ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនរងគ្រោះ​ពី​អំពើ​ហិង្សា​ផ្លូវភេទ​ក្នុង​របប​ខ្មែរ​ក្រហម​ចង់​មាន​សំឡេង​នៅ​តុលាការ


រូបភាព​នេះ ជា​រូប​របស់ តាំង គីម ដែល​ដកស្រង់​ចេញ​ពី​​​​ភាពយន្ត​​មួយ​​មាន​​ចំណង​​ជើង​​ថា​​ «វាលស្រែ​​សម័យ​​ខ្មែរ​​ក្រហម​​» ជា​​រឿងរ៉ាវ​​របស់​​​ជន​រងគ្រោះ​​នៃ​​ការ​​រំលោភ​​ផ្លូវ​ភេទ​​​​ ផលិត​ដោយ លោក ​ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌល​ឯកសារកម្ពុជា។ នេះ​ជា​រូបភា
រូបភាព​នេះ ជា​រូប​របស់ តាំង គីម ដែល​ដកស្រង់​ចេញ​ពី​​​​ភាពយន្ត​​មួយ​​មាន​​ចំណង​​ជើង​​ថា​​ «វាលស្រែ​​សម័យ​​ខ្មែរ​​ក្រហម​​» ជា​​រឿងរ៉ាវ​​របស់​​​ជន​រងគ្រោះ​​នៃ​​ការ​​រំលោភ​​ផ្លូវ​ភេទ​​​​ ផលិត​ដោយ លោក ​ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌល​ឯកសារកម្ពុជា។ នេះ​ជា​រូបភា

ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិកម្ពុជា​ បាន​រៀបចំ​កម្មវិធី​មួយ​ស្តីពី​ការ​ស្តាប់​សំឡេង​ការ​ពិត​របស់​ស្រ្តី​នៅ​ក្នុង​របប​ខ្មែរក្រហម ​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ ​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដោយសារ​ការ​រំលោភ​ផ្លូវ​ភេទ ​នៅ​ក្នុង​របប​ខ្មែរក្រហម ​បាន​សម្តែង​ការ​ឈឺចាប់​របស់​ខ្លួន​ ជា​សាធារណៈ។ កម្មវិធី​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​នឹង​សាលាក្តី​ខ្មែរក្រហម​កំពុង​ដំណើរការ​កាត់​ទោស​ពេញ​អង្គសេចក្តី​លើ​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​ចំនួន​បួន​រូប ​ចំពោះ​សំណុំរឿង​០០២ ​ដែល​រួម​មាន​មេ​មនោគម​វិជ្ជា ​និង​ជា​អតីត​ប្រធាន​រដ្ឋសភា​គឺ​នួន ​ជា អតីត​ប្រមុខរដ្ឋ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខៀវ ​សំផន​ អតីត​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស ​អៀង ​សារី ចំណែក​ឯក​អៀង ​ធីរិទ្ធិ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ​ត្រូវ​បាន​សាលាក្តី​សម្រេច​ថា​មិន​មាន​កាយសម្បទាគ្រប់គ្រាន់​ដើម្បី​ធ្វើការ​សាកសួរ​ទេ។

មេដឹកនាំ​ខ្មែរក្រហម​កំពូល​ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

សាលាក្តី​ប្រល័យ​ពូជសាសន៍​សម្រាប់​កាត់​ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​មិន​បាន​ដាក់​បញ្ចូល​កម្មវិធី​សម្រាប់​ជនរងគ្រោះ​ដោយសារ​ការ​រំលោភ​ផ្លូវភេទ​ក្នុង​របប​ខ្មែរក្រហម​ក្នុង​សវនាការ​សំណុំរឿង​០០២​ទេ។

