ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កោះហៅ​ជន​ដៃ​ដល់​ក្នុង​ការបាញ់​ប្រហារ​ពលរដ្ឋ​ក្រី​ក្រ​ក្នុង​ទំនាស់​ដីធ្លី


តំបន់​ដី​សម្បទាន​​ចម្ការ​កៅស៊ូ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ កាល​ពី​ថ្ងៃ​ពុធ កង​សន្ដិសុខ​របស់​ក្រុមហ៊ុន​​​​ម្ចាស់​ដី​សម្បទាន​ដាំ​កៅស៊ូ​មួយ​ក្នុង​​ខេត្ត​ក្រចេះ បាន​ឈរ​បាញ់​រះ​លើ​ប្រជាពលរដ្ឋ​ដើម្បី​បង្រ្កាប​ពួក​គេ ​ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៤​ន
តំបន់​ដី​សម្បទាន​​ចម្ការ​កៅស៊ូ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ កាល​ពី​ថ្ងៃ​ពុធ កង​សន្ដិសុខ​របស់​ក្រុមហ៊ុន​​​​ម្ចាស់​ដី​សម្បទាន​ដាំ​កៅស៊ូ​មួយ​ក្នុង​​ខេត្ត​ក្រចេះ បាន​ឈរ​បាញ់​រះ​លើ​ប្រជាពលរដ្ឋ​ដើម្បី​បង្រ្កាប​ពួក​គេ ​ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៤​ន

មន្ត្រី​តុលាការ​ខេត្ត​ក្រចេះ​មួយ​រូប​ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ តុលាការ​បាន​ចេញ​បញ្ជា​ឲ្យ​ជន​សង្ស័យ​ចំនួន​ពីរ​រូប​ចូល​មក​បំភ្លឺ​នៅ​នៅ​ថ្ងៃ​ទី​៣០​ ខែ​មករា​ខាង​មុន​នេះ។

មន្ត្រី​តុលាការ​រូប​នោះ​បាន​និយាយ​ថា​ ជន​សង្ស័យ​ទាំង​ពីរ​រូប​ដែល​តុលាការ​សុំ​មិន​ទាន់​ឱ្យ​បញ្ចេញ​ឈ្មោះ ​សិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​ចេតនា​តាម​មាត្រា​ទី​២១៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ និង​ពី​បទ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ​តាម​មាត្រា​ទី​២០​ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ។

ជន​សង្ស័យ​ទាំង​ពីរ​រូប​ត្រូវ​បាន​មន្ត្រី​មាន​សមត្ថកិច្ច​អះអាង​ថា​ជា​សន្តិសុខ​ការពារ​ឲ្យ​ក្រុមហ៊ុន​ TTY ​របស់​លោក​ឧកញ៉ា ​ណា ​ម៉ារ៉ាឌី ​ដែល​កំពុង​រត់គេច​ខ្លួន​នៅ​ឡើយ​ក្រោយ​ពី​ការ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​កាល​ពី​សប្តាហ៍​មុន។

គួរ​បញ្ជាក់​ផង​ដែរ​ថា​កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​មករា ​កន្លង​ទៅ​នេះ ​កងកម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន​ TTY ​របស់​លោក​ឧកញ៉ា ​ណា ​ម៉ារ៉ាឌី ​បាន​ប្រើប្រាស់​កាំភ្លើង​អាកា​៤៧​ បាញ់​រះ​សំដៅ​ទៅ​ប្រជា​ពលរដ្ឋ ​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ឲ្យ​បញ្ឈប់​ការ​ឈូសឆាយ​ផល​ដំឡូង​មី​របស់​ពួក​គេ។

ក្រោយ​ពី​បាន​បាញ់​ប្រហារ​យ៉ាង​សាហាវ​ឃោរឃៅ ​យ៉ាង​តិច​មាន​ប្រជា​ពលរដ្ឋ​ចំនួន​បួន​នាក់​បាន​ទទួល​រងរបួស​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នោះ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ និង​មន្ត្រី​សិទ្ធិ​មនុស្ស។

