ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​និង​សហសេវិក​របស់​លោក ឈុត វុទ្ធី​ទាមទារ​យុត្តិធម៌​ចំពោះ​ការ​បាញ់​សម្លាប់​រូប​លោក​


Indonesians hold posters during a protest calling for an end to the violence used against the supporters of ousted President Mohamed Morsi in Egypt, in Jakarta, Indonesia, Aug 16, 2013.
Indonesians hold posters during a protest calling for an end to the violence used against the supporters of ousted President Mohamed Morsi in Egypt, in Jakarta, Indonesia, Aug 16, 2013.

សមាជិក​គ្រួសារ​និង​សហសេវិក​របស់​លោក​ ឈុត វុទ្ធី ​បានសម្តែង​ការ​សោកស្តាយ​និង​ទាមទារ​យុត្តិធម៌​ចំពោះ​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ​កម្ពុជា​ដ៏​ល្បី​ឈ្មោះ​រូប​នោះ​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​នៃ​ខេត្ត​កោះ​កុង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

និយាយ​បណ្តើរយំ​ខ្សឹកខ្សួល​បណ្តើរ៖ «គាត់​ជាមនុស្ស​ល្អ​សម្រាប់​ខ្ញុំ។ គាត់​អាច​ផ្តល់​សេចក្តី​សុខ​ដល់​ខ្ញុំ​ជា​កូន។ ឲ្យ​តែ​ខ្ញុំ​ចង់​បាន​អី​ គាត់​បំពេញ​តាម​បំណង​ខ្ញុំ​ជានិច្ច ប៉ុន្តែ​ឥឡូវ​គាត់​ស្លាប់​ចោល​ខ្ញុំ​បាត់​ទៅ​ហើយ»។​

ឆឺយ​ ឧត្តម​រស្មី​គឺ​ជា​កូន​ប្រុស​របស់​លោក​ឈុត វុទ្ធី ​ដែល​ជា​អ្នក​ការពារ​ព្រៃឈើ​ដ៏​អង់អាច​ម្នាក់​ដែលត្រូវ​បាន​កងកម្លាំង​ប្រដាប់​អាវុធ​បាញ់​សម្លាប់​នៅក្នុង​ព្រៃ​នៃ​ខេត្ត​កោះ​កុង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

«ខ្ញុំ​ចង់​សំណូម​ពរ​ឲ្យ​អន្តរជាតិ​និង​ជាតិ​យើង​ជួយ​រក​យុត្តិធម៌​ជូន​ឪពុក​ខ្ញុំ​ដែល​គាត់​ស្រឡាញ់​ស្នេហា​ជាតិ។ ​ទោះ​បី​អ្នក​ណា​ក៏​គេ​ដឹង​ដែរ​ ល្បី​ប្រទេស​កម្ពុជា។​ សូម​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់ ​រក​ឃាតករ​ពិត​ឲ្យ​ឃើញ»។​

កាល​នៅ​រស់ លោក​ឈុត វុទ្ធី​គឺ​ជា​អ្នក​រិះគន់​និង​ធ្វើ​សកម្ម​ភាពយ៉ាង​សកម្ម​ប្រឆាំង​នឹង​ការកាប់​ព្រៃឈើ​ខុស​ច្បាប់​ហើយ​និង​អំពើ​ពុករលួយ​របស់​មន្ត្រីរដ្ឋាភិបាល​ កង​កម្លាំង​ប្រដាប់​អាវុធ​និង​ក្រុមហ៊ុន​ឯកជន​ធំៗ​មួយ​ចំនួន​ដែល​គេ​សង្ស័យ​ថា​ ជាប់ពាក់​ព័ន្ធ​នឹង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។​

ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ លោក ឈុត វុទ្ធី​ជារឿយៗ​ តែង​ជួយ​នាំ​ផ្លូវ​អ្នកកាសែត​ឲ្យ​ទៅ​យក​ព័ត៌មាន​អំពី​សកម្មភាព​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់ និង​តាម​ជួរ​ភ្នំក្រវាញ​ជាដើម។​

