតែងតាំងជំនួសលោកចៅក្រមអាល្លឺម៉ង់ ស៊ីហ្គហ្វ្រ៊ីដ ប៊្លុង្គ ដែលបានលាលែងពីដំណែងក្នុងភាពចម្រូងចម្រាស់ក្នុងការស៊ើបអង្កេតសំណុំរឿងខាងលើ។ ក៏ប៉ុន្ដែឧត្តមក្រុមប្រឹក្សាអង្គចៅក្រមបានបដិសេធការតែងតាំងរូបលោកជាចៅក្រមស៊ើបអង្កេតពេញសិទ្ធិដោយស្ដីបន្ទោសលើក្រមសីលធម៌របស់លោកក្នុងវិជ្ជាជីវៈ។ ក៏ប៉ុន្ដែមតិជាច្រើនបានស្ដីបន្ទោសស្ថាប័នច្បាប់កំពូលមួយនេះថា ទទួលរងឥទ្ធិពលជ្រៀតជ្រែកផ្នែកនយោបាយ។
លោកស្រី គ្លែ ដាហ៊្វី អ្នកឃ្លាំមើលដំណើរការសាលាក្ដីខ្មែរក្រហមរបស់អង្គការគំនិតផ្ដួចផ្ដើមយុត្តិធម៌សង្គមសេរី (OSJI) របស់សហរដ្ឋអាមេរិកមានប្រសាសន៍នៅថ្ងៃនេះថា ជំហរខ្វែងគ្នា ទៅលើការបកស្រាយច្បាប់នៃភាគីទាំងពីរក្នុងសាលាក្ដីខ្មែរក្រហមគឺជាកង្វល់យ៉ាងធំសម្រាប់ដំណើរការទៅមុខនៃសំណុំរឿង ០០៣ និងសំណុំរឿង ០០៤។ លោកស្រី គ្លែ ដាហ៊្វី អធិប្បាយថាវាជារឿងគួរឲ្យលើកទឹកចិត្តណាស់ដែលលោកចៅក្រមកាស្ពែ អង់ស៊េម៉េ បានធ្វើការសម្រេចចិត្តគួរឲ្យជឿជាក់សម្រាប់ធ្វើឲ្យមានតម្លាភាពក្នុងសំណុំរឿង០០៣ និង០០៤ នៅពេលដែលសាលាក្ដីទាំងមូលទទួលរងការប៉ះពាល់ដោយបញ្ហាជឿជាក់ និងតម្លាភាពនេះ។ ជាក់ស្ដែងបុគ្គលិកខ្មែររាប់រយនាក់នៅក្នុងសាលាក្តីខ្មែរក្រហមមិនបានទទួលប្រាក់ខែចាប់តាំងពីខែតុលាឆ្នាំមុនមកម្លេះ ដែលជាការឆ្លុះបញ្ចាំងពីការទាក់ទងនឹងការចំណាយរបស់ប្រទេសផ្តល់ជំនួយលើតុលាការយុត្តិធម៌អន្ដរជាតិ។
អ្នកឃ្លាំមើលដំណើរការសាលាក្ដីខ្មែរក្រហមដដែលមានប្រសាសន៍ថា គួរតែបញ្ចប់ជម្លោះនយោបាយនៅក្នុងសាលាក្ដីខ្មែរក្រហមនៅក្នុងពេលនេះ។
«ខ្ញុំសូមទទូចដល់រដ្ឋាភិបាល និងលោកចៅក្រម យូ ប៊ុនឡេង អនុញ្ញាតឲ្យលោកចៅក្រម កាស្ពែ អង់ស៊ែម៉េ បំពេញការងាររបស់ខ្លួនមិនត្រឹមតែសម្រាប់ប្រយោជន៍របស់តុលាការទេ ប៉ុន្ដែក៏ជាប្រយោន៍សម្រាប់ជនរងគ្រោះដោយអំពើឃោរឃៅរបស់ពួកខ្មែរក្រហមផងដែរ។ ពួកគេគួរតែជាអ្នកទទួលផលចំណេញពីអ្វីដែលតុលាការកំពុងធ្វើ។ ហើយសូមអំពាវនាវឲ្យបញ្ចប់ជម្លោះនយោបាយ ដែលគំរាមគំហែងដល់តុលាការទាំងមូល»។
សាលាក្ដីខ្មែរក្រហមកាលពីថ្ងៃទី៣ ខែកុម្ភៈនេះ ទើបតែបានផ្ដន្ទាទោស ឌុច អតីតប្រធានគុកទួលស្លែងឲ្យជាប់ពន្ធនាគារអស់មួយជីវិតចំពោះឧក្រិដ្ឋកម្មនៅក្នុងការសម្លាប់អ្នកទោសយ៉ាងតិច ១២.៣៨០ នាក់។ ហើយនេះគឺជាផ្នែកមួយនៃការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះកម្ពុជាជាង ១,៧ លាននាក់ដែលបានស្លាប់ក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហម។ មេដឹកនាំកំពូលខ្មែរក្រហមចំនួនបីនាក់ទៀត កំពុងតែស្ថិតនៅក្រោមការកាត់ទោសបន្ដទៀត។ ក៏ប៉ុន្ដែរដ្ឋាភិបាលខ្មែរមិនចង់ឲ្យមានការតាមចាប់ខ្លួនជនជាប់សង្ស័យចំនួនប្រាំនាក់បន្ថែមនៅក្នុងសំណុំរឿង០០៣ និង០០៤នោះទេ៕