ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរក្រហម​នឹង​បើក​សវនាការ​អំពី​សុខភាព​លោក​អៀង សារី​


លោក​អៀង សារី​ អតីត​រដ្ឋមន្ដ្រី​ការបរទេស​និង​ជា​បងធំ​មាន​អំណាច​លំដាប់​ទី​បី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​
លោក​អៀង សារី​ អតីត​រដ្ឋមន្ដ្រី​ការបរទេស​និង​ជា​បងធំ​មាន​អំណាច​លំដាប់​ទី​បី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​
ភ្នំពេញ​៖ អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​នឹង​បើក​សវនាការ​ស្តីពី​កាយ​សម្បទា​របស់​លោក​អៀង សារី ​នៅ​ថ្ងៃទី៧វិច្ឆិកា​ខាងមុខ​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​ពី​លទ្ធភាព​របស់​ជន​ជាប់ចោទ​រូប​នេះ​ក្នុង​ការ​ចូល​រួមការ​ដំណើរ​ការ​ក្តី។​
លោក​អៀង សារី​ត្រូវ​បាន​នាំចូល​មន្ទីរពេទ្យ​អស់​រយៈ​ពេល​ជិត​ពីរ​ខែ​មក​ហើយ​ ចាប់តាំង​ពី​ដើម​ខែ​កញ្ញា​មក។ ​ជន​ជាប់ចោទ​អាយុ​៨៧​ឆ្នាំ​រូបនេះ​មាន​ជំងឺ​ចុះ​ខ្សោយ​កម្លាំង​ខ្លាំង​និង​ហត់​ហេវ។​
កាលពី​ថ្ងៃទី២១​កញ្ញា​ ក្រុម​វេ​ជ្ជា​បណ្ឌិត​កម្ពុជា​បញ្ជាក់​ថា​ លោក​អៀង សារី​ត្រូវ​ការ​វះកាត់​ដើម្បី​ឲ្យ​មាន​ភាព​ប្រសើរ​ផ្នែក​សុខភាព​បាន​ឆាប់​រហ័ស។​ ប៉ុន្តែ​ការ​វះកាត់​នឹង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ជាច្រើន។​
យោងតាម​អនុសារណៈ​របស់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​កាលពី​ថ្ងៃទី​២៣តុលា​ដែល​វីអូអេ​សម្លេង​សហ​រដ្ឋ​អាមេរិក​ជា​ខេមរ​ភាសា​ទទួល​បាន​នៅថ្ងៃ​នេះ​ បាន​ឲ្យ​ដឹង​ថា​ អង្គ​ជំនុំជម្រះ​សាលា​ដំបូង​បាន​តែងតាំង​វេជ្ជ​បណ្ឌិត​កម្ពុជា​លោក​ឡោ វណ្ណ​ថារី ​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ដ្រ​និង​លោក​សាស្ដ្រាចារ្យ​ចន ខាំបែល​ ជន​ជាតិ​នូវ៉ែល ហ្ស៊េ​ឡង់ ​ឯកទេស​ខាង​ជំងឺ​មនុស្ស​ចាស់​ ឲ្យ​ត្រួត​ពិនិត្យ​ផ្នែក​វេជ្ជសាស្ដ្រ​លើ​លោក​អៀង សារី ​នៅ​ថ្ងៃទី៤​វិច្ឆិកា ​ហើយ​វេជ្ជបណ្ឌិត​ទាំង​ពីរ​រូប​ត្រូវ​ផ្តល់​សក្ខីកម្ម​ដល់​តុលាការ ​បី​ថ្ងៃ​ក្រោយ។​
លោក​នេត្រ ភក្ដ្រា ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម ​មាន​ប្រសាសន៍​ថា​ នៅថ្ងៃ​នោះ​ គេ​នឹង​ដឹង​តើជន​ជាប់​ចោទ​អាច​ចូលរួម​ការ​កាត់ទោស​បាន​របស់​ដែរឬ​យ៉ាង​ណា។​
«នៅ​ថ្ងៃទី៧​វិច្ឆិកា​ខាងមុខ​ យើង​នឹង​អាច​ដឹង​ថា​ តើ​កាយសម្បទា​និង​សុខភាព​បញ្ញា​សា្មរតី​របស់​លោក​អៀង សារី​អាច​ចូលរួម​សវនាការ​បាន​ដែរ​ឬ​យ៉ាង​ណា»។​
លោក​អាង ឧត្តម ​សហ​មេធាវី​កម្ពុជា​របស់​លោក​អៀង សារី ​ដែល​បាន​ចូល​ជួប​កូនក្តី​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​ សូវៀត​ បាន​បញ្ជាក់​ថា ​លោក​អៀង សារី​មិនមាន​ភាព​ប្រសើរ​នោះ​ទេ។​
«ទាល់តែ​យើង​និយាយ​មួយៗ​ ខ្លាំងៗ ​ហើយ​នៅ​ជិត​គាត់​ (ទើបគាត់ស្តាប់បាន)។​ ពេល​ជជែក​ជា​មួយ​គាត់ ​គាត់​ស​ម្រា​ន​រហូត។ ​គាត់​មិនដែល​ងើប​អង្គុយ​ផង។​ ដូចជា​មិន​ឃើញ​ប្រសើរ​ផង។​ ឃើញ​តែ​គាត់​ស​ម្រាន»។​
លោក​អៀង សារី​ អតីត​រដ្ឋមន្ដ្រី​ការបរទេស​និង​ជា​បងធំ​មាន​អំណាច​លំដាប់​ទី​បី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ត្រូវ​ចាប់ខ្លួន​យក​មក​កាត់ទោស​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០០៧​ជាមួយ​ប្រពន្ធ​របស់​គាត់​អៀង ធីរិទ្ធ​ទាក់ទង​នឹង​ការ​ស្លាប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាងតិច​១,៧​លាន​នាក់។ ​

ប្រពន្ធ​របស់គាត់​ត្រូវ​ដោះលែង​កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ ដោយសារ​តុលាការ​រក​ឃើញ​ថា ​គាត់​មាន​ជំងឺ​វង្វេង​វង្វាន់ ​បាត់បង់​ការចងចាំ​ មិនអាច​ចូលរួម​ការ​កាត់ទោស​បាន។​
ការចូល​ពេទ្យ​របស់​លោក​អៀង សារី​ និង​ការ​ដោះលែង​អៀង ធីរិទ្ធ​ធ្វើ​ឲ្យ​សំណុំ​រឿង​០០២​នៅសល់​ជនជាប់ចោទ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​មាន​វត្តមាន​ក្នុង​តុលាការ៕​
XS
SM
MD
LG