រយៈពេល​មួយ​សប្តាហ៍ ​បន្ទាប់​ពី​មាន​ជម្លោះ​ដោយ​អំពើ​ហិង្សា​បាន​បញ្ចប់​អាជ្ញាធរ​ខេត្ត ​និង​លោក​ម៉ុក ម៉ារ៉េត ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ចុះ​ទៅ​វាស់វែង​ដី​ជូន​ប្រជា​ពលរដ្ឋ។

លោក ​ខាំ ភឿន​ អភិបាល​ខេត្ត​ក្រចេះ​បាន​និយាយ​ថា​គណៈកម្មការ​ចម្រុះ​មួយ​បាន​ចុះ​ទៅ​វាស់វែង​ដី​ជូន​ប្រជា​ពលរដ្ឋ​ហើយ។ ​ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ​តើ​នៅ​ក្នុង​មួយ​គ្រួសារ​ប្រជា​ពលរដ្ឋ​នឹង​ទទួល​បាន​ចំណែក​ដី​ប៉ុន្មាន​នោះ​ទេ។

«ស្ថានភាព​ជាក់​ស្តែង ​គឺ​អាស្រ័យ​ទៅ​បញ្ជី​គ្រួសារ​មួយ​ៗ​ទេ ​ដែល​កំណត់​ត្រូវ​បាន​ពីរ​ហិកតា ​បី​ហិកតា។ ​កំពុង​តែ​គិត​តាម​ប្លង់​ហ្នឹង​ហើយ ​សង់​ហើយ​នឹង​វាស់វែង។ ​សង់ផង​ វាស់​ខ្សែ​បណ្តើរ​ផង»។

បើ​តាម​ការ​អះអាង​របស់​ក្រុម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​គណៈកម្មការ​ចម្រុះ ​គ្រោង​នឹង​ផ្តល់​ដី​លំនៅដ្ឋាន​ជូន​ប្រជាជន ​ក្នុង​មួយ​គ្រួសារ​ទំហំ​២៥​ម៉ែតx ៣០​ម៉ែត។​ ចំណែក​ដី​ចម្ការ​ទទួល​បាន​ចាប់​ពី​មួយ​ហិកតា ​រហូត​ដល់​ប្រាំ​ហិកតា ​ហើយ​សំណង​សម្រាប់​ជន​រងគ្រោះ​ដែល​ទទួល​រងរបួស​ធ្ងន់​ ទទួល​បាន​ថវិកា​ចំនួន​ពីរ​លាន​រៀល ​គឺ​ស្មើនឹង​៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ និង​ជន​រងគ្រោះ​ដែល​រងរបួស​ស្រាល​ទទួល​បាន​មួយ​លាន​រៀល ​គឺ​ស្មើ​នឹង​២៥០​ដុល្លារ​សហរដ្ឋ​អាមេរិក។

អ្នកស្រី ​នេត្រ ​រតនា ​ជន​រងគ្រោះ​មួយ​រូប​ដែល​ត្រូវ​បាន​សន្តិសុខ​ក្រុមហ៊ុន​ TTY ​បាញ់​កាល​ពី​សប្តាហ៍​មុន​បាន​និយាយ​ថា​សំណង​ទាំង​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ទំហំ​ឈឺ​ចាប់​របស់​ប្រជា​ពលរដ្ឋ​ទេ។ ​អ្នកស្រី​បាន​និយាយ​ទៀត​ថា​អ្វី​ដែល​អ្នកស្រី​ចង់​បាន​គឺ​ត្រូវ​តែ​ចាប់​ខ្លួន​ជន​ដៃ​ដល់​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់។

«ឥត​គ្រប់គ្រាន់​ទេ​បង ​ព្រោះ​ជីវិត​យើង​វា​មិន​ថ្លៃ។ ​ទឹក​ដោះម្តាយ​យើង​ថ្លៃ​ណាស់ ​ថ្លៃ​ជាង​លុយ​ដែល​គេ​ឲ្យ​យើង​ទៀត។​ ខ្ញុំ​ថា​ឲ្យ​ដោះស្រាយ​ ហើយ​ឲ្យ​ចាប់​អ្នក​ដែល​បាញ់​ប្រជាជន​ហ្នឹង​ យក​មក​ដាក់​ទោស​ឲ្យ​បាន»។

លោក ​អំ ​សំអាត​ មន្ត្រី​ផ្នែក​ស៊ើបអង្កេត​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​បាន​និយាយ​ថា​អាជ្ញាធរ​មិន​ហ៊ាន​ចាប់​ខ្លួន​ជន​សង្ស័យ​ទៅ​ផ្តន្ទាទោស​នោះ​ទេ​ ទំនង​ជា​ខ្លាច​ឥទ្ធិពល​របស់​ក្រុមហ៊ុន។

«អីញ្ចឹង​ខ្ញុំ​គិត​ថា​នេះ ​គឺ​ដោយ​សារ​តែ​ឥទ្ធិពល​របស់​ក្រុមហ៊ុន​ហ្នឹង។​ គាត់​ប្រហែល​ជា​ឥទ្ធិពល​ធំ​បាន​ជា​ធ្វើ​ឲ្យ​អាជ្ញាធរ​ទាំង​អស់​ហ្នឹង​រារែក​នៅ​ក្នុង​ការ​ចាប់​អ្នក​ប្រព្រឹត្ត​នៃ​ការ​បាញ់​បោះ​ហ្នឹង»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​លោក​ឧត្តមសេនីយ៍ត្រី​ជួង ​ស៊ាងហាក់ ​ស្នងការ​ប៉ូលិស​ខេត្ត​ក្រចេះ​បាន​និយាយ​ថា​សមត្ថកិច្ច​នៅ​តែ​បន្ត​ការ​ស្រាវជ្រាវ​របស់​ខ្លួន​នៅ​ឡើយ។​ លោក​បាន​បញ្ជាក់​ថា​លោក​បាន​បញ្ជូន​សំណុំរឿង​នៃ​ការ​ស៊ើបអង្កេត​នេះ​ទៅ​កាន់​តុលាការ​រួច​ហើយ។

«យើង​គិត​ថា​អ្វី​ដែល​យើង​បាន​ធ្វើ​ជំហាន​ដំបូង​ហ្នឹង​ យើង​បាន​រក​ឃើញ​ពីរ​រូប​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន»។

ក្រុមហ៊ុន​ TTY ​របស់​លោក​ឧកញ៉ា​ ណា​ ម៉ារ៉ាឌី ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពីរ​ដ្ឋាភិបាល​កាល​ពី​អំឡុង​ឆ្នាំ​២០០៩​ នៅ​លើ​ទំហំ​ផ្ទៃដី​ប្រមាណ​ជិត​១០.០០០​ហិកតា​ សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ដាំ​ដើម​កៅស៊ូ។​ ក៏ប៉ុន្តែ​ការ​ធ្វើ​សម្បទាន​របស់​រដ្ឋាភិបាល​នេះ​ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​និយាយ​ថា​បាន​ប៉ះពាល់​ដី​បង្កបង្កើន​ផល​របស់​ប្រជាពលរដ្ឋ​ជា​លក្ខណៈ​គ្រួសារ​ប្រមាណ​ជាង​៥០០​គ្រួសារ។

លោក ​អំ ​សំអាត ​បាន​និយាយ​ថា​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ TTY ​នេះ​ គឺ​ជា​អតីត​ដែន​ជម្រក​សត្វព្រៃ​ស្នួល ​ខេត្ត​ក្រចេះ។​ លោក​បាន​បញ្ជាក់​ថា​មាន​ដែន​ជម្រក​សត្វព្រៃ​ជា​ច្រើន​ផ្សេង​ទៀត​ ដូចជា​ដែន​ជម្រក​សត្វព្រៃ​ឱរ៉ាល់​ តំបន់​ឧទ្យាន​ជាតិ​វីរជ័យ ​តំបន់​ឧទ្យាន​បុទុមសាគរ​ និង​តំបន់​ឧទ្យាន​ជាតិ​រាម ​ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន៕

XS
SM
MD
LG