យ៉ាងហោចណាស់មានកុមារីអាយុ១៤ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងការបង្រ្កាបក្នុងជម្លោះដីធ្លីយ៉ាងហិង្សាមួយនៅថ្ងៃពុធនេះ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ នេះបើយោងតាមមន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រុមមន្ដ្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស។
អំពើហិង្សាបានកើតឡើងនៅវេលាម៉ោង ៨ និង៣០នាទី ព្រឹកមិញនេះ ខណៈដែលក្រុមប្រដាប់អាវុធរបស់រដ្ឋាភិបាលបានចុះទៅបណ្ដេញប្រជាពលរដ្ឋនៅក្នុងភូមិប្រមា ឃុំកំពង់ដំរី ដើម្បីយកដីប្រគល់ឲ្យក្រុមហ៊ុនមួយដែលមានឈ្មោះថា ក្រុមហ៊ុនការស្ទីម ដើម្បីអភិវឌ្ឍដំណាំកៅស៊ូ។ ប្រជាពលរដ្ឋរងគ្រោះមានចំនួនប្រមាណពី៤០០ ទៅ ១.០០០គ្រួសារ។ នេះបើយោងតាមប្រភពផ្សេងៗគ្នា។ នៅមិនទាន់មានការបង្ហាញពីមូលហេតុពីប្រភពផ្លូវការស្ដីពីអំពើហិង្សានេះនៅឡើយ។
ក៏ប៉ុន្ដែបើយោងតាមប្រភពពីក្រុមមន្ដ្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានបញ្ជាក់ថា មានការប៉ះទង្គិចគ្នាបានចាប់ផ្តើមរវាងក្រុមសមត្ថកិច្ចដែលមានកម្លាំងទាហាន កងរាជអាវុធហត្ថ និងកងប៉ូលិសជាមួយនឹងប្រជាពលរដ្ឋ។ កុមារី ហេង ចន្ថា ត្រូវក្រុមសមត្ថកិច្ចបាញ់ត្រូវភ្លាមៗ ចំត្រង់ពោះ និងភ្លៅនៅក្នុងពេលនោះ។
លោក ស្រ៊ាង គឹមស្រ៊ីន អាយុ២៨ឆ្នាំ ត្រូវជាបងជីដូនមួយរបស់កុមារីរងគ្រោះ។
«ដល់ពេល ឮកាំភ្លើង ឮអញ្ចឹងទៅ ក៏នាំបងប្អូនទៅពួននៅផ្ទះខ្ទមនៅចម្ការហ្នឹង។ កាំភ្លើងហ្នឹង បាញ់ច្រើនគ្រាប់ ហើយត្រូវប្អូនខ្ញុំហ្នឹងពីរគ្រាប់។ បាញ់ហ្នឹង បាញ់ពីក្រោយផ្ទះទៅ។ គេឥតមានស្រែកគំរាមឲ្យចេញ ឲ្យអីទេ។ គេប្រាប់ថាបាញ់ពីក្រោយមកតែម្តង។ ពេលហ្នឹងប្រជាជនរត់ នាំគ្នារត់ទៅរៀងៗខ្លួន។ មានខ្លះរត់ទៅវត្តទៅអីទៅ ហើយគេឡើងទៅព័ទ្ធ នៅវត្តហ្នឹងទៀត។ យន្តហោះឆ្វែលមកទម្លាក់ត្រាច់ ទម្លាក់ច្រើនណាស់ក្រដាសបោះត្រាហ្នឹង»។
លោក ម៉ា សុង អាយុ៤២ឆ្នាំ អ្នកភូមិច្រកដំបងដែលស្ថិតនៅចម្ងាយប្រមាណជាប្រាំពីរគីឡូម៉ែត្រពីកន្លែងកើតហេតុ។ លោកមានប្រសាសន៍ថា អាជ្ញាធរខេត្តបានបាចត្រាក់រាប់ពាន់សន្លឹកពីលើយន្ដហោះ ដើម្បីឲ្យប្រជាពលរដ្ឋចាកចេញពីកន្លែងដែលពួកគេរស់នៅនោះ និងដើម្បីយកដីទៅអភិវឌ្ឍ។ ក្នុងត្រាក់នោះបានចោទប្រកាន់បុគ្គលចំនួនបីនាក់ថា ជាមេខ្លោងក្នុងការបំបះបំបោរប្រជាពលរដ្ឋឲ្យប្រឆាំងនឹងអាជ្ញាធរយកដីនេះទៅអភិវឌ្ឍន៍។ នៅមិនទាន់មានរបាយការណ៍ជាផ្លូវការពីក្រុមអាជ្ញាធរពីអ្នករងរបួសនៅឡើយទេ។
លោក ជួង សៀងហាក់ ស្នងការនគរបាលខេត្តក្រចេះមិនផ្តល់សេចក្ដីអត្ថាធិប្បាយណាមួយទេដោយលោកមានប្រសាសន៍ថា លោកកំពុងជាប់រវល់។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា អ្នកភូមិចំនួនប្រាំនាក់ត្រូវសង្ស័យថា ជាអ្នកបង្ក និងញុះញង់ក្រុមប្រជាពលរដ្ឋឲ្យបង្កើតតំបន់អប្បគមមួយប្រឆាំងនឹងអាជ្ញាធរមូលដ្ឋាន និងបានប្រព្រឹត្តិអំពើខុសច្បាប់មួយចំនួន ក្នុងនោះមានបុគ្គលម្នាក់ឈ្មោះ ប៊ុន រដ្ឋា ដែលអាជ្ញាធរចង្អុលថា ជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យរបស់លោក ម៉ម សុណង់ដូ នាយកវិទ្យុសំបុកឃ្មុំ។
«វាជាអំពើល្មើសដែលក្រុមអណាធិបតេយ្យបានធ្វើនៅកន្លែងហ្នឹង។ សមាគមរបស់គាត់មាន គឺសមាគមប្រជាធិបតេយ្យ ដែលមានលោកម៉ម សុណង់ដូ ជាប្រធាន។ ជាសាខារបស់គាត់នៅតាមស្រុក មានបួន ទៅប្រាំនាក់ ហើយមេខ្លោងដែលយើងរកចាប់ខ្លួននោះ»។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានទទួលស្គាល់ថាមានជនរងគ្រោះដល់ស្លាប់ក្នុងប្រតិបត្តិការខាងលើនោះ។
ទោះជាយ៉ាងណាលោក ចាន់ សាវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សអាដហុកបានលើកឡើងថា ក្រុមអាជ្ញាធរបានប្រើប្រាស់លេសថា ប្រជាពលរដ្ឋមាននិន្នាការបង្កើតតំបន់អប្បគមដើម្បីប្រើប្រាស់កម្លាំងប្រដាប់អាវុធធ្វើការបង្រ្កាប។ ប៉ុន្ដែលោកបញ្ជាក់ថា ក្រុមមន្ដ្រីស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សនឹងធ្វើការអង្កេតទៀតនៅឡើយ មុននឹងធ្វើសេចក្ដីសន្និដ្ឋានជាក់លាក់បន្ថែមទៀត។
កាលពីថ្ងៃទី២៦ ខែមេសា សកម្មជនការពារព្រៃឈើយ៉ាងក្លាហានម្នាក់ លោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់នៅតំបន់ដាច់ស្រយាលមួយនៅលើជួរភ្នំក្រវាញក្នុងខេត្តកោះកុង បន្ទាប់ពីលោកបានតាមឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ។ ហើយក្រុមអាជ្ញាធរបានលើកហេតុផលខុសៗគ្នាជាច្រើនពីបរិបទនៃការស្លាប់នេះ៕