លោក​ត្រូវ​គេ​បាញ់​ស្លាប់​ ខណៈ​ពេល​ដែល​លោក​និង​អ្នក​កាសែត​ឌឺខែមបូឌៀ ដេលី​ពីរ​នាក់​ទៀត​កំពុង​ធ្វើ​ដំណើរ​ចេញ​មក​វិញ​ពី​តំបន់​ព្រៃ​ការពារ​ជួរភ្នំក្រវាញ​ភាគកណ្តាល​ដែល​គេ​សង្ស័យ​ថា​ មាន​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​ទីនោះ​ដោយ​មាន​ការ​យាមកាម​យ៉ាង​តឹង​រឹង​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ផង។​

លោក​ឈឹម សាវុធ ​គឺ​ជា​មន្ត្រី​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​ដែល​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ​ឈុត វុទ្ធី។​

«ខ្ញុំ​សន្និដ្ឋាន​ថា ​ការ​បាញ់​លោក​វុទ្ធី​នេះ​គឺជា​ករណី​មួយ​ដើម្បី​បំបិទ​មាត់​គាត់​គឺ​ឈ្មួញ​ឬ​ក៏​អ្នក​មាន​អំណាច​ណា​មួយ​ដែល​កំពុង​តែ​រក​ស៊ី​នៅ​តំបន់​ភ្នំ​ក្រវាញ​ភាគ​កណ្តាល​ហ្នឹង​ហើយ​ ព្រោះ​កន្លង​មក​ លោក​ឈុត វុទ្ធី​ធ្លាប់​គេ​ចាប់​នៅ​ថ្ម​បាំង​ហ្នឹង​ម្តង»។​

លោក​ឈុត វុទ្ធី​ត្រូវ​បាន​គេ​គំរាមកំហែង​ដល់​អាយុជីវិត​ជា​ច្រើន​លើក​ច្រើន​សារ​កន្លង​មក​ហើយ​ចំពោះ​សកម្មភាព​របស់​លោក​ក្នុងការ​ការពារ​ព្រៃឈើ​និង​ប្រឆាំង​នឹង​ឈ្មួញ​កាប់​ឈើ​ខុសច្បាប់​ ប៉ុន្តែ​លោក​បាន​ប្តេជ្ញា​មិន​ចុះ​ញម​ចំពោះ​ការ​គំរាម​កំហែង​ទាំង​នោះ​ឡើយ។​

លោក ​Marcus Hardtke ​គឺ​ជា​អ្នក​សម្របសម្រួល​កម្មវិធី​ស្តី​ពី​ព្រៃឈើ​និង​ជីវចម្រុះ​នៃ​អង្គការ ​ARA ​របស់​ប្រទេស​អាឡឺម៉ង់​ដែល​គាំទ្រ​សកម្មភាព​ការងារ​របស់​លោក​ឈុត វុទ្ធី។​

«វា​នឹង​ក្លាយ​ជា​មហន្តរាយ​ដ៏​ធំ​បំផុត​ ប្រសិន​បើ​ការ​ស្លាប់​របស់​គាត់​បណ្តាល​ឲ្យ​អ្នក​ដទៃ​ទៀត​មិន​ក្រោក​ឈរ​ឡើង ​និង​មិន​និយាយ​ចេញ​នូវ​អ្វី​ដែល​ពួកគេ​ចង់​និយាយ​នោះ។​ នោះ​នឹង​ផ្ទុយ​ពី​អ្វី​ដែល​គាត់​ចង់​បាន​មិន​ខាន។ ​ប្រជាជន​គួរ​តែ​យក​គាត់​ធ្វើ​ជា​គម្រូ ​ហើយ​យើង​ត្រូវ​ការ​ឈុត វុទ្ធី ​ពីរ​បី​ពាន់​នាក់​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ»។​

ថ្វី​ត្បិត​តែ​លោក​ឈុត វុទ្ធី​នឹង​លែង​មាន​វត្តមាន​នៅក្នុង​បន្ទប់​របស់​លោក​នេះ​ទៀត​ហើយ​ក៏ដោយ​ ក៏​លោក​បាន​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​មនុស្ស​ជាច្រើន​រួច​ទៅ​ហើយ។ ​អ្នក​ខ្លះ​ថែម​ទាំង​បាន​ចាត់​ទុកលោក​ថា ​ជា​វីរជន​ខ្មែរ​ទៀត​ផង៕​

XS
SM
MD
LG