ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៣ ប្រជាពលរដ្ឋនៅតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោន បានប្រារព្ធពិធីបុណ្យផ្កែមួយឈ្មោះ បុណ្យសាមគ្គីសង្គ្រោះជាតិ នៅវត្តខ្មែរមួយនៅរដ្ឋVirginia សហរដ្ឋអាមេរិក ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុដល់គណបក្សសង្គ្រោះជាតិក្នុងដំណើរការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។
ក្នុងចំណោមអ្នកចូលរូមតិចជាង១០០នាក់ លោក ឃូ គិមទុយ អ្នកចូលនិវត្តន៍រស់នៅរដ្ឋម៉ារីលែនដ៍ និយាយជាមួយវីអូអេ ថា លោករីករាយ និងគាំទ្រទាំងជាស្មារតី និងហិរញ្ញវត្ថុ។
«មកដើម្បីចូលរួម ដើម្បីប្រមូលធនធានជួយគណបក្សសង្គ្រោះជាតិដើម្បីរៀបចំស្រុកឡើងវិញ។ ហើយគេមានកម្មវិធីគេល្អណាស់។ គណបក្សថ្មីនោះណា៎ គឺថាគួរឲ្យជឿបាន»។
លោក ព្រហ្ម សៅរ៍នរ៉ា នាយកគណៈកម្មការនៃមូលនិធិសង្គ្រោះជាតិខ្មែរ និងអ្នករៀបចំពិធីបុណ្យផ្កានេះ បានអំពាវនាវឲ្យមហាជនទូទៅជួយជាវិភាគទានប្រហែល១ដុល្លារក្នុងមួយថ្ងៃរហូតដល់ការបោះឆ្នោតនៅប៉ុន្មានខែខាងមុខទៀតនេះ។
«ហើយការផ្សាយបុណ្យនេះគឺថា ដូចអស់លោកជ្រាប់ស្រាប់ហើយថា ប្រសិនបើយើងធ្វើបុណ្យតាមព្រះពុទ្ធសាសនា គឺបានបុណ្យខ្លាំងណាស់។ ប៉ុន្តែការចូលក្នុងបុណ្យផ្កានេះ បើយើងជួយ១០០ដុល្លារ យើងយកទៅជួយខែ្មរជាង១០លាននាក់។ ដូច្នេះបុណ្យនេះគឺថា បានច្រើនលើសលុប បើប្រៀបធៀបទៅនឹងបុណ្យដ៏ទៃទៀត។ ដូច្នេះបានជាខ្ញុំសុំ អស់លោកទាំងអស់ នាំគ្នាជួយ ដើម្បីយកថវិកាទៅជួយសកម្មជនរបស់គណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសដើម្បីធ្វើការឲ្យមានប្រសិទ្ធភាព»។
ក្នុងពេលជាមួយគ្នានោះដែរ ពីប្រទេសកូរ៉េខាងត្បូង លោក កឹម សុខា អនុប្រធានគណៈបក្សសង្គ្រោះក៏បាននិយាយតាមរយៈស្កែបជាមួយអ្នកយកព័ត៌មានរបស់វីអូអេ ដែលនៅកន្លែងបុណ្យផ្កានេះ ថា លោកមានការរីករាយដោយបានឃើញមានចលនាគាំទ្រពីគ្រប់ស្រទាប់មហាជន និងគ្រប់ទីកន្លែងនៅក្នុងប្រទេស និងបរទេសដល់គណបក្សសង្គ្រោះជាតិនេះ។
«សម្រាប់ខ្ញុំចាប់អារម្មណ៍ទី១ គឺស្មារតី។ ស្មារតីនៃការក្រោកឈរឡើងរបស់ប្រជាពលរដ្ឋខ្មែរ។ ហើយស្មារតីនៃការផ្តោតតម្រង់ចំទិសឥឡូវនេះ។ អម្បាញ់មិញនេះ ខ្ញុំក៏បានជួបខាងណូវ៉ែលហ្សេឡង់ដែរ កំពុងធ្វើបុណ្យផ្កាដែរ។ ប្រជាពលរដ្ឋខ្មែរយើងដោយឃើញចលនាសង្គ្រោះជាតិបង្រួបបង្រួមជាតិមក គាត់តម្រង់ទិសមករករឿងនយោបាយតាមរយៈការធ្វើបុណ្យដើម្បីកសាងប្រទេសជាតិនេះ កសាងតាមរយៈផ្លូវនយោបាយនេះ គឺជាស្មារតីភ្ញាក់រឭកមួយរឹងមាំណាស់ ហើយក៏ជាំស្មារតីលើកទឹកចិត្តដល់អ្នកតស៊ូនៅក្នុងប្រទេសយើងដើម្បីសង្គ្រោះជាតិផង ហើយក៏មិនមែនតែស្មារតីទេ គឺបានមកផ្តល់មធ្យោបាយដើម្បីជាស្ពានឆ្លងទៅរកសង្គ្រោះជាតិផង»។
ក្រៅពីប្រគេនចង្ហាន់ព្រះសង្ឃ ពិធីនេះក៏មានការថ្លែងសុន្ទរកថាអំណរគុណ និងសូត្រកំណាព្យផងដែរ។ តទៅនេះគឺការដកស្រង់ពីកំណាព្យរបស់លោក អ៊ុក ស៊ីផា ដែលជាអ្នកចូលរួមម្នាក់។
«ខ្មែរមិនយកខ្មែរជាសត្រូវ ទាំងក្នុងទាំងក្រៅរួមសាមគ្គី
វិញធ្លុងតែមួយមិនមែនពីរ នោះគឺសាមគ្គីឥតបែកបាក់។
ខ្មែរក្រោមខ្មែរលើខ្មែរកណ្តាល នាំគ្នាជ្រួលច្រាលខំធ្វើបុណ្យ
ញាប់ដៃញាប់ជើងមិនទម្រន់ មានឈ្មោះថាបុណ្យផ្កាសាមគ្គី។
ខ្មែររួមសាមគ្គីទើបខ្មែររស់ ដើម្បីរំដោះរដ្ឋកម្ពុជា
គឺពួកសត្រូវដែលជាមា កំពុងប្រហារជីវិតខ្មែរ។
នៅទីបញ្ចប់សូមជូនពរ សុខភាពបវរល្អប្រពៃ
ដល់បងប្អូនខ្មែរទាំងប្រុសស្រី ប្រាថ្នាអ្វីៗបានសម្រេច»។
ថវិកាដែលប្រមូលបាននៅកន្លែងបុណ្យនេះមានចំនួន ៣.០០០ ដុល្លារសហរដ្ឋអាមេរិក ហើយថវិកានៃមូលនិធិសង្គ្រោះជាតិរហូតមកដល់ពេលនេះប្រមូលបានសរុបប្រហែល២សែនដុល្លារសហរដ្ឋអាមេរិក។ អ្នករៀបចំកម្មវិធីបុណ្យសង្ឃឹមថា ការប្រមូលមូលនិធិសង្គ្រោះជាតិមិនចប់ត្រឹមពិធីបុណ្យសាមគ្គីសង្គ្រោះជាតិនេះទេ។