លោក ដួង សាវន​ អ្នក​សម្រប​សម្រួល​កម្មវិធី​គម្រោង​ហិង្សា​ផ្លូវភេទ​ក្រោម​របប​ខ្មែរក្រហម​ របស់​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិកម្ពុជា​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​ការ​រំលោភ​សេពសន្ថវៈ​ក្រៅ​អាពាហ៍​ពិពាហ៍ ​តុលាការ​មិន​បាន​យក​មក​ដេញ​ដោល​ទេ ​គឺ​មាន​តែ​ករណី​មួយ​ប៉ុណ្ណោះ​គឺ​របស់​កាំង ​ហ្គេចអ៊ាវ​ ហៅ​ឌុច។ លោក​បាន​មាន​ប្រសាសន៍​ថា ​ការ​រៀបចំ​វេទិកា​នេះ​គឺ​ដើម្បី​ផ្តល់​ឱកាស​ដល់​ជន​រងគ្រោះ​ ដែល​ត្រូវ​បាន​គេ​រំលោភ​ផ្លូវភេទ​ ឬ​ក៏​ជួប​ហេតុការណ៍​ផ្ទាល់​បាន​និយាយ​រឿងរ៉ាវ​របស់​ខ្លួន​ចេញ​មក​ក្រៅ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ដល់​សាធរណៈ​ជន។

«សូម​អំពាវនាវ​ដល់​ជន​រងគ្រោះ​ដ៏ទៃ​ទៀត ​មាន​សេចក្តី​ក្លាយហាន​ ហើយ​ចែក​រំលែក​នូវ​ព័ត៌មាន​នេះ​ឡើង។ បើ​តាម​បទពិសោធន៍​ដែល​គាត់​និយាយ​ចេញ​មក​នេះ ហើយ​ការ​និយាយ​ចេញ​មក​នេះ​គឺ​ធ្វើ​ឲ្យ​អារម្មណ៍​គាត់​ធូរស្រាល ធូរស្បើយ​ជាង​ការ​លាក់បាំង​អាថកំបាំង​នេះ​នៅ​ជាមួយ»។

លោក ​អ៊ឹម ​សុភា ​ប្រធាន​កម្មវិធី​ផ្សព្វផ្សាយ​នៃ​អង្គភាព​ការពារ​ជន​រងគ្រោះ​របស់​សាលាក្តី​ខ្មែរក្រហម​បាន​និយាយ​ថា រាល់​ការ​ផ្តល់​សក្ខីកម្ម​ទាំងឡាយ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ចៅក្រម​តែ​ប៉ុណ្ណោះ​នៅ​ការ​កំណត់​ថា​តើ​សាក្សី​រូប​ណា​នឹង​ត្រូវ​យក​ទៅ​បំភ្លឺ​ចំពោះ​បទឧក្រិដ្ឋ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នោះ។

«ការ​បង្ខំ​ឲ្យ​រៀបការ​គឺ​ជា​បទ​ល្មើស​មួយ​នៅ​ក្នុង​បទ​ល្មើស​ផ្សេងៗ ដែល​ត្រូវ​បាន​ចោទ​នៅ​ក្នុង​ហ្នឹង។ អញ្ចឹង​ខ្ញុំ​មិន​អាច​បញ្ជាក់​បាន​ ថា​តើ​តុលាការ​ហ្នឹង​តម្រូវ​ឲ្យ​ជន​រងគ្រោះ​ហ្នឹង ​រូប​ណា​ខ្លះ​ដែល​ត្រូវ​ទៅ​បំភ្លឺ​នៅ​ក្នុង​នីតិ​វិធី​តុលាការ​ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​នោះ»។

មាន​ជនរងគ្រោះ​អំពើ​ហិង្សា​ផ្លូវភេទ​ប្រមាណ​ជាង​៦០០​នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាក្តី​ខ្មែរក្រហម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ អ៊ឹម​ សុភា។

អ្នកស្រី ​ព្រាប​ ភីន​ អាយុ​៤៥ ​មក​ពី​ខេត្ត​ព្រៃវែង ​បាន​មាន​ប្រសាសន៍​ថា​ អ្នកស្រី​មាន​បងស្រី​បង្កើត​ឈ្មោះ​សាដេត​ ត្រូវ​បាន​ពួក​ខ្មែរក្រហម​ចាប់​រំលោភ​ រួច​ហើយ​បង្ខំ​ឲ្យ​អ្នកស្រី​ឈរ​មើល​ព្រឹត្តិការណ៍​ទាំង​នោះ។ អ្នកស្រី​បាន​បញ្ជាក់​ថា ​អ្នកស្រី​មិន​អាច​បំភ្លេច​រឿងរ៉ាវ​ដ៏​ជូរចត់​ ក្នុង​របប​ខ្មែរក្រហម​បាន​ទេ​ ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​ក្រុម​គ្រួសារ​របស់​អ្នកស្រី។

«ខ្ញុំ​មាន​តែ​រូប​រាងកាយ ​តែ​ចិត្ត​ខ្ញុំ​ឥត​មាន​នៅ​នឹង​ខ្លួន​ទេ។ ខ្ញុំ​តក់​ស្លុត​ទាំង​អស់។ បើ​សិន​នឹង​នឹក​ឃើញ​រឿង​ហ្នឹង​ ខ្ញុំ​ខឹង​ណាស់។ បើ​សិន​ជា​អាច​ថា ​យើង​សងសឹក​ផ្ទាល់​ដៃ​បាន​ វា​មិន​ងាយ​ចប់​ទេ​ សាច់​រឿង​យើង​ហ្នឹង»។

លោក ​គង់​ វណ្ណ ​ហៅ​ចៅគិត​ អាយុ​៥៤​ឆ្នាំ ​មក​ពី​ស្រុក​ស៊ីធរកណ្តាល ​ខេត្ត​ព្រៃវែង​ បាន​និយាយ​ថា​ បងស្រី​របស់​លោក​ឈ្មោះ​គង់ ​សំអន ​អាយុ​២៤​ឆ្នាំ ​ត្រូវ​បាន​ពួក​ខ្មែរក្រហម​បួន​នាក់​ចាប់​រំលោភ​ រួច​ហើយ​សម្លាប់​ចោល។ ​លោក​បាន​បញ្ជាក់​ថា ​ពួក​មេដឹកនាំ​ខ្មែរក្រហម​សម​នឹង​ទទួលទោស​អស់​មួយ​ជីវិត។

«ខ្ញុំ​ចង់​ឲ្យ​ទទួល​ខុស​ត្រូវ​ ថា​ខ្លួន​បាន​ធ្វើ​ហើយ។ តើ​ហេតុ​អី​បាន​ជា​មិន​ទទួល​ខុស​ត្រូ? បាទ! ខ្ញុំ​ចង់​ដាក់​ទោស​ទណ្ឌ​ហ្នឹង ​មិន​ធម្មតា។ ខ្ញុំ​ថា​ឥឡូវ​ទោសទណ្ឌ​នៅ​ក្នុង​ច្បាប់​យើង​មិន​ដល់​ប្រហារ​ជីវិត​ ក៏​ដាក់​ទោស​អស់​មួយ​ជីវិត​ដែរ! បាទ! ព្រោះ​ជីវិត​ជនរងគ្រោះ​ច្រើន​ណាស់​មិនមែន​តែ​ក្រុម​គ្រួសារ​ខ្ញុំ ​ម្នាក់។ ខ្ញុំ​ ក្រុម​គ្រួសារខ្ញុំ​ មាន​គ្នា​រហូត​ដល់​១១​នាក់​ អស់​រលីង​នៅ​សល់​តែ​បួន​នាក់​ទេ»។

យោង​តាម​សៀវភៅ «អំពើ​ហិង្សា​ខាង​ផ្លូវ​ភេទ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ» បាន​ឲ្យ​ដឹង​ថា គោលនយោបាយ​ផ្លូវភេទ​របស់​ពួក​ខ្មែរក្រហម​រួមមាន​ពេស្យាកម្ម​ដោយ​បង្ខំ ​ការ​បង្ខំ​អាក្រាត​កាយ​ ការ​ចាប់រំលោភ​ ការ​មាន​ផ្ទៃពោះ​ដោយ​បង្ខំ ​ការ​កាត់​អវយវៈ​ផ្លូវភេទ​ និង​អំពើ​ហិង្សា​ផ្លូវភេទ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ជា​ដើម៕

XS
SM
MD
LG