ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សី​បំភ្លឺ​ពី​ការ​ប្រមូល​កម្លាំង​របស់​ខ្មែរ​ក្រហម​នៅ​តំបន់​ជនជាតិ​ភាគតិច


Security personnel and residents gather at the site of a car bomb attack in Kadhimiya, Iraq, Feb. 8, 2013.
Security personnel and residents gather at the site of a car bomb attack in Kadhimiya, Iraq, Feb. 8, 2013.

អតីត​អនុគណៈ​ស្រុក​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​ បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​បាន​យក​តំបន់​ជនជាតិ​ភាគតិច​ធ្វើ​ជា​ទីតាំង​តស៊ូ​ប្រដាប់​អាវុធ​ដោយសារ​តែ​ជន​ជាតិ​ភាគតិច​មាន​ការ​យល់ដឹង​តិចតួច។

លោក ​ក្លាន ហ៊្វីត ជា​អតីត​អនុគណៈស្រុក​នៃ​ស្រុក​អណ្ដូងមាស ​ខេត្ត​រនគីរី​ និង​ជា​ជនជាតិ​ដើម​ក្រចក់។ គាត់​គឺ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​នៅ​ក្នុង​សំណុំរឿង​ ០០២។ លោក ​ក្លាន​ ហ៊្វីត​ បាន​និយាយ​នៅ​ក្នុង​ការ​កាត់ទោស​ នួន ជា ខៀវ សំផន និង អៀង សារី ​នៅ​រសៀល​នេះ​ថា ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំង​បី​បាន​ដឹង​ពី​ភាព​ល្ងង់ខ្លៅ​របស់​ជនជាតិ​ភាគតិច​ដែល​ជា​អំណោយផល​សម្រាប់​ការបង្កើត​មូលដ្ឋាន​តស៊ូ​នៅ​ទីនោះ។

«ដោយសារ​គេ​ក្ដាប់ (ដឹង) ខាង​នោះ វា​ល្ងង់ល្ងិត ​អត់ដឹង​ថា ​ខ្មាំង​អត់ដឹង​ថា ​បដិវត្តន៍»។

លោក ​ក្លាន ​ហ្វ៊ីត ​បាន​សារភាព​ថា ​គាត់​ខ្លួន​ឯង​មិន​ចេះ​អក្សរ​ខ្មែរ​ទេ ​ភាសា​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​គាត់​គឺ​ជា​ភាសា​ជនជាតិ​ក្រចក់។ លោក​បញ្ជាក់​ថា​ ពួក​ខ្មែរក្រហម​បាន​មក​អូស​ទាញ​រូប​គាត់​ឲ្យ​ចូល​ក្នុង​ចលនាបដិវត្តន៍​កុម្មុយនីស្ដ​ដោយ​បញ្ចុះ​បញ្ចូល​គាត់​ឲ្យ​ចូល​តស៊ូ​ប្ដូរ​របប​មួយ​ វាយ​រំលំ​ការ​ជិះជាន់ ​និង​ការ​កេងប្រវ័ញ្ច។ ក៏​ប៉ុន្ដែ​គាត់​មិន​បាន​យល់​ថា​ អ្វី​ទៅ​ជា​បដិវត្តន៍​នោះ​ទេ។

«គេថា បើ​យើង​ធ្វើ​បដិវត្តន៍។ យើង​ឥត​មាន​ជីវិត​រស់​ទេ។ យើង​ធ្វើ​បដិវត្តន៍​ហ្នឹង​គឺ​ដើម្បី​រំដោះ​ជាតិ​ខ្លួន​ឯង។ មិន​ឲ្យ​ខ្មាំង​ជិះជាន់។ ពួក​សក្ដិភូមិ​កាន់កាប់​រដ្ឋអំណាច​ សង្កត់សង្កិន។ ខ្ញុំ​មិន​ដឹង​ថា​បក្ស​ហ្នឹង​វា​យ៉ាងម៉េច​ មិន​ដឹង​ថ្ម ​មិន​ដឹង​ទឹក មិន​ដឹង​ឈើ។ ធ្វើ​បដិវត្តន៍​កុម្មុយនីស្ដ​ដោយសារ​នោះ​ហើយ​ធ្វើ​ឲ្យ​មនុស្ស​ងាប់​ច្រើន។ សុទ្ធ​តែ​គណៈភូមិភាគ​ គេ​វាយ​ចោល​ដែរ​ មិន​ដឹង​រឿង​អី»។

លោក ​ក្លាន​ ហ៊្វីត ​បាន​ក្លាយ​ទៅ​ជា​ប្រធាន​ភូមិ​ខ្មែរក្រហម​ នៅ​ក្នុង​សម័យ​តស៊ូ ​និង​ទៅ​ជា​អនុគណៈ​ស្រុក​នៅ​ឆ្នាំ​១៩៧៦​ គឺ​ក្រោយពេល​ដែល​ពួកខ្មែរក្រហម​ឡើង​កាន់​អំណាច។ គាត់​បាន​រៀបរាប់​ថា​ អៀង ​សារី ​បាន​ណែនាំ​រូប​គាត់​កុំ​ឲ្យ​ប្រើ​ពាក្យ​យួន ​នៅ​ក្នុង​ការ​ហៅ​ប្រទេស​វៀតណាម​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​មិត្តភាព ​ហើយ​ត្រូវ​ចាត់ទុក​ថា វៀតណាម​ និង​ឡាវ​ គឺ​ជា​ប្រទេស​បង​ប្អូន។

ក៏ប៉ុន្ដែ​ក្រោយ​មក ​នៅ​ពេល​ដែល​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច ​រូប​គាត់​ត្រូវ​ខ្មែរក្រហម​ចាប់​ខ្លួន​ដាក់​គុក ​នៅ​ឆ្នាំ​១៩៧៨ ​ដោយ​ចោទ​ប្រកាន់​ថា ​គឺ​ជា​អ្នក​គាំទ្រ​វៀតណាម។ ជាមួយ​គ្នា​នោះ ​លោក​បាន​ទទួល​វគ្គបណ្ដុះ​បណ្ដាល​ ផ្នែក​ទ្រឹស្តី​នយោបាយ​ពី​ នួន ​ជា ​ចំនួន​ពីរ​ដង។ លោក ​ក្លាន ​ហ្វ៊ីត ​បន្ថែម​ថា​ តាម​ពិត​ពួក​ខ្មែរក្រហម​ បាន​ចាប់​ផ្ដើម​បំបិត​សេរីភាព​ជំនឿ​របស់​ប្រជាពលរដ្ឋ​ជន​ជាតិ​ភាគតិច​ នៅ​មុន​ពេល​ពួក​គេ​ឡើង​កាន់​អំណាច ​ហើយ​បាន​បង្កើត​ឲ្យ​មាន​សហករណ៍​នៅ​ឆ្នាំ​១៩៧៦​ និង​បន្ទាប់​មក​ជម្លៀស​ជន​ជាតិ​ភាគតិច​ចេញ​ ពីភូមិ​កំណើត​របស់​គេ។

លោក​ ក្លាន​ ហ៊្វីត ​បាន​បញ្ជាក់​ថា ​នួន ​ជា ​អៀង ​សារី​ ប៉ុល ​ពត ​គឺ​ជា​មេដឹកនាំ​ដំបូង​ក្នុង​តំបន់​១០១​នៅ​ក្នុង​ខេត្ត​រតនគិរី។

សូម​បញ្ជាក់​ថា ​ការ​កាត់ក្ដី​ក្នុង​សំណុំរឿង ​០០២​ នៅ​ថ្ងៃ​នេះ​ នួន​ ជា ​ត្រូវ​តុលាការ​អនុញ្ញាត​ឲ្យ​ដក​ខ្លួន ​ពីបន្ទប់​សវនាការ​ នៅ​ពេល​រសៀល​ បន្ទាប់​ពី​គាត់​បាន​ត្អូញត្អែរ​ពី​សម្ពាធឈាម ​និង​បញ្ហា​បេះដូង។ មុន​នឹង​ការ​ចាកចេញ​ពី​បន្ទាប់​សវនាការ ​នួន​ ជា ​បាន​អះអាង​ឡើង​វិញ​ថា ​ការ​ធ្វើ​បដិវត្ត​របស់​ក្រុម​ខ្មែរក្រហម​គឺ​ដើម្បី​បោសសម្អាត​ «កម្អែល អាណានិគម​បារាំង​ និង​កម្ចាត់​ឈ្មួញ​នាយទុន​សក្ដិភូមិ»។

នួន ​ជា ​បញ្ជាក់​ពី​នយោបាយ​ស្អាតស្អំ​ថា ​គោលការណ៍​របស់​ខ្មែរក្រហម​គឺ «មិនមែន​យក​មនុស្ស​ជា​សត្រូវ​នោះ​ទេ​គឺ​ការ​ប្រព្រឹត្តិ​របស់​គេ​ត្រូវ​ចាត់​ទុក​ជា​សត្រូវ»៕

XS
SM
MD